សារធាតុញៀន

គយថៃ បង្ក្រាបកញ្ឆាក្រៀម និងសារធាតុញៀនដែលឈ្មួញបង្កប់ក្នុងទូកុងតឺន័រត្រៀមនាំចេញបានរាប់តោន


ស្របពេលដែលរដ្ឋាភិបាលថៃ កំពុងវិលវល់ និងដោះស្រាយមិនចេញចំពោះច្បាប់គ្រប់គ្រង«កញ្ឆា» ពេលនេះភាពធូររលុង និងភាពទន់ខ្សោយ នៃប្រព័ន្ធត្រួតពិនិត្យតាមព្រំដែនរបស់ពួកគេបានលេចចេញនូវភស្តុតាងថ្មីមួយទៀតហើយ។
សារធាតុញៀន
ដោយ

កាលពីថ្ងៃពុធ ទី១៥ ខែកក្កដា អាជ្ញាធរគយប្រចាំកំពង់ផែដ៏ល្បី លែម ឆាបាំង (Laem Chabang) ក្នុងខេត្តឈុនប៊ុរី រួមជាមួយកម្លាំងបង្ក្រាបគ្រឿងញៀនរបស់ថៃ បានសហការគ្នាឆ្មក់ចូលឆែកឆេរទូកុងតឺន័រផ្ទុកទំនិញសង្ស័យចំនួន៣ ដែលវាជាសក្ខីកម្មថ្មីមួយទៀតបង្ហាញថា ថៃ កំពុងតែក្លាយជាឋានសួគ៌ និងជាច្រករត់ពន្ធគ្រឿងញៀនដ៏ធំ ដោយសារភាពមិនប្រក្រតី នៃការប្រកាសមុខទំនិញក្លែងបន្លំ ដើម្បីនាំចេញទៅក្រៅប្រទេស។
យោងតាមការចុះផ្សាយរបស់កាសែតក្នុងស្រុកថៃ Daily News Online លទ្ធផលនៃការឆែកឆេរទូកុងតឺន័រទាំង៣នោះបានបង្ហាញឱ្យឃើញពីល្បិចកលបោកប្រាស់ដ៏សាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាព ដោយនៅក្នុងទូកុងតឺន័រដំបូង ដែលមានគោលដៅនាំចេញទៅកាន់ប្រទេសតួកគី ម្ចាស់ទំនិញបានប្រកាសក្នុងឯកសារផ្លូវការថា ជាស្រោមដៃកៅស៊ូទម្ងន់សរុបប្រហែល១៨,០០០ គីឡូក្រាម។ ប៉ុន្តែនៅពេលបើកពិនិត្យជាក់ស្តែងបែរជាមានការលាក់បង្កប់កញ្ឆាក្រៀមដល់ទៅ១៧៥កញ្ចប់ធំ ដែលមានទម្ងន់សរុប៣៥០គីឡូក្រាមគិតជាតម្លៃប៉ាន់ស្មានប្រមាណជាង៣,៥លានបាត ឬជាង១០ម៉ឺនដុល្លារ។
ចំណែកឯទូកុងតឺន័រទី២ ដែលត្រៀមលក្ខណៈធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសហូឡង់ ត្រូវបានគេប្រកាសមុខទំនិញថា ជាស្រោមខ្នើយ និងសរសៃអំបោះ ទម្ងន់សរុបជាង៩តោន។ យ៉ាងណាមិញលទ្ធផលនៃការឆែកឆេរបានរកឃើញកញ្ឆាក្រៀមលាក់បង្កប់យ៉ាងរៀបរយចំនួន១,១៦០កញ្ចប់ធំមានទម្ងន់រហូតដល់១,១៦០គីឡូក្រាម ដែលមានតម្លៃប៉ាន់ស្មានប្រហែលជាង១១លានបាត ឬជាង៣៣ម៉ឺនដុល្លារ។
រីឯទូកុងតឺន័រទី៣ ដែលនាំចូលមកពីប្រទេសឥណ្ឌូនេស៊ី គឺរឹតតែបង្ហាញពីភាពគឃ្លើនទៅទៀត។ ក្នុងឯកសារនាំចូលបានប្រកាសច្បាស់ៗដោយមិនខ្លាចញញើតច្បាប់ថៃថា ជាម្សៅញៀនប្រភេទស្រាល ក្រៈថមចំនួន១,១២០កញ្ចប់ទម្ងន់សរុប ២៧,០០០គីឡូក្រាមមានតម្លៃប្រមាណជិត៣លានបាត ឬជិត៨ម៉ឺនដុល្លារ។ ទោះបីជាអ្នកនាំចូលបានសរសេរត្រង់ៗយ៉ាងណាក្តី ក៏ការនាំចូលនេះមិនមានលិខិតអនុញ្ញាតត្រឹមត្រូវតាមច្បាប់ឡើយ ដែលនេះបង្ហាញឱ្យឃើញថា ក្រុមឧក្រិដ្ឋជនមើលរំលង និងគ្មានភាពកោតក្រែងចំពោះប្រព័ន្ធច្បាប់របស់រដ្ឋាភិបាលថៃទាល់តែសោះក្នុងការយកថ្នាំញៀនទាំងនេះមកចែកចាយក្នុងប្រទេសដោយសេរី។
ការចាប់បានកញ្ឆា និងសារធាតុញៀនទាំងនេះគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះ។ មកទល់ពេលនេះប្រទេសថៃត្រូវបានសហគមន៍អន្តរជាតិដាក់ឈ្មោះឱ្យមិនផ្លូវការថា ជាប្រទេសស្តេចកញ្ឆា និងជាច្រករបៀងចែកចាយគ្រឿងញៀនសេរី។ កន្លងមក គ្រឿងញៀន និងកញ្ឆាក្រៀមរាប់ពាន់តោនត្រូវបានលួចលាក់បង្កប់នៅក្រោមទំនិញស្របច្បាប់គ្រប់ប្រភេទ ដើម្បីនាំចេញពីថៃទៅកាន់បណ្តាប្រទេសនានាជុំវិញពិភពលោកក្នុងតម្លៃរាប់ពាន់លានដុល្លារ។ ខណៈដែលរដ្ឋាភិបាលថៃ តែងតែអួតអាងពីវិធានការបង្ក្រាប ប៉ុន្តែបែរជាបណ្តោយឱ្យកេរ្តិ៍ឈ្មោះជាតិ បន្តធ្លាក់ចុះក្រោមស្លាកសញ្ញា នៃការសេរីភាវូបនីយកម្មកញ្ឆាដែលចុងក្រោយគ្មានសមត្ថភាពគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងថ្លៃថ្នូរនោះឡើយ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


តើការជួបវិបត្តិទីផ្សារទុរេនរបស់ម៉ាឡេស៊ី ដោយសារការដាំកើនលឿនជាង​តម្រូវការ វាជាសញ្ញាព្រមានសម្រាប់កម្ពុជា ឬយ៉ាងណា?

ប្រទេសម៉ាឡេស៊ី កំពុង​ប្រឈមនឹងវិបត្តិទីផ្សារទុរេនជាបណ្តើរៗហើយ បន្ទាប់ពីការផលិតក្នុងស្រុកកើនឡើងយ៉ាងឆាប់​រហ័ស ខណៈទីផ្សារចិន ដែលធ្លាប់ជាទី…

អាជ្ញាធរថៃ រកឃើញមនុស្សជាងកន្លះម៉ឺននាក់ជាប់ពិរុទ្ធក្នុងរឿងអាស្រូវទិញ-លក់ពិន្ទុក្នុងប្រឡងរើសមន្ត្រី

តើពាក្យថា រដ្ឋបាលស្អាតស្អំ និងមានតម្លាភាព ដែលរដ្ឋាភិបាលថៃ តែងតែលើកមកអួតអាងនោះ វាមានតម្លៃស្មើនឹងអ្វីទៅ? បើគ្រាន់តែរឿងប្រឡងជ្រើសរើសមន្ត្រីរដ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ