នៅក្នុងពិធីចុះហត្ថលេខានោះដែរលើកិច្ចព្រមព្រៀងនោះដែរ គឺធ្វើឡើងរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយ ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងការចុះហត្ថលេខារវាង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹងប្រធានអង្គការJICA ដោយមានវត្តមានសមេ្តច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ជាអធិបតី។ ចំពោះការចុះហត្ថលេខារវាង ឯកឧត្តមឧបនាយករដ្ឋនាយក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ជាមួយនឹង ឯកឧត្តម ម៉ាសាហ៊ីរ៉ូ មីកាមី ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសជប៉ុន គឺជាការផ្តល់ហិរញ្ញប្បទានដល់គម្រោងចំនួន០៥ រួមមាន ទី១ គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងតាខ្មៅត្រូវ ក្នុងទំហំទឹកប្រាក់ ៣០,៧ លានដុល្លារអាមេរិក ទី២គម្រោងសមាហរណកម្មការបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន ក្នុងទំហំទឹកប្រាក់ ៨,៩៧ លានដុល្លារអាមេរិក ទី៣ គម្រោងកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក្នុងទំហំទឹកប្រាក់២,៧លានដុល្លារអាមេរិក ទី៤ គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥(ស្ពានព្រែកក្តាម-ធ្លាម្អម) ក្នុងទំហំទឹក១០៨លានដុល្លារអាមេរិក និងគម្រោងទី៥ គម្រោងធ្វើអោយប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥(ធ្លាម្អម-ក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត) ដំណាក់កាលទី២ ក្នុងទំហំទឹកប្រាក់ប្រមាណ១៦២លានដុល្លារអាមេរិក។
ចំណែកការចុះហត្ថលេខារវាង ឯកឧត្តមឧបនាយរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយនឹង ឯកឧត្តម ស៊ូហ្គាណូ យូជី ប្រធានអង្គការJICAវិញ គឺជាកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន២កញ្ចាប់ សម្រាប់បន្ថែមដល់គម្រោងចំនួន២រួមមាន គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥(ស្ពានព្រែកក្តាម-ធ្លាម្អម) ក្នុងទំហំទឹក១០៨លានដុល្លារអាមេរិក និង គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥(ធ្លាម្អម-ក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត) ដំណាក់កាលទី២ ក្នុងទំហំទឹកប្រាក់ប្រមាណ១៦២លានដុល្លារអាមេរិក។
សម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ (ស្ពានព្រែកក្តាម-ក្រុងប៉ោយប៉ែត)ក្នុងក្របខ័ណ្ឌឥណទានសម្បទាន មានប្រវែងសរុប ៣៦៦គម ដោយនឹងត្រូវចំណយទឹកប្រាក់សរុបប្រមាណ ៨៤០លានដុល្លារអាមេរិក និងបែងចែកជា៣ផ្នែកធំៗរួមមាន ភាគខាងជើង(ក្រុងបាត់ដំបង-ក្រុងសិរីសោភ័ណ) ភាគខាងត្បូង (ស្ពានព្រែកក្តាម-ធ្លាម្អម) និងភាគកណ្តាល (ធ្លាម្អម-ក្រុងបាត់ដំបង និងក្រុងសិរីសោភ័ណ-ក្រុងប៉ោយប៉ែត)។
គួរជម្រាបថា ប្រទេសជប៉ុន តែងតែឈរនៅលំដាប់ជួរមុខក្នុងជួយដល់ប្រទេសកម្ពុជាលើគ្រប់វិស័យ ទោះបីប្រទេសរបស់ខ្លួនស្ថិតនៅស្ថានភាពលំបាកដោយសារជំងឺកូវីដ១៩នេះក៏ដោយ៕