គម្រោងទាញយកប្រេង Sakhalin-1

ប្រទេសជប៉ុនមានបំណងរក្សាភាគហ៊ុននៅក្នុងគម្រោងទាញយកប្រេង Sakhalin-1 នៅរុស្ស៊ី


រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុន លោក កយឈី ហាហ្គុយដា (Koichi Hagiuda) បាននិយាយក្នុងថ្ងៃចន្ទ ទី ៨ ខែ សីហាថា ប្រទេសជប៉ុនមានបំណងរក្សាភាគហ៊ុននៅក្នុងគម្រោងទាញយកប្រេង និង ឧស្ម័ន ក្នុងតំបន់អណ្ដូប្រេង Sakhalin-1 នៅក្នុងប្រទេសរុស្ស៊ី។ សេចក្តីប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រទេសរុស្ស៊ីបានហាមឃាត់ជាបណ្តោះអាសន្នចំពោះវិនិយោគិនលោកខាងលិច ពីការការលក់ភាគហ៊ុននៅក្នុងគម្រោងថាមពលសំខាន់ៗ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។
រុស្ស៊ីបានត្រៀមរួចរាល់ ក្នុងការផ្ទេរគម្រោងអភិវឌ្ឍន៍ប្រេង និងឧស្ម័ន Sakhalin-2 ទៅឱ្យប្រតិបត្តិករថ្មីហើយ

លោក Hagiuda ដែលជារដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ឧស្សាហកម្មបានប្រាប់សន្និសីទសារព័ត៌មានមួយថា គម្រោងទាញយកប្រេង និង ឧស្ម័ន Sakhalin-1 នៅក្នុង​ប្រទេសរុស្ស៊ី​បានរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើពិពិធកម្មការផ្គត់ផ្គង់​ថាមពលរបស់ប្រទេសជប៉ុន។ លោក Haguida បាននិយាយថា គម្រោង Sakhalin-1 គឺជាប្រភពផ្គត់ផ្គង់ថាមពល​ដ៏មានតម្លៃសម្រាប់ប្រទេសជប៉ុនបន្ទាប់ពីតំបន់​តំបន់មជ្ឈិមបូព៌ា ខណៈខ្លួនមានការពឹងផ្អែកលើតំបន់មជ្ឈិមបូព៌ា​សម្រាប់ការនាំចូលប្រេងឆៅចំនួន ៩០% រួចទៅហើយ។ លោក​បន្ត​ថា​ ជប៉ុននឹង​មិន​មាន​ការ​ផ្លាស់ប្តូរភាគហ៊ុនក្រុមហ៊ុន​ជប៉ុន​នៅក្នុង​គម្រោងនេះ​​នោះទេ ហើយនៅតែបន្ត​រក្សា​ផលប្រយោជន៍​របស់​ខ្លួន​នៅ​ក្នុងគម្រោងនេះដដែល​។ គួររំឭកថា រុស្ស៊ីបានហាមប្រាម​អ្នកវិនិយោគ​មកពី​ប្រទេសដែលបានប្រឆាំងនឹង​ទីក្រុងម៉ូស្គូ​​ជុំវិញ​​បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដោយជំរុញឱ្យលក់ភាគហ៊ុន និង គម្រោងថាមពល​សំខាន់ៗចេញពីទីក្រុងម៉ូស្គូ រួមទាំង គម្រោងទាយយកប្រេង និង ឧស្ម័ន Sakhalin-1 ត្រូវតែលក់ភាគហ៊ុនចេញ​នៅត្រឹម​ដំណាច់​ឆ្នាំនេះ​តែម្ដង ដើម្បីជាការឆ្លើយតប​ទៅនឹង​ការដាក់ទណ្ឌកម្មរបស់លោកខាងលិច។

គួរបញ្ចាក់ថា គម្រោងអភិវឌ្ឍន៍ប្រេង និង ឧស្ម័ន Sakhalin ដែលមាន ២ គម្រោង គឺ មានសម្ព័ន្ធក្រុមហ៊ុនជប៉ុន​បានកាន់កាប់​ភាគហ៊ុន ៣០% នៃគម្រោង Sakhalin-1 និង មានភាគហ៊ុន ២៧,៥% នៅក្នុងគម្រោង Sakhalin-2។ កាលពីថ្ងៃទី ២ ខែ សីហា គម្រោងឧស្ម័នធម្មជាតិរាវ Sakhalin-2 ដែលត្រូវបានសម្រេចផ្ទេរទៅឱ្យប្រតិបត្តករថ្មី រដ្ឋាភិបាលរុស្ស៊ីចេញសេចក្តីថ្លែងការណ៍ផ្តល់ឱ្យអ្នកវិនិយោគបរទេសនៅ​គម្រោងឧស្ម័នធម្មជាតិរាវ Sakhalin-2 មានរយៈពេល ១ ខែ ដើម្បីធ្វើការសម្រេចចិត្ត​លើភាគហ៊ុនរបស់ពួកគេ ថាតើគួរបន្តរក្សារភាគហ៊ុននៅក្នុងគម្រោងថ្មី ឬ ត្រូវលក់ភាគហ៊ុនចេញ។  ក្នុងនោះ វិនិយោគិនបរទេស ដែលមានភាគហ៊ុនក្នុងគម្រោង Sakhalin-2 រួមមាន ក្រុមហ៊ុន Shell ដែលជារបស់ចក្រភពអង់គ្លេសមានភាគហ៊ុន ២៧,៥% និង ក្រុមហ៊ុនរបស់ជប៉ុន គឺ Mitsui & Co មានភាគហ៊ុន ១២,៥% និង ក្រុមហ៊ុន Mitsubishi Corp កាន់កាប់ ១០%។

លោក Hagiuda បានរំលឹកឡើងវិញថា ប្រទេសជប៉ុនមានបំណងចង់ឱ្យពាណិជ្ជកម្មរបស់ជប៉ុនរក្សាភាគហ៊ុននៅក្នុង Sakhalin-2 ផងដែរ។ លោក Hagiuda បាននិយាយថា លោកនឹងត្រូវពិចារណាវិធានការជាក់លាក់បន្ទាប់ពីបានបញ្ជាក់ពីព័ត៌មានលម្អិតនៃការសម្រេចចិត្តរបស់រុស្ស៊ី ដោយសារគោលការណ៍ជាមូលដ្ឋានស្តីពីការរក្សាភាគហ៊ុនដើម្បីចាប់ផ្តើមនីតិវិធីសម្រាប់ការផ្លាស់ប្តូរទៅជាអង្គភាពថ្មីគឺត្រូវតែបំពេញតាមលក្ខខណ្ឌរបស់រុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មជប៉ុនរូបនេះ បានអះអាងថា វិស័យសាធារណៈ និង ឯកជននឹងធ្វើការរួមគ្នាដើម្បីធានាឱ្យមានស្ថិរភាពនៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិពីរុស្ស៊ីទៅកាន់ប្រទេសជប៉ុន៕




អត្ថបទបន្ទាប់


តម្លៃប្រេងបន្ដធ្លាក់ចុះចំពេលមានការព្រួយបារម្ភអំពីការធ្លាក់ចុះសេដ្ឋកិច្ច និងកំណើនយឺតនៃតម្រូវការពីប្រទេសចិន

តម្លៃប្រេងបានធ្លាក់ចុះក្នុងថ្ងៃច័ន្ទ ទី ៨ ខែ សីហា ជិតដល់កម្រិតទាបបំផុតបើធៀបក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ ដោយសារការភ័យខ្លាចនៃការធ្លាក់ចុ…

ព្រឹទ្ធសភាអាមេរិកអនុម័តច្បាប់ស្ដីពីការប្រែប្រួលអាកាសធាតុ ពន្ធ និងសុខភាព ជាមួយនឹងកញ្ចប់ចំណាយ ៤៣០ពាន់លានដុល្លារ

បន្ទាប់ពីបានចរចាគ្នារយៈពេល ១៨ ខែ និងការជជែកដេញដោលគ្នាយ៉ាងតឹងតែង នៅទីបំផុតព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអាទិត្យ ទី៧ សីហា បានសម្រេចអនុម័តច្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ