បន្ទាប់ពីជំនួបទ្វេភាគីនៃប្រទេសទាំងពីរនៅទីក្រុងញូវដេលី នាយករដ្ឋមន្ត្រីជប៉ុន Kishida បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានរួមមួយថា មេដឹកនាំទាំងពីរបានយល់ស្របគ្នាថា សង្គ្រាមនៅអ៊ុយក្រែនត្រូវតែដោះស្រាយដោយឈរលើច្បាប់អន្តរជាតិ។ យ៉ាងណាមិញគេសង្កេតឃើញប្រធានាធិបតីឥណ្ឌាលោក Modi មិនបានហៅ សកម្មភាពរុស្ស៊ី ថាជាការឈ្លានពាន លើអ៊ុយក្រែននោះទេ អំឡុងពេលសន្និសីទសារព័ត៌មាននោះ។
កិច្ចពិភាក្សារវាងប្រទេសធំៗនៅអាស៊ីទាំងពីរនេះ បានបានរៀបចំឡើងនៅគ្រា ដែលជប៉ុនកំពុងព្យាយាមបញ្ចុះបញ្ចូលឲ្យឥណ្ឌា ចូលរួមជាមួយសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសដទៃទៀតក្នុងការថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលបានចាប់ផ្តើមឡើងកាលពីថ្ងៃទី២៤ខែកុម្ភៈ។ ឥណ្ឌាដែលមានទំនាក់ទំនងជិតស្និទ្ធ និងជាសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្ររបស់រុស្ស៊ី មិនបានថ្កោលទោសអំពើឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនឡើយ ជាក់ស្តែង កាលពីដើមខែមីនា ឥណ្ឌាជាប្រទេសមួយក្នុងចំណោមប្រទេសទាំង៣៥ ដែលបានបោះឆ្នោតអនុប្បវាទអំឡុងសេចក្តីសម្រេចមហាសន្និបាតអង្គការសហប្រជាជាតិ ទាមទារឲ្យរុស្ស៊ីដកទ័ពពីអ៊ុយក្រែនជាបន្ទាន់។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សា ប្រទេសទាំងពីរបានបង្ហើបពីការព្រួយបារម្ភខ្លះៗដែរ អំពីជម្លោះដែលកំពុងបន្តមាន និងអំពីវិបត្តិមនុស្សធម៌ នៅក្នុងប្រទេសអ៊ុយក្រែន ហើយបានជំរុញឱ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា។ ប៉ុន្តែ យ៉ាងណា គេមិនបាននិយាយចំៗសំដៅទៅលើប្រទេសរុស្ស៊ីដោយផ្ទាល់នោះទេ។
ក្រៅពីបញ្ហានៅអ៊ុយក្រែន សមភាគីទាំងពីរក៏បានអះអាងជាថ្មីនូវចក្ខុវិស័យរបស់ពួកគេចំពោះសេរីភាព និងការបើកចំហ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ចំពេលមានការភ័យខ្លាចថា ការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនអាចធ្វើឱ្យចិនកាន់តែបានដៃនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ខណៈពេលដែលសង្គ្រាមនៅអ៊ុយក្រែននៅបន្តអូសបន្លាយ ការវាយប្រហាររបស់ទីក្រុងមូស្គូក៏ មានកាន់តែខ្លាំងឡើង ជាមួយនឹងការទម្លាក់គ្រាប់បែកដែលមិនរើសមុខ បានបន្ថែមការរងគ្រោះដល់ជនស៊ីវិលកាន់តែច្រើន។
ប្រជាជនអ៊ុយក្រែន ដែលបង្ខំចិត្តចាកចេញពីផ្ទះរបស់ពួកគេបានកើនឡើងដល់ជិត ១០លាននាក់ ខណៈដែលមនុស្សជិត ៦លាន៥សែននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងប្រទេសរកកន្លែងមានសុវត្ថិភាព ហើយជាង៣លាននាក់ទៀតបានភៀសខ្លួនទៅប្រទេសក្បែរខាង។ នេះបើយោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុកហៅកាត់ថា IOM និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន៕