សារព័ត៌មាន Nikkei បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុន កំពុងជំរុញកិច្ចខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលរដ្ឋការសហរដ្ឋអាម៉េរិកបច្ចុប្បន្នឱ្យគាំទ្រលើគម្រោងសំខាន់ៗ ជាច្រើន និងកំពុងរៀបចំទីប្រឹក្សាដើម្បីសិក្សា និងដាក់ចេញនូវគោលនយោបាយយ៉ាងទូលំទូលាយ ដើម្បីរុករកទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចជាមួយនឹងសហរដ្ឋអាម៉េរិក ខណៈដែលលទ្ធភាពនៃការវិលត្រឡប់មកសេតវិមានរបស់លោក ដូណាល់ ត្រាំ កាន់តែលេចឡើង ហើយពិបាកនឹងស្មានទុក។
នៅក្នុងស្ថានភាពនេះមានសេចក្តីរាយការណ៍ថា ស្ថានទូតជប៉ុន នៅទីក្រុងវ៉ាស៊ីនតោន បានសម្រេចប្រើប្រាស់ក្រុមហ៊ុនចរចារ និងហ៊ុនប្រឹក្សា៣បន្ថែមទៀត ដើម្បីដំណើរការទម្រង់ការទ្រទ្រង់ និងជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការវាងជប៉ុននិងអាម៉េរិក។
ក្រុមហ៊ុនទាំងបីនោះគឺរួមមានក្រុមហ៊ុន Ballard Partners ដែលជាក្រុមហ៊ុនបញ្ចុះបញ្ចូលដែលមានមូលដ្ឋាននៅរដ្ឋផ្លរីដា ដែលជិតស្និទ្ធនឹងលោក ដូណាល់ ត្រាំ។ ក្រុមហ៊ុន theGROUP D.C. ដែលជាក្រុមហ៊ុនមានទំនាក់ទំនងស្និទបំផុតនឹងសភាតំណាងរាស្រ្តអាម៉េរិក និងក្រុមហ៊ុន West Wing Writers ដែលជាក្រុមហ៊ុនសរសេរសុន្ទរកថាដែលបង្កើតឡើងដោយអតីតប្រធានាធិបតី បៀល គ្លីនតុន។
ប្រភពដដែលបានឲ្យដឹងថា ដើម្បីធានាប្រក្រតីភាពនៃទំនាក់ទំនងរវាងជប៉ុននិងអាម៉េរិក ស្ថានទូតជប៉ុននៅសហរដ្ឋអាម៉េរិក ត្រូវបានគេដឹងថា នឹងប្រើប្រាស់ក្រុមហ៊ុនឯកជនដែលមានជំនាញខាងបញ្ចុះបញ្ចូល និងសម្របសម្រួលនេះសរុបប្រមាណជា២០ក្រុមហ៊ុន ជាហេតុនាំឱ្យជប៉ុន បានចំណាយថវិកាជាតិជះទៅលើក្រុមហ៊ុនទាំងនេះនៅក្នុងឆ្នាំ២០២៣ ប្រមាណជាជាង៤៩លានដុល្លារកើនឡើងដល់ទៅជាង១៣% បើធៀបនឹងឆ្នាំ២០២២ ហើយធៀបនឹងឆ្នាំ២០១៩ គឺកើនឡើងជាង២៨% ហើយបើធៀបនឹងឆ្នាំ២០១៥ គឺកើនឡើងដល់ទៅជាង៨២%៕
ដោយ: តែម សុខុម