ក្រោយពី ដើរតួជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំយន្ដហោះ សម្រាប់ការផលិតយន្ដហោះ ប្រភេទ Boeing អស់រយៈពេលជាយូរឆ្នាំមក ពេលនេះ អ្វីដែលជាមហិច្ឆតា ផលិតយន្ដហោះ របស់ក្រុមហ៊ុនជប៉ុន Mitsubishi Heavy គឺបានសម្រេចហើយ។
នារយៈពេល ជាង១ ទសវត្សរ៍ មកនេះ ក្រុមហ៊ុនជប៉ុននេះ បានចំណាយប្រមាណ ២ពាន់លានដុល្លារអាមេរិក ក្នុងប្រតិបត្តិការផលិតយន្ដហោះរបស់ខ្លួន។ បច្ចុប្បន្ន ក្រុមហ៊ុននេះ ក៏កំពុងតែស្វែងរកដៃគូរដែលជាក្រុមហ៊ុនហោះហើរ និងចាប់ផ្ដើមដំបូង គឺចាប់ដៃគូជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA Holdings Inc។
តាមសារព័ត៌មាន Bloomberg ដែលបានផ្សាយនាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនជប៉ុន Mitsubishi Heavy Industries Ltd ដែលជាក្រុមហ៊ុនផលិតយន្ដហោះដឹកអ្នកដំណើរ ដំបូងគេមួយរបស់ជប៉ុនកំពុងចាប់ផ្ដើមបោះពួយជើងហើបផុតពីដី ទៅលើអាកាសជាលើកដំបូង ក្រោយពីក្រុមហ៊ុននេះ បានបើករោងចក្រផលិតយន្ដហោះ តាំងតែពីទសវត្សរ៍ឆ្នាំ៦០ មកម្លេះ ដែលគិតទៅ គឺមានរយៈពេលជាង៥០ឆ្នាំមកហើយ។
ជើងហោះហើរលើកដំបូងរបស់យន្ដហោះរបស់ក្រុមហ៊ុន ជប៉ុន Mitsubishi Heavy Industries Ltd បានសាកល្បងហោះហើរ នៅទីក្រុង Moses Lake នៃរដ្ឋ Washington សហរដ្ឋអាមេរិក ហើយក្រុមហ៊ុននេះ បានចាប់ផ្ដើមទទួលបានសិទ្ធិហោះហើរប្រភេទយន្ដហោះ Boeing និង Airbus SE។
សារព័ត៌មាន Travel Daily Media បានផ្សាយដែរថា ក្រុមហ៊ុនជប៉ុនផលិតយន្ដហោះនេះ មានបំណងនឹងបញ្ចេញលក់យន្ដហោះ របស់ខ្លួនលើកដំបូង នៅពាក់កណ្ដាលឆ្នាំ២០២០ខាងមុខនេះហើយ បន្ទាប់ពីក្រុមហ៊ុននេះ បានពន្យាពេលម្ដងហើយម្ដងទៀត ក្នុងការបញ្ចេញលក់យន្ដហោះរបស់ខ្លួន បើសរុបទៅ គឺ៥ លើកមកហើយ ពោលគឺតាំងពីឆ្នាំ ២០១៣ មកម្លេះ ដោយសារតែមានការកែប្រែការរៀបចំការរចនាផ្សេងៗ។
ប្រភពព័ត៌មានពី Bloomberg បានបញ្ជាក់ដែរថា មានទីក្រុងកាន់តែច្រើន ក្នុងតំបន់អាស៊ី និងអឺរ៉ុប កំពុងស្វែងរកការតភ្ជាប់ជាមួយគ្នា រួមទាំងបណ្ដាញការធ្វើដំណើរផ្លូវអាកាសសកលផងដែរ ហើយវត្តមាន របស់យន្ដហោះដឹកអ្នកដំណើរក្រុមហ៊ុន Mitsubishi Heavy នេះ នឹងចូលខ្លួនមកបំពេញតម្រូវការនេះ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុនផលិតយន្ដហោះ Boeing Co ត្រូវបានគេរាយការណ៍មកថា នឹងទិញចំណែក៨០% នៃប្រតិបត្តិការពាណិជ្ជកម្ម របស់ក្រុមហ៊ុន Embraer SA ក្រោមរូបភាពជាការបណ្ដាក់ទុនរួមគ្នា (Joint Venture)។ ផ្ទុយពីនេះ ក្រុមហ៊ុន Bombardier Inc បានលក់សិទ្ធិគ្រប់គ្រងរបស់ខ្លួន លើ គម្រោងផលិតយន្ដហោះ ប្រភេទ C Series ទៅឲ្យ ក្រុមហ៊ុន Airbus SE ហើយ កំពុងស្វែងរកជម្រើសយុទ្ធសាស្ត្រ សម្រាប់ប្រតិបត្តិការយន្ដហោះក្នុងតំបន់។ ក្រុមអ្នកវិភាគ មើលឃើញថា ស្ថិតក្នុងបរិការណ៍នេះ ការចូលខ្លួនមកប្រជែងទីផ្សាររបស់យន្ដហោះ ផលិតដោយក្រុមហ៊ុនជប៉ុន Mitsubishi Heavy នាពេលនេះ គឺជាពេលវេលាត្រឹមត្រូវណាស់។
គួរបញ្ជាក់ថា ក្រុមហ៊ុន Mitsubishi Heavy មិនមែនជាក្រុមហ៊ុនផលិតយន្ដហោះទី១ នៅអាស៊ីនោះទេ ដែលអាចផលិតយន្ដហោះ ក្នុងតម្លៃទាប និងមានគុណភាព។ តួយ៉ាង ក្រុមហ៊ុន ចិន Commercial Aircraft Corp ដែលត្រូវបានគេស្គាល់ថា Comac ក៏មានសេវាថ្មីផលិតយន្ដហោះក្នុងតំបន់ ខណៈដែលក្រុមហ៊ុន កូរ៉េខាងត្បូង Korea Aerospace Industries Ltd ក៏កំពុងសិក្សា លើការអភិវឌ្ឍយន្ដហោះ ដែលអាចដឹកអ្នកដំណើរបាន១០០នាក់ផងដែរ៕