នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បាននិយាយនៅថ្ងៃអង្គារនេះ លោកបានស្នើឱ្យក្រុមហ៊ុន តេបកូ (Tepco) រៀបចំឱ្យបានឆាប់រហ័សសម្រាប់ការបង្ហូរទឹកនេះដើម្បីឱ្យស្របតាមផែនការដែលបានអនុម័តដោយអាជ្ញាធរគ្រប់គ្រងនុយក្លេអ៊ែរ ហើយរំពឹងថាការបញ្ចេញទឹកនេះនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែសីហាជាពេលដែលមានអាកាសធាតុល្អ។
ការប្រកាសនេះបានធ្វើឡើងនៅពេលមួយថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបាននិយាយថា រដ្ឋាភិបាល បាន«ស្វែងយល់មួយកម្រិត»ពីឧស្សាហកម្មនេសាទជុំវិញការបង្ហូរទឹកនេះ ទោះជាក្រុមនេសាទនិយាយថាពួកគេនៅតែខ្លាចខូចកេរ្តិ៍ឈ្មោះដែលនឹងប៉ះពាល់ជីវភាពរបស់ពួកគេក៏ដោយ។
លោក គីស៊ីដា បាននិយាយកាលពីថ្ងៃចន្ទថា លោកបានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងទទួលខុសត្រូវទាំងស្រុងក្នុងការធានាឱ្យឧស្សាហកម្មនេសាទអាចបន្តការចិញ្ចឹមជីវិតរបស់ពួកគេទៅមុខទៀតបានទោះជាផែនការនេះនឹងបន្តក្នុងពេលជាច្រើនទសវត្សរ៍ទៀតក៏ដោយ។
ប្រទេសជប៉ុនបាននិយាយថា ការបង្ហូរទឹកចូលទៅក្នុងសមុទ្រនេះគឺមានសុវត្ថិភាព ហើយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដែលជាអ្នកឃ្លាំមើលនុយក្លេអ៊ែររបស់សហប្រជាជាតិក៏បានបំភ្លឺពីផែនការនេះកាលពីខែកក្កដាដែរថា ផែនការនេះបានបំពេញតាមស្តង់ដារអន្តរជាតិ ហើយថាផលប៉ះពាល់ដែលវានឹងមានលើមនុស្ស និងបរិស្ថានគឺ«តិចតួចបំផុត»។
មិនត្រឹមពលរដ្ឋជប៉ុនទេដែលរិះគន់ផែនការនេះសូម្បីតែប្រទេសជិតខាងជប៉ុនមួយចំនួនក៏បានសម្តែងការសង្ស័យពីសុវត្ថិភាពនៃការបញ្ចេញទឹកនេះដែរដោយទីក្រុងប៉េកាំងបានចេញមុខរិះគន់ខ្លាំងជាងគេបំផុត។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនប៊ីន (Wang Wenbin) បាននិយាយកាលពីខែកក្កដាថា ជប៉ុនបានបង្ហាញភាពអាត្មានិយម និងក្រអឺតក្រទម ហើយមិនបានពិគ្រោះជាមួយសហគមន៍អន្តរជាតិទាំងស្រុងពីការបញ្ចេញទឹកនេះឡើយ។
ប្រទេសចិនបានហាមឃាត់ការនាំចូលអាហារសមុទ្រពីខេត្តចំនួន១០នៅប្រទេសជប៉ុនរួមទាំងទីក្រុងហ្វូគូស៊ីម៉ា និងរាជធានីតូក្យូផងដែរ។ ការនាំចូលអាហារសមុទ្រពីខេត្តផ្សេងៗទៀតត្រូវបានអនុញ្ញាតជាធម្មតាប៉ុន្តែត្រូវតែឆ្លងកាត់ការធ្វើតេស្តជាតិវិទ្យុសកម្ម និងមានភស្តុតាងថា អាហារទាំងនេះត្រូវបានផលិតនៅខាងក្រៅខេត្តជាប់បម្រាមទាំង១០នេះ។
ចំណែកសកម្មជនកូរ៉េខាងត្បូងក៏បានតវ៉ាប្រឆាំងផែនការនេះដែរប៉ុន្តែរដ្ឋាភិបាលក្រុងសេអ៊ូលបានធ្វើការសន្និដ្ឋានពីការសិក្សារបស់ខ្លួនថា ការបញ្ចេញទឹកនេះត្រូវតាមស្តង់ដារអន្តរជាតិ និងបាននិយាយថា ខ្លួនគោរពតាមការវាយតម្លៃរបស់ទីភ្នាក់ងារ IAEA ៕