ជំនួយជប៉ុន​សម្រាប់ភូមា

ជប៉ុនព្រមានឈប់ផ្តល់ជំនួយទាំងអស់ឲ្យភូមា ប្រសិនស្ថានការណ៍មិនប្រសើរឡើង


ប្រមុខរដ្ឋាភិបាលប្រទេសជប៉ុន បានព្រមានកាត់ផ្តាច់ជំនួយអភិវឌ្ឍទាំងអស់តែម្តង សម្រាប់ប្រទេសភូមា ប្រសិនបើស្ថានការណ៍ក្នុងប្រទេសមួយនេះមិនមានភាពប្រសើរឡើងនោះទេ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ជប៉ុនព្រមានឈប់ផ្តល់ជំនួយទាំងអស់ឲ្យភូមា ប្រសិនស្ថានការណ៍មិនប្រសើរឡើង (រូបភាព៖ France 24)
ដោយ

រដ្ឋមន្ត្រីការបរទេសជប៉ុនលោក​ តូស៊ីមីស៊ុ ម៉ូតេជី (Toshimitsu Motegi) បានព្រមានថា៖ ប្រសិនបើស្ថានការណ៍នៅភូមាមិនមានភាពធូរស្រាល ឆ្លើយតបតាមការអំពាវនាវ​របស់មជ្ឈដ្ឋាន​អន្តរជាតិនោះទេ រដ្ឋាភិបាលក្រុងតូក្យូ​អាចនឹងផ្តាច់ជំនួយអភិវឌ្ឍទាំងអស់ដល់ភូមាតែម្តង។ លោកបានសង្កត់ធ្ងន់ថា សូម្បីតែការវិនិយោគជប៉ុននៅភូមាក៏នឹងមិនអនុញ្ញាតឲ្យមានដែរ។

ត្រូវបានស្រង់សំដីដើមដោយកាសែតជប៉ុន និងត្រូវចុះផ្សាយបន្តដោយ Reuters លោកម៉ូតេជីបាននិយាយថា៖ «ប្រទេសជប៉ុនមិនចង់ធ្វើបែបនោះឡើយ ប៉ុន្តែបញ្ហានេះ​ត្រូវតែបញ្ជាក់ឱ្យច្បាស់ថា វានឹងមានផលវិបាក ប្រសិនបើភូមានៅបន្តស្ថិតក្នុងស្ថានភាពបែបនោះ»។

គួរកត់សម្គាល់ថា ជប៉ុនជាប្រទេសម្ចាស់ជំនួយដ៏សំខាន់មួយរបស់ប្រទេសភូមា រីឯក្រុមហ៊ុនវិនិយោគជប៉ុនធំៗ បានពង្រីកអាជីវកម្មយ៉ាងគំហុកនៅភូមាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានមើលឃើញថាភូមាជាទីផ្សារដ៏មានសក្តានុពលមួយនៅអាស៊ីអាគ្នេយ៍។ 

យ៉ាងណាក៏ដោយចុះ ការប្រកាសចង់ផ្តាច់ជំនួយដល់ភូមារបស់ជប៉ុនក្នុងពេលនេះ កំពុងក្លាយជាក្តីព្រួយបារម្ភ ថាភូមារិតតែបង្កើនចំណងទាក់ទងល្អនឹងប្រទេសចិនថែមទៀត គ្រាដែលចិនជារឿយៗត្រូវបានគេចោទប្រកាន់ថាបាននៅពីក្រោយរបបសឹកភូមា។

គួរបញ្ជាក់ដែរថា គិតចាប់តាំងពីមានបាតុកម្មប្រឆាំង យោធាដែលបានធ្វើរដ្ឋប្រហារនៅកាលពីខែកុម្ភៈរួចមកមាន មនុស្សជាង៨០០នាក់ហើយបានស្លាប់ដោយការបង្រ្កាបពីប៉ូលីស ខណៈដែរមនុស្ស៤ពាន់នាក់ទៀតកំពុងជាប់ឃុំ។ ចំណែក​ឯមេដឹកនាំស៊ីវិល មកពីគណបក្សលោកស្រីស៊ូជី ជាច្រើនបានភៀសខ្លួនទៅក្រៅប្រទេស និងអ្នកឯទៀត ដូចជាលោកស្រីស៊ូជីជាដើមត្រូវបានគេចាប់​ និងឃុំខ្លួននៅក្នុងផ្ទះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺនៅត្រង់ថា ប្រមុខ​យោធា​ភូមា​បានចេញមកអះអាង កាលពីពេលថ្មីនេះថា ​លោក​ស្រី​ អ៊ុងសាន​ ស៊ូជី​ មាន​សុខភាព​ល្អ​ធម្មតា ហើយ​នឹង​ត្រូវ​បង្ហាញខ្លួន​នៅតុលាការ​ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃខាងមុខនេះ​។

មកទល់ពេលនេះ​ មាន​រយៈពេល​ជិត​ ៤ខែហើយ​ដែល​លោកស្រី ស៊ូជី​ ត្រូវបាន​គេ​ឃុំ​ឃាំង​នៅក្នុងផ្ទះ​ ឯក្រុង​ណៃពិដោ​។ លោកស្រី​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ជួប​នរណា​ម្នាក់​បានឡើយ​។ ចំណែក​ឯមេធាវី​របស់​លោកស្រីវិញ អាច​បាន​ត្រឹម​ឃើញ​លោកស្រី​ តាម​វីដេអូខុនហ្វេរិនស៍​ នៅក្នុង​អង្គសវនាការ​តុលាការ​តែ​ប៉ុណ្ណោះ​៕​

None



អត្ថបទបន្ទាប់


អឺរ៉ុប និងចិនបន្តប៉ះសម្ដីគ្នាកាន់តែខ្លាំងជុំវិញកិច្ចព្រៀងពាណិជ្ជកម្មទ្វេភាគី ដែលត្រូវពន្យារពេល

ប្រទេសចិន និងអឺរ៉ុប ដែលជាដៃគូពាណិជ្ជកម្មរកស៊ីធំជាមួយគ្នាផង និងជាគូប្រជែងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយផងនោះ ថ្មីៗនេះកំពុងបន្ដប៉ះព…

ការចែករំលែកទុក្ខលំបាកក្នុងសហគមន៍ជួយឱ្យលោក អ៊ែល ម៉ាត់ ជាប់វគ្គផ្តាច់ព្រ័ត្រនៃ កម្មវិធីពាន់រង្វាន់ពលរដ្ឋគំរូ Smart

ការជួយមនុស្សចាស់ជរា កុមារកំព្រា ស្រ្តីមេមាយ និងសហគមន៍មូលដ្ឋាន គឺជាអំពើល្អដែលជួយឱ្យលោក អ៊ែល ម៉ាត់ ត្រូវបានជ្រើសតាំងជាបេក្ខជនមួយរូបក្នុងក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ