យោងតាមក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Teikoku Databank បានឱ្យដឹងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ មានក្រុមហ៊ុនជប៉ុន ត្រឹមតែជាង១០,១១៨ក្រុមហ៊ុនប៉ុណ្ណោះ ដែលកំពុងប្រតិបត្តិការនៅចិន។ ចំនួននេះធ្លាក់ចុះ២២% បើធៀបនឹងឆ្នាំ២០២៤ និងធ្លាក់ចុះប្រហែល៣០% បើធៀបនឹងកម្រិតកំពូលក្នុងឆ្នាំ២០១២។ ក្នុងរយៈពេល២ឆ្នាំកន្លងមក ក្រុមហ៊ុនជប៉ុនចំនួន៤,១៣៧ក្រុមហ៊ុនបានដកខ្លួនចេញពីទីផ្សារចិនទាំងស្រុង ខណៈមានតែ១,២២១ក្រុមហ៊ុនប៉ុណ្ណោះ ដែលបានចូលទីផ្សារចិន។
អ្នកវិភាគបានលើកឡើងថា មូលហេតុមិនមែនមានតែបញ្ហាសេដ្ឋកិច្ចនោះទេ ពោលគឺវាក៏បណ្ដាលមកពីទំនាក់ទំនងជប៉ុន-ចិនកាន់តែតានតឹង ជាពិសេសជុំវិញបញ្ហាកោះតៃវ៉ាន់។ ជាមួយគ្នានេះក្រុមហ៊ុនជប៉ុន ក៏កំពុងប្រឈមហានិភ័យពន្ធគយ ថ្លៃពលកម្ម និងថ្លៃផលិតកម្មកើនឡើង ព្រមទាំងការប្រកួតប្រជែងកាន់តែខ្លាំងពីក្រុមហ៊ុនក្នុងស្រុករបស់ចិន។
ក្តីបារម្ភផ្នែកសន្តិសុខ ក៏កំពុងកើនឡើងផងដែរ ដោយជនជាតិជប៉ុនមួយចំនួនរួមទាំងអ្នកជំនួញ និងនាយកប្រតិបត្តិក្រុមហ៊ុនត្រូវបានរាយការណ៍ថា ត្រូវបានឃុំខ្លួននៅចិននៅក្នុងឆ្នាំនេះ។ ទន្ទឹមនេះ ក្រុមហ៊ុនជប៉ុនកំពុងបង្វែរការផ្តោតកាន់តែខ្លាំងទៅកាន់ទីផ្សារអាម៉េរិក។ ចំណែកឯប្រាក់ចំណេញបានពីចិន បានធ្លាក់ពីប្រហែល២៣% ក្នុងឆ្នាំ២០២០ មកនៅក្រោម១៥% នៅឆ្នាំនេះ ខណៈចំណែកពីអាម៉េរិក បានកើនដល់ប្រហែល៣៥%៕
ដោយ: តែម សុខុម