ក្រុមហ៊ុនផលិតសំបកកង់ Bridgestone នឹងប្រើប្រាស់នូវការដំណើរការកែច្នៃបែបគីមី បំបែកសារធាតុសំបកកង់ ទៅជាកម្រិតម៉ូលេគុលសម្រាប់ប្រើប្រាស់ឡើងវិញ។
ក្រុមហ៊ុន Bridgestone ជឿជាក់ថា ដំណើរការនេះនឹងអាចកែច្នៃសំបកកង់ឡើងវិញបានប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំ ឬស្មើនឹង ១០% នៃសំបកកង់ ដែលត្រូវបានបោះបង់ចោលក្នុងមួយឆ្នាំនៅប្រទេសជប៉ុន។
សូមជម្រាបថា កម្មវិធីស្រាវជ្រាវ និងអភិវឌ្ឍន៍នេះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុនប្រេងជប៉ុន Eneos Holdings។ ចំពោះគម្រោងស្រាវជ្រាវនេះដែរ ក្រុមហ៊ុន Bridgestone នឹងត្រូវចំណាយប្រហែល ១៣៤លានដុល្លារ រហូតដល់ឆ្នាំ២០៣០។
នៅឆ្នាំ២០២៤ ក្រុមហ៊ុននឹងចាប់ផ្តើមសាកល្បងកែច្នៃសំបកកង់ឡើងវិញ ប្រមាណ ២ ទៅ ៣ម៉ឺនតោន ដើម្បីកំណត់រកវិធីសាស្រ្តដែលមានប្រសិទ្ធភាពបំផុត ដើម្បីឈានដល់ការកែច្នៃឡើងវិញពេញលេញឱ្យបាននៅត្រឹមឆ្នាំ២០៣០។
យ៉ាងណាមិញ សំបកកង់ដែលកែច្នៃឡើងវិញនេះ នឹងមានតម្លៃថ្លៃជាងសំបកកង់ដែលផលិតថ្មីទៅទៀត ដោយសារក្រុមហ៊ុនត្រូវចំណាយបន្ថែមថ្លៃដើមនៃការកែច្នៃឡើងវិញ ដើម្បីបង្កើនអាយុកាល និងគុណភាពរបស់សំបកកង់។
យោងតាមសមាគមអ្នកផលិតសំបកកង់យានយន្តជប៉ុន ឱ្យដឹងថា សំបកកង់ដែលប្រើប្រាស់រួច ភាគច្រើនបំផុត គឺត្រូវបានដុតកម្ទេចចោល។ គេប៉ាន់ស្មានថា គ្រាន់តែសំបកកង់ធម្មតាមួយ គឺបានបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត ប្រមាណ ៣០០គីឡូក្រាមទៅក្នុងបរិយាកាស។ កាលពីឆ្នាំ ២០២១ ជប៉ុនបានប្រមូលយកចេញនូវសំបកកង់ចំនួន ៩១លានសំបកកង់ ពីរថយន្តដែលបានផ្លាស់ប្តូរសំបកកង់ថ្មី និងរថយន្តខូចៗ។ ក្នុងនោះមានតែ ១លានសំបកកង់ប៉ុណ្ណោះដែលយកទៅកែច្នៃឡើងវិញ។
តម្រូវការប្រើប្រាស់សំបកកង់ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងទៀត ដោយទីផ្សារសំបកកង់សកល នឹងឈានដល់ចំនួន ២២០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ កើនឡើង ៥០% ពីឆ្នាំ២០២១។ នេះបើរបាយការណ៍របស់ក្រុមហ៊ុនអាមេរិក Report Ocean៕
អត្ថបទ៖ នៅ សំភី