ការអះអាងយ៉ាងដូច្នេះ គឺធ្វើឡើងនៅក្នុងជំនួបរវាងតំណាង JETRO ជាមួយនឹងឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០។
លោក Masashiro Miyao ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ដែលនឹងត្រូវបញ្ចប់អណត្តិបេសកកម្មនៅកម្ពុជា នៅក្នុងខែតុលានេះ បានលើកឡើងថា ក្រុមហ៊ុនជប៉ុនមួយចំនួនមានបំណងផ្លាស់ប្ដូរទីតាំងរបស់ខ្លួនពីប្រទេសចិនមកបណ្ដាប្រទេសអាស៊ាន ដែលកម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសអទិភាពសម្រាប់វិនិយោគិនជប៉ុន។ ជាមួយនេះដែរ តំណាង JETRO ក៏បានគូសបញ្ជាក់ទៀតថា ក្រុមហ៊ុនជប៉ុនមួយចំនួនកំពុងតែមានការចាប់អារម្មណ៍ខ្ពស់លើវិស័យកសិកម្មនៅកម្ពុជា ជាពិសេសលើប្រភេទកសិផលសរីរាង្គសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅជប៉ុន និងគោលដៅដទៃទៀត ដែលផលិតផលសរីរាង្គមានតម្រូវការខ្ពស់។
ឯកឧត្តម ប៉ាន សូរស័ក្ដិបានស្វាគមន៍ និងជំរុញឱ្យវិនិយោគិនជប៉ុន មកបើកអាជីវកម្ម ឬរោងចក្រកែច្នៃផ្សេងៗនៅកម្ពុជា និងលើកទឹកចិត្តឱ្យមានការនាំចេញកសិផល ក៏ដូចជាផលិតផលកែច្នៃរបស់កម្ពុជាបន្ថែមទៅប្រទេសជប៉ុន និងគោលដៅសក្ដានុពលដទៃទៀត ជាពិសេសគឺត្រូវទាញយកផលប្រយោជន៍ឱ្យបានពេញលេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាគូភាគី។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្រ្ដី ក៏បានលើកឡើងទៅកាន់ការតំណាងអង្គការ JETRO អំពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតូច (AIMS) របស់ក្រសួងពាណិជ្ជកម្ម ដែលអ្នកផលិតជាក្រុមកសិករខ្នាតតូច និងក្រីក្រនៃផលិតផល ដូចជា បន្លែ មាន់ស្រែ ស្រូវ ដំឡូវមី និងសូត្រឆៅ និងស្នើសុំឱ្យក្រុមហ៊ុន AEON របស់ជប៉ុន ពិនិត្យលទ្ធភាពដាក់លក់ផលិតផលទាំងនោះរបស់គម្រោង AIMS នៅទីផ្សាររបស់ខ្លួនផងដែរ៕