ការបង្ហាញពីគោលបំណងរបស់ជប៉ុនក្នុងការរឹតត្បិតកម្មវិធី TikTok របស់ចិននេះ ធ្វើឡើងនៅចំពេលដែលអាមេរិក និងសម្ព័ន្ធមិត្តជាច្រើនទៀត បាននិងកំពុងនាំគ្នាដាក់សម្ពាធលើការប្រើប្រាស់កម្មវិធី TikTok កាន់តែខ្លាំង ពិសេសគឺអាមេរិកកំពុងជំរុញឲ្យមានការហាមលែងឲ្យប្រើប្រាស់តែម្ដង។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
កាលពីដើមខែនេះសមាជិកសភាអាមេរិកជាច្រើននាក់បាននិងកំពុងអំពាវនាវឱ្យរដ្ឋបាលលោក ចូ បៃដិន ហាមឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយម ដែលគ្រប់គ្រងដោយប្រទេសចិនគឺ TikTok នេះ ដោយចោទប្រកាន់ថា កម្មវិធីនេះអាចវាត្រូវបានប្រើប្រាស់សម្រាប់ការប្រមូលទិន្នន័យ ការត្រួតពិនិត្យខ្លឹមសាររស៊ើបៗ និងបង្កគ្រោះថ្នាក់ដល់សុខភាពផ្លូវចិត្តរបស់កុមារអាមេរិកដែលប្រើប្រាស់វា។
លោក Norihiro Nakayama សមាជិកសភាជប៉ុន បានប្រាប់រ៉យទ័រក្នុងបទសម្ភាសន៍មួយថា «ប្រសិនបើវាត្រូវបានផ្ទៀងផ្ទាត់ថា កម្មវិធីមួយត្រូវបានប្រើប្រាស់ដោយចេតនាដោយភាគីណាមួយនៃប្រទេសមួយសម្រាប់ប្រតិបត្តិការរបស់ពួកគេជាមួយនឹងអំពើមិនល្អ នោះវាមិនត្រូវបានបញ្ឈប់សេវាកម្មភ្លាមៗតែម្ដង។ លោកបានបន្ថែមថា ប្រទេសជប៉ុនត្រូវធ្វើឱ្យប្រាកដថា បើសិនជាមានការបញ្ឈប់ណាមួយមែននោះ វាមានន័យថាអ្នកប្រើប្រាស់ TikTok ជាង ១៧ លាននាក់នៅប្រទេសជប៉ុននឹងបាត់បង់សិទ្ធិចូលប្រើប្រាស់វា។
លោក ណាកាយ៉ាម៉ា គឺជាសមាជិកជាន់ខ្ពស់នៃក្រុមសមាជិកសភាបក្សកាន់អំណាចដែលកំពុងស្វែងរកមធ្យោបាយ ដើម្បីបង្កើនសន្តិសុខសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន។ លោកបានលើកឡើងទៀតថា «ក្រុមរបស់លោកនឹងចងក្រងសំណើរទៅកាន់សភានៅខែក្រោយ ដោយបន្ថែមថា សំណើនេះនឹងមិនផ្តោតលើវេទិកាណាមួយឡើយ»។
មែនទែនទៅ រដ្ឋាភិបាល និងស្ថាប័នប្រទេសលោកខាងលិចមួយចំនួនបានហាមឃាត់ TikTok ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងសភាចក្រភពអង់គ្លេស ហូឡង់ និងបែលហ្ស៊ិក និងសភានូវែលសេឡង់ជាដើម ហើយជាមួយគ្នានេះគេមើលឃើញថា និន្នាការនេះនឹងមានជាបន្តបន្ទាប់ទៀតនៅពេលខាងមុខ។ បច្ចុប្បន្ន TikTok កំពុងប្រឈមនឹងការបិទលែងឲ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកផងដែរ ខណៈដែលសមាជិកសភាអាមេរិកកំពុងព្យាយាមបន្ដនិតីវិធីច្បាប់ក្នុងការបិទកម្មវិធីនេះ ទោះបីជាមានការបកស្រាយ និងផ្ដល់ការប្តេជ្ញាចិត្តពីនាយកប្រតិបត្តិក្រុមហ៊ុននេះ ក្នុងការធានាថាមិនពាក់ព័ន្ធនឹងរដ្ឋអំណាចចិត្តយ៉ាងណាក្ដី៕