ទោះជាយ៉ាងណា ការកើនឡើងនេះនៅតែមានល្បឿនយឺតជាងកាលពីឆ្នាំ២០២១ ដែលមានប្រមាណ ២,១% ដែលវាសបញ្ជាក់ឲ្យឃើញពីការដើរថយក្រោយនៃសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចទី២នៅអាស៊ីមួយនេះ នៅគ្រាដែលការនាំចេញក៏មានកំណើនថយចុះដែរ។ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មានជប៉ុន NIKKEI។
យោងតាមទិន្នន័យបឋមដែលចេញផ្សាយដោយការិយាល័យខុទ្ទកាល័យនៃប្រទេសជប៉ុន សម្រាប់ឆ្នាំ២០២២ ផលិតផលក្នុងស្រុកសរុបរបស់ប្រទេស ដែលមានសេដ្ឋកិច្ចធំទី៣ពិភពលោកមួយនេះ មានទំហំប្រមាណ៤,១ទ្រីលានដុល្លារ។ ដោយឡែក តម្រូវការឯកជនមានកំណើន ២,៤% ធៀបនឹងឆ្នាំមុន ដោយសារការចំណាយការប្រើប្រាស់ក្នុងក្រុមគ្រួសារបានកើនឡើង២,២% ស្របពេលដែលរលកឆ្លងកូវីដ១៩បានស្រាកស្រាន្ដ ហើយការវិនិយោគមូលធនសាជីវកម្មក៏បានកើនឡើងក្នុងរង្វង់ ១,៨% ផងដែរ។
មិនខុសពីប្រទេសផ្សេងទៀតនៅលើពិភពលោកឡើយ ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានបណ្ដាលឲ្យតម្លៃប្រាក់យ៉េនរបស់ជប៉ុនធ្លាក់ចុះ ដូចនេះថ្លៃដើមនាំចូលក៏មានកាន់តែខ្ពស់។ ខណៈពេលដែលការនាំចេញទំនិញ និងសេវាកម្មកើនឡើង ៤,៩% ការនាំចូលបានកើនឡើង ៧,៩% ដែលនេះសុទ្ធតែជាកត្តាជះឥទ្ធិពលអវិជ្ជមានដល់ផលិតផលក្នុងស្រុកសរុប ព្រោះជប៉ុនត្រូវចាយច្រើនលើសសព្វដងសម្រាប់ការនាំចូល។
ទន្ទឹមនឹងនេះ ផលិតផលក្នុងស្រុកសរុបរបស់ជប៉ុនប្រចាំត្រីមាសចុងក្រោយឆ្នាំ២០២២ មានកំណើន ត្រឹមតែ ០,២%ប៉ុណ្ណោះ ខណៈត្រីមាសទី៣មានកំណើន ០,៦%។ ក្នុងត្រីមាសនេះដែរ ការចំណាយរបស់ក្រុមគ្រួសារបានកើនឡើង ០,៥% ខណៈពេលដែលការវិនិយោគមូលធនសាជីវកម្ម បានធ្លាក់ចុះ ០,៥% និងការវិនិយោគលំនៅដ្ឋានឯកជនបានធ្លាក់ចុះ ០,១% ។
លោក Stefan Angrick សេដ្ឋវិទូជាន់ខ្ពស់នៅស្ថាប័នវិភាគ Moody's Analytics យល់ថាការងើបឡើងវិញរបស់ប្រទេសជប៉ុននឹងនៅតែមានភាពរដិបរដុប។ ប៉ុន្តែលោកជឿថា បន្ទាប់ពីការធូរស្រាលពីជំងឺកូវីដ១៩តម្រូវការក្នុងស្រុកនឹងមានភាពប្រសើរឡើងវិញ អតិផរណាក៏ធ្លាក់ចុះ ហើយចំនួនភ្ញៀវទេសចរអន្តរជាតិក៏កើនឡើងវិញដែរ។
សូមជម្រាបថា បើធៀបនឹងផលិតផលក្នុងស្រុកសរុបរបស់ជប៉ុន ទៅនឹងប្រទេសធំៗមួយចំនួនក្នុងតំបន់ គឺជប៉ុនមានកំណើនតិចតួចជាងគេ។ ជាក់ស្តែង ផលិតផលក្នុងស្រុកសរុបរបស់ចិនសម្រាប់ឆ្នាំ ២០២២ បានកើនឡើង៣% ខណៈដែលកូរ៉េខាងត្បូងកើនឡើង២,៦% ប្រទេសឥណ្ឌូនេស៊ីមានកំណើន ៥,៣% និងសិង្ហបុរីមានកំណើន ៣,៦% សម្រាប់ឆ្នាំ២០២២៕