ប្រទេសសិង្ហបុរី

ហេតុអ្វីសេដ្ឋកិច្ចសិង្ហបុរីឆ្នាំ២០២២ សម្រេចបានកំណើនទាបជាងការរំពឹងទុក?


ទិន្នន័យផ្លូវការបានបង្ហាញនៅពីថ្ងៃចន្ទទី១៣ខែកុម្ភៈថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីនៅឆ្នាំ២០២២ បានកើនឡើងតិចជាងអ្វីដែលបានប៉ាន់ស្មានទុក។ ក្នុងនោះនៅពេញមួយឆ្នាំ២០២២ សិង្ហបុរីសម្រេចបានកំណើន ៣,៦% ប៉ុណ្ណោះ ខណៈគេធ្លាប់រំពឹថាអាចបានកំណើនដល់ ៣,៨%។ ទោះជាយ៉ាងណារដ្ឋាភិបាលសិង្ហបុរីបានរក្សាការព្យាកររបស់ខ្លួននៅដដែល សម្រាប់កំណើនប្រចាំឆ្នាំនៅឆ្នាំ២០២៣នេះ ពោលគឺនឹងស្ថិតក្នុងចន្លោះពី 0,៥% ទៅ ២,៥%។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NIKKEI។
កំណើនផលិតផលក្នុងស្រុកសរុបរបស់សឹង្ហបុរីនៅឆ្នាំ២០២២ មានទំនោរថមថយ

លោក Gabriel Lim លេខាធិការអចិន្ត្រៃយ៍សម្រាប់ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់សិង្ហបុរី ហៅកាត់ថា MTI បាននិយាយថា ទស្សនវិស័យចំពោះតម្រូវការពីក្រៅប្រទេសរបស់សិង្ហបុរីសម្រាប់ឆ្នាំ២០២៣ មានភាពល្អប្រសើរឡើងបន្តិចហើយ ជាពិសេសកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិនត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើង ស្របជាមួយនឹងការបន្ធូរបន្ថយគោលការសូន្យកូវីដរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង។

ប៉ុន្តែលោកក៏បាននិយាយផងដែរថា ភាពមិនច្បាស់លាស់ក្នុងសេដ្ឋកិច្ចពិភពលោក គឺនៅតែមាន។ លោកនិយាយបែបនេះក៏ដោយសារតែ ផលប៉ះពាល់នៃលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងតែងនៅបណ្ដា ប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនជាច្រើន ក៏ដូចជាហានិភ័យនៃសង្គ្រាមនៅអ៊ុយក្រែន និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយក្នុងចំណោមប្រទេសមហាអំណាចពិភពលោកធំៗផងដែរ។

យោងតាមប្រភពដដែលបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់សិង្ហបុរីនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ មានកំណើនក្នុងរង្វង់២,១%. ខណៈការប៉ាន់ស្មានពីមុនថានឹងមាន ២,២%។ កំណើនតិចនេះ ក៏ដោយសារតែវិស័យសំណង់ និងសេវាកម្មមានទំនោរថមថយ។

សូមជម្រាបថា ចាប់តាំងពីខែមេសាឆ្នាំ២០២២មក ប្រទេសសិង្ហបុរីបានបន្ធូរបន្ថយការរឹតបន្តឹងនៃវិធានការកូវីដ១៩របស់ខ្លួន ខណៈដែលព្រឹត្តិការណ៍អន្តរជាតិជាច្រើន បានចាប់ផ្ដើមដំណើរការឡើងវិញ និងបានទាក់ទាញភ្ញៀវទេសចរណ៍ និងអាជីវកម្មជាច្រើន ចូលមកកាន់ប្រទេសដីកោះមួយនេះ។

ចំពោះវិស័យទេសចរណ៍ និងសេវាកម្មរបស់សិង្ហបុរី ត្រូវបានគេរំពឹងថា នឹងទទួលបានអត្ថប្រយោជន៍ពីការបើកសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសចិន។ ប៉ុន្តែសម្រាប់វិស័យផលិតកម្ម ដែលស្មើនឹង ២0% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសមួយនេះ កំពុងប្រឈមនឹងឧបសគ្គ ខណៈសេដ្ឋកិច្ចរបស់ប្រទេសដែលជាដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀត ដូចជាសហរដ្ឋអាមេរិក និងអឺរ៉ុបក៏កំពុងមានកំណើនថមថយផងនោះ។ ទោះបីជាទទួលបានផលវិជ្ជមានពីការបើកប្រទេសឡើងវិញរបស់ចិនក្ដី កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីសម្រាប់វិស័យពាណិជ្ជកម្មអន្តរជាតិ នៅតែមានភាពស្រពិចស្រពិលដោយសារតែការធ្លាក់ចុះការដឹកជញ្ជូននៅទូទាំងពិភពលោក៕




អត្ថបទបន្ទាប់


តើទីម័រខាងកើតត្រូវប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចអ្វីខ្លះ មុនអាចចូលជាសមាជិកអាស៊ានពេញសិទ្ធិ?

ព័ត៌មាន
ការចូលជាសមាជិករបស់ទីម័រខាងកើតមកក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬ អាស៊ាន បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងបានក្លាយជារបៀបវារៈចម្បង…

កម្ពុជាប្ដេជ្ញានឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីជាមួយឡាវ តាមរយៈការអភិវឌ្ឍវិស័យថាមពល

ព័ត៌មាន
អគ្គិសនីដែលកម្ពុជាកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នមានប្រមាណ ៦១% ជាថាមពលអគ្គិសនីស្អាត ឬថាមពលកកើតឡើងវិញ ដោយក្នុងចំណោមថាមពលស្អាតជាង ៦០% ថាមព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ