សំណើនេះធ្វើឡើងខណៈដែលទំនាក់ទំនងរបស់ជប៉ុនជាមួយចិនបានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលថ្មីៗនេះ។ ប្រទេសជប៉ុនកាលពីសប្តាហ៍មុន បានចាប់ផ្តើមបញ្ចេញទឹកវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាចូលទៅក្នុងសមុទ្រ នាំឲ្យប្រទេសចិនខឹងសម្បារ និងបានថ្កោលទោសទង្វើនេះ ព្រមទាំងបានហាមឃាត់ការនាំចូលអាហារសមុទ្ររបស់ជប៉ុនទាំងស្រុងផងដែរ។ ថ្មីៗនេះ ប្រធានបក្សសម្ព័ន្ធដែលកំពុងកាន់អំណាចរបស់ជប៉ុន ក៏បានផ្អាកដំណើរទស្សនកិច្ច ដែលបានគ្រោងទុកភ្លាមៗទៅកាន់ប្រទេសចិនដែរ បន្ទាប់ពីទីក្រុងប៉េកាំងស្នើសុំ។
សំណើថវិកាការពារជាតិសារពើពន្ធឆ្នាំ២០២៤ ដែលក្រសួងការពារជាតិជប៉ុនបានដាក់ជូនក្រសួងហិរញ្ញវត្ថុឱ្យត្រួតពិនិត្យនេះ មានទំហំច្រើនជាងឆ្នាំមុនដល់ទៅជិត៧ពាន់លានដុល្លារ ពោលគឺពីជាង ៤៦ពាន់លាន ដល់៥២ពាន់លានដុល្លារ កើនឡើងប្រហែល១៣%។ ប្រសិនបើត្រូវបានអនុម័តយល់ព្រម ថវិកានេះនឹងកើនឡើងក្នុងកំណត់ត្រាមិនធ្លាប់ពីមុន។
បើយោងតាមសំណើថវិកានោះ ក្រសួងការពារជាតិគ្រោងនឹងត្រៀមថវិកាជាង៦ពាន់លានដុល្លារ សម្រាប់ការផលិតនិងអភិវឌ្ឍគ្រាប់រំសេវ និងសព្វាវុធ រួមទាំងមីស៊ីលការពារដែនអាកាស នាវាចម្បាំង។ និងជាង៤ពាន់លានដុល្លារផ្សេងទៀត នឹងត្រូវប្រើប្រាស់ដើម្បីពង្រឹងសមត្ថភាពដឹកជញ្ជូន ដើម្បីដាក់ពង្រាយអាវុធ និងធនធានទៅកាន់ប្រជុំកោះនៅភាគនិរតី អំឡុងពេលមានអាសន្ន។
ក្រសួងការពារជាតិជប៉ុនបាននិយាយនៅក្នុងសំណើរបស់ខ្លួនថា នៅក្នុងសំណើថវិកាជាង ៥២ពាន់លានដុល្លារនេះ ក៏រួមបញ្ចូលទាំងការផ្តល់មូលនិធិសម្រាប់ការផលិតនាវាចុះចតថ្មីចំនួន៣គ្រឿង ឧទ្ធម្ភាគចក្រដឹកជញ្ជូនចំនួន ១៧ គ្រឿង និងក្រុមដឹកជញ្ជូនឯកទេសថ្មីមួយដើម្បីបង្កើនសមត្ថភាពដាក់ពង្រាយផងដែរ។ ក្នុងនោះ ជប៉ុននឹងចាក់បញ្ចូលប្រាក់ជាង៥១៥លានដុល្លារ ដើម្បីអភិវឌ្ឍមីស៊ីលស្ទាក់ចាប់មីស៊ីលល្បឿនលឿនជាងសំឡេង រួមគ្នាជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងក្បាលគ្រាប់ដែលមាន និងជាង៤៣៩ពាន់លានដុល្លារទៀត សម្រាប់ផលិតយន្តហោះចម្បាំងជំនាន់ក្រោយជាមួយអង់គ្លេស និងអ៊ីតាលី។
មែនទែនទៅ ការបង្កើនការចំណាយលើវិស័យយោធារបស់ជប៉ុននេះ បានកើតឡើង ចំពេលមានគំរាមកំហែងរបស់ប្រទេសចិនលើកោះតៃវ៉ាន់ ការអាងយ៉ាងយោធាចិននៅសមុទ្រខាងត្បូង មីស៊ីលនិងនុយក្លេអ៊ែររបស់កូរ៉ែខាងជើង និងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន សុទ្ធសឹងជាក្តីកង្វល់ចម្បងសម្រាប់អ្នកបង្កើតគោលនយោបាយជប៉ុនដែលត្រូវដោះស្រាយ។