របាយការណ៍ស្ទង់មតិលើប្រាក់ចំណូល និងចំណាយរបស់ពលរដ្ឋជប៉ុន ដែលធ្វើឡើងដោយក្រសួងកិច្ចការផ្ទៃក្នុងរបស់ជប៉ុន បានបង្ហាញថា នៅក្នុងឆ្នាំ២០២៣ ស្ថិតិបំណុលដែលកាន់កាប់ដោយគ្រួសារពីរ ឬច្រើនមានជាមធ្យមច្រើនជាង៤៣៥០០ដុល្លារ មានការកើនឡើងប្រមាណ៩០០ដុល្លារ បើធៀបនឹងស្ថិតិកាលពីឆ្នាំ២០២២។
លោក តាគូយ៉ា ហូស៊ីណូ (Takuya Hoshino) អ្នកសេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវរបស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Dai-ichi Life បានអះអាងថា តម្លៃផ្ទះនៅជប៉ុន បានកើនឡើងលឿនជាងតម្លៃប្រាក់ខែ ដែលជំរុញឱ្យទំហំចំណាយរបស់ពលរដ្ឋមានការស្ទុះឡើងខ្លាំង។
តម្លៃខុនដូនៅកណ្តាលទីក្រុងតូក្យូ បានកើនឡើងយ៉ាងឆាប់រហ័ស ខណៈការស្ទង់មតិរបស់ក្រសួងកិច្ចការផ្ទៃក្នុងបានបង្ហាញថា ប្រាក់កម្ចីទិញផ្ទះ និងបំណុលទាក់ទងនឹងលំនៅដ្ឋានបានគ្របដណ្តប់រហូតដល់៩០% នៃចំនួនគ្រួសារនៅទូទាំងប្រទេសជប៉ុន។
ជាមួយគ្នានេះ របាយការណ៍លំហូរមូលនិធិរបស់ធនាគារកណ្តាលជប៉ុន ក៏បង្ហាញផងដែរថា ប្រាក់កម្ចីទិញផ្ទះសរុបទូទាំងប្រទេសជប៉ុន បានកើនដល់១,៥ទ្រីលានដុល្លារ គិតត្រឹមចុងឆ្នាំ២០២៣ ក្នុងនោះបុគ្គលមានវ័យពី៣០ទៅ៤០ឆ្នាំ កំពុងប្រើប្រាស់កម្ចីយ៉ាងគឃ្លើនចំពេលមានអត្រាការប្រាក់ទាប។
ទោះបីតម្លៃផ្ទះ និងខុនដូនៅក្នុងទីក្រុងតូក្យូ កំពុងហក់ឡើងខ្ពស់ តែពលរដ្ឋជប៉ុនមួយចំនួនត្រូវបង្ខំចិត្តខ្ចីលុយពីធនាគារ ដើម្បីទិញផ្ទះ ឬខុនដូសម្រាប់រស់នៅ ដើម្បីបំពេញបំណងប្រាថ្នារបស់ពួកគេ ដែលបញ្ហានេះអាចជំរុញឱ្យបំណុលគ្រួសារនៅក្នុងប្រទេសជប៉ុន ដែលកំពុងកើនឡើងស្រាប់ហើយនេះ មានការកើនឡើងកាន់តែខ្ពស់បន្ដែមទៀត។
ដោយៈ សរ សុជាតិ