សំណើកញ្ចប់ថវិកា ៦ទ្រីលានដុល្លារអាមេរិក ដែលត្រូវបានស្នើឡើងដោយរដ្ឋបាលលោកចូបៃឌិន កំពុងត្រូវគណៈបក្សសាធារណៈរិះគន់ខ្លាំងៗ និងបានស្នើឲ្យរដ្ឋាភិបាលកាត់បន្ថយការចំណាយឲ្យតិចជាងជាងមុន ដោយអះអាងថា ការបង្កើនចំណាយខ្លះជារឿងមិនចាំបាច់ លើសពីនេះ ពួកគេប្រឆាំងនឹងគម្រោងបង្កើនចំណូលរដ្ឋរបស់លោក ចូ បៃឌិន តាមរយៈការតំឡើងពន្ធលើអាជីវកម្មនិងវិនិយោគធំៗ របស់សេដ្ឋីអ្នកមានទ្រព្យនៅអាមេរិកផងដែរ។
សមាជិកព្រឹទ្ធសភា មកពីបក្សសាធារណរដ្ឋម្នាក់បាននិយាយថា កញ្ចប់ថវិការដល់ទៅជាង ៦ទ្រីលានដុល្លារនេះ គឺវាច្រើនមែនទែន ពោលគឺច្រើនជាងសម័យធ្វើសង្រ្គាមលោកលើកទី២ទៅទៀត។
ក្នុងគម្រោងកញ្ចប់ថវិការនេះ គេកត់សម្គាល់ឃើញថា ថវិកាយោធាអាមេរិកបានបន្តកើនឡើងទៀត សម្រាប់ឆ្នាំ២០២២ ពោលគឺមានការកើនឡើងជិត២%ទៀត បើធៀបនឹងឆ្នាំ២០២១ គិតជាទឹកប្រាក់ប្រមាណ ៧៥០ ពាន់លាដដុល្លារអាមេរិក ដែលប្រការនេះក៏ត្រូវបានបក្សសាធារណរដ្ឋអំពាវនាវឲ្យកាត់បន្ថយមកវិញផងដែរ។
ថវិកាយោធានេះត្រូវបានរាប់បញ្ចូល ក្នុងការដំឡើងប្រាក់បៀរវត្សដល់កងទ័ព បូករួមនឹងការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាយោធា និងអាវុធនុយក្លេអ៊ែរ។
សូមបញ្ជាក់ដែរថា សហរដ្ឋអាមេរិកទោះមានឈ្មោះជាប្រទេសដែលចាយវាយលើវិស័យយោធាច្រើនជាងគេក្នុងលោកក៏ពិតមែន ប៉ុន្តែការបន្តបង្កើនចំណាយបន្ថែមទៀតនេះ ត្រូវបានគេមើលឃើញថាជាការបន្តរត់ប្រណាំងជាមួយគូរប្រជែងចិន ដែលជានិច្ចជាកាលតែងតែបន្តអភិវឌ្ឍនិងធ្វើទំនើបកម្មលើយោធារបសខ្លួនដូចគ្នា។
ជាមួយគ្នានេះ ភាពតានតឹងរវាងអាមេរិក និងចិន ក៏មានកាន់តែខ្លាំងឡើង ក្រោយទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការគំរាមកំហែងដល់សន្តិភាពនិងស្ថេរភាពនៃច្រកសមុទ្រតៃវ៉ាន់ បន្ទាប់ពីនាវាចម្បាំងអាមេរិកមួយគ្រឿង បានធ្វើការចល័តនៅក្នុងតំបន់ជម្លោះដ៏រសើបមួយនេះ៕