ការស្វាគមន៍នេះ ដ្បិតក្រុមប្រជាធិបតេយ្យជឿជាក់ថា ការវិលត្រឡប់របស់លោកត្រាំ អាចនឹងជួយឱ្យលោក ចូ បៃដិន នឹងអាចឈ្នះក្នុងអាណត្តិទី២ ជាបន្តទៀត ព្រោះគេចាត់ទុកអតីតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋរូបនេះ ថាជាអ្នកនយោបាយដែលងាយរងគ្រោះ និងចាញ់រួចទៅហើយ ប៉ុន្តែក្រុមរបស់លោក បៃដិន ក៏បានព្រួយបារម្ភពីផលប៉ះពាល់នៃយុទ្ធនាការដ៏ជូរចត់ដែលអាចកើតមាននៅអាមេរិកផងដែរ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី១៦ វិច្ឆិកា បានសាទរចំពោះក្រុមសាធារណរដ្ឋ ដែលបានឈ្នះការបោះឆ្នោត និងដឹកនាំសំឡេងភាគច្រើនក្នុងសភា ក្រោយពីមានការបោះឆ្នោតពាក់កណ្ដាលអាណត្តិកាលពីសប្ដាហ៍មុន។ លោកចូ បៃឌិន បាននិយាយថា លោកនឹងធ្វើការជាមួយក្រុមសាធារណរដ្ឋ ដើម្បីផ្ដល់ជាប្រយោជន៍ដល់ពលរដ្ឋអាមេរិកាំង។
ទន្ទឹមនឹងការសាទរនេះ ជំនួយការ និងទីប្រឹក្សាជាច្រើននាក់របស់លោកចូ បៃដិន បានផ្តល់ការវាយតម្លៃរបស់ពួកគេពីរបៀបដែលប្រធានាធិបតី និងក្រុមរបស់លោកបានមើលឃើញចំពោះការចូលរួមប្រកួតប្រជែងរបស់លោក ត្រាំ ក្នុងការបោះឆ្នោតឆ្នាំ២០២៤ ក្រោយពីលោក ត្រាំ បានធ្វើប្រកាសច្បាស់ៗកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា។ អតីតប្រធនាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានខិតខំប្រឹងខ្លាំងណាស់ក្នុងការប្រកួតប្រជែងជាមួយដៃគូប្រជែងដ៏មានសក្តានុពលសម្រាប់ទទួលបានការគាំទ្រឲ្យឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤។
គេនៅចាំបានថា លោក បៃដិន ដែលបានឈ្នះលោក ត្រាំ នៅក្នុងការបោះឆ្នោតឆ្នាំ២០២០ដ៏ចម្រូងចម្រាស ហើយមកដល់ពេលនេះ នៅតែមានការរក្សាភាពស្ងប់ស្ងាត់ជាសាធារណៈនៅឡើយចំពោះការសម្រេចចិត្តរបស់លោក ត្រាំ។ នៅពេលក្រុមអ្នកកាសែតបានសួរលោក បៃដិន និងប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង នៅឯកិច្ចប្រជុំជី២០នៅកោះបាលីថាតើពួកគេមានប្រតិកម្មយ៉ាងណាចំពោះការប្រកាសរបស់លោក ត្រាំ ក្នុងការវិលត្រឡប់មកប្រជែងការបោះឆ្នោតនៅឆ្នាំ២០២៤នោះ? មេដឹកនាំទាំង២នេះបានមើលមុខគ្នានិងញញឹមដាក់គ្នាមួយភ្លែតបន្ទាប់មកលោក បៃដិន បាននិយាយថា គឺពិតជាមិនចាប់អារម្មណ៍នោះទេ។
ជំនួយការរបស់លោក បៃដិន បានចាត់ទុកលោក ត្រាំ ថាជាមនុស្សម្នាក់ងាយរងគ្រោះ និងចាញ់រួចទៅហើយ។ ពួកគេក៏បានពណ៌នាលោក ត្រាំ ថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក តាមរយៈការអះអាងមិនពិតជាបន្តបន្ទាប់របស់ខ្លួនថា ការបោះឆ្នោតឆ្នាំ២០២០បានកេងបន្លំសន្លឹកឆ្នោតរបស់លោកយ៉ាងទូលំទូលាយ ជាការអះអាងមួយដែលជំរុញឱ្យក្រុមគាំទ្ររបស់លោកសម្រុកចូលវាយប្រហារអគារសភារបស់អាមេរិកនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១៕
អត្ថបទ៖ សុខ ជា