អាមេរិក

លោក ចូ បៃដិន គ្រោងនឹងឈរឈ្មោះម្ដងទៀតសម្រាប់ការបោះឆ្នោតនៅអាណត្តិក្រោយ


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បាននិយាយបង្ហើបឲ្យដឹង កាលពីថ្ងៃពុធថា លោកមានបំណងឈរឈ្មោះសម្រាប់ការបោះឆ្នោតប្រធានាធិបតីម្ដងទៀតនៅអាណត្តិក្រោយ ហើយលោកទំនងជានឹងធ្វើការសម្រេចចិត្តចុងក្រោយអំពីរឿងនេះនៅដើមឆ្នាំ២០២៣ បន្ទាប់ពីការប្រកាសពីលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារបានធ្វើឱ្យក្រុមប្រជាធិបតេយ្យមានក្ដីរីករាយ និងបានបង្ហាញពីលក្ខណៈល្អប្រសើរសម្រាប់ប្រជាធិបតេយ្យ។
លោក ចូ បៃដិន គ្រោងនឹងឈរឈ្មោះម្ដងទៀតនៅអាណត្តិក្រោយ

មន្ត្រីសេតវិមានបានសម្ដែងអារម្មណ៍ដោយសប្បាយចិត្តចំពោះលទ្ធផលនៃការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ដែលបានបង្ហាញពីការពិតថា សមាជិកគណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន ធ្វើការងារបានល្អជាងការរំពឹងទុកទៅទៀត។

លោក ចូ បៃដិន ដែលនឹងឈានចូលដល់វ័យ ៨០ ឆ្នាំនៅក្នុងខែនេះ បានប្រឈមនឹងសំណួរមួយចំនួនជុំវិញថាតើលោកនឹងស្វែងរកការឈរឈ្មោះសម្រាប់អាណត្តិទីពីររបស់លោកដែរឬយ៉ាងណា ខណៈដែលទីប្រឹក្សារបស់លោក បៃដិន បាននិយាយថា ពេលនេះពួកគេកំពុងធ្វើកិច្ចពិភាក្សាត្រៀមសម្រាប់យុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤។

លោក បៃដិន បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមាននៅក្បែរភរិយារបស់លោក គឺលោកស្រី ជីល (Jill) ថា បំណងរបស់លោក គឺចង់ឈរឈ្មោះសម្រាប់ការបោះឆ្នោតម្តងទៀត។ នោះហើយជាគោលបំណងរបស់លោក និងជាការសម្រេចចិត្តក្នុងរង្វង់គ្រួសាររបស់លោកផងដែរ។

លោក បៃដិន បាននិយាយថា គ្រួសាររបស់លោកចង់ឱ្យលោកឈរឈ្មោះម្ដងទៀត ប៉ុន្តែលោកមិនទាន់ប្រញាប់ប្រញាល់ធ្វើការសម្រេចចិត្តចំពោះរឿងនេះនៅឡើយទេ គឺត្រូវរង់ចាំរហូតដល់ដើមឆ្នាំ២០២៣ ហើយការប្រកាសពីគោលបំណងរបស់លោកនេះ គឺមិនពាក់ព័ន្ធនឹងការប្រកាសណាមួយពីគូប្រជែងរបស់លោកនៅឆ្នាំ២០២០ គឺអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋដែលគេរំពឹងថា នឹងឈរឈ្មោះម្ដងទៀតដែរនោះឡើយ។

លោក បៃដិន បានចំណាយពេល២ឆ្នាំដំបូងនៅក្នុងតំណែងជាប្រធានាធិបតីដោយបានព្រមានប្រឆាំងនឹងការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីក្រុមអ្នកគាំទ្ររបស់លោក ត្រាំ បានសម្រុកចូលអគាររដ្ឋសភារបស់សហរដ្ឋអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ហើយមិនបានទទួលស្គាល់ជ័យជម្នះស្របច្បាប់របស់លោក បៃដិន នោះទេ។

នៅពេលត្រូវបានគេសួរថា តើមេដឹកនាំពិភពលោកផ្សេងទៀតគួរមានទស្សនៈយ៉ាងណាចំពោះអាមេរិកនៅពេលលោក ត្រាំ គ្រោងនឹងឈរឈ្មោះបោះឆ្នោតម្តងទៀតនោះ លោក បៃដិន បាននិយាយថា ចម្លើយគឺត្រូវប្រាកដថា លោក ត្រាំ នឹងមិនត្រលប់មកកាន់អំណាចវិញនោះទេ។

លោក បៃដិន បាននិយាយថា ក្រុមប្រជាធិបតេយ្យគ្រាន់តែចង់បង្ហាញថា លោក ត្រាំ នឹងមិនអាចឈ្នះបានទេប្រសិនបើលោកពិតជាឈរឈ្មោះម្ដងទៀតមែននោះ ដោយក្រុមរបស់លោក បៃដិន ហ៊ានធានាថា លោក ត្រាំ នឹងមិនអាចក្លាយជាប្រធានាធិបតីថ្មីម្តងទៀតឡើយបើទោះជាកិច្ចខិតខំប្រឹងប្រែងនេះ មានភាពស្របច្បាប់តាមរដ្ឋធម្មនុញ្ញរបស់អាមេរិកក៏ដោយ។

លោក ត្រាំ បានរិះគន់គោលនយោបាយរបស់លោក បៃដិន យ៉ាងខ្លាំង ហើយលោក ត្រាំ នឹងធ្វើការប្រកាសពីផែនការរបស់ខ្លួននៅសប្តាហ៍ក្រោយដែរ។

ពាក់ព័ន្ធនឹងការប្រកួតប្រជែងដ៏មានសក្ដានុពលមួយរវាងលោក ត្រាំ និងអភិបាលរដ្ឋហ្វ្ល័រីដាលោក រ៉ុន ដេ សានទីស (Ron DeSantis) សម្រាប់ការជ្រើតាំងបេក្ខភាពឈរឈ្មោះជាប្រធានធិបតីរបស់គណបក្សសាធារណរដ្ឋ លោក បៃដិន បាននិយាយថា ការប្រកួតនេះនឹងល្អមើលជាមិនខានដោយឃើញពួកគេប្រកួតគ្នាបែបនេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


បុរសខ្លាំងរុស្ស៊ី លោកពូទីន បដិសេធចូលរួមក្នុងកិច្ចប្រជុំកំពូលៗចំនួន២នៅតំបន់អាស៊ីអាគ្នេយ៍

ប្រទេសចំនួន៣ នៅអាស៊ាន រួមមាន កម្ពុជា ឥណ្ឌូនេស៊ី និងថៃ កំពុង និងត្រៀម រៀបចំកិច្ចប្រជុំកំពូលៗចំនួន៣ រួមមានដូចជា កិច្ចប្រជុំកំពូលអាស៊ាន…

រុស្ស៊ីដកទ័ពចេញពីទីក្រុងខឺសុនរបស់អ៊ុយក្រែន ខណៈអាមេរិកថា ម៉ូស្គូបាត់បង់ទ័ព ១០ម៉ឺននាក់ក្នុងសង្គ្រាមជិត៩ខែមកនេះ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu កាលពីថ្ងៃពុធ ទី ៩ វិច្ឆិកា បានបញ្ជាឱ្យកងទ័ពរបស់ខ្លួនដកចេញពីទីក្រុងយុទ្ធសាស្ត្រខឺសុន (Kherso…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ