សេរីភាព​សារព័ត៌មាន

បន្ទាប់​ពី​២​ឆ្នាំ, ចៅក្រម​ប្រកាស​ឲ្យ​ស៊ើប​អង្កេត​ឡើង​វិញ​ករណី​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី


បន្ទាប់​ពី​ចំណាយ​ពេល​អស់​ប្រហែល​ជា​ពីរ​ឆ្នាំ​មក, ចៅក្រម​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣ ខែ​តុលា​នេះ ឲ្យ​បើក​ការស៊ើប​អង្កេត​ឡើង​វិញ​លើ​សំណុំ​រឿង​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី ដោយសារ​ការស៊ើបសួរ​លើក​មុន​មិន​ទាន់​មាន​ព័ត៌មាន​គ្រប់​គ្រាន់។
លោក អ៊ួន ឈិន (រូប​ខាង​ឆ្វេងដៃ) និង​លោក យាង សុធារិន អតីត​អ្នក​យកព័ត៌មាន​របស់​វិទ្យុ​អាស៊ីសេរី។ រូបភាព៖ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR)
ដោយ

នៅថ្ងៃ​ព្រហស្បតិ៍ ទី៣ ខែ​តុលា​នេះ ដែល​ជា​ថ្ងៃ​ដែល​បាន​កំណត់​ថា នឹង​ប្រកាស​សាលក្រម, លោក​ចៅក្រម អ៊ឹម វណ្ណ: បែរ​ជា​ប្រកាស​ឲ្យ​​«ចាត់​របៀប» ឬ​ពាក្យ​សាមញ្ញ​ថា ស៊ើប​អង្កេត​ឡើង​វិញ ដូច្នេះហើយ​បង្ក​ឲ្យ​មាន​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​ពី​ជន​ជាប់​ចោទ លោក យាង សុធារិន និង​លោក អ៊ួន ឈិន និង​ពី​សង្គម​ស៊ីវិល​នានា។

គួរ​រំឭក​ថា កាលពី​ចុង​ខែ​សីហា សាលាដំបូង​រាជ​ធានី​ភ្នំពេញ បាន​លើក​ពេល​ប្រកាស​សាលក្រម​ផងដែរ សម្រាប់​អ្នក​ទាំង​ពីរ​នាក់​នេះ ដោយសារ​ចៅក្រម​ជាប់​រវល់​ចូលរួម​សិក្ខាសាលា។

នៅថ្ងៃ​ព្រហស្បតិ៍ ទី៣ ខែ​តុលា​នេះ លោក​ចៅក្រម អ៊ឹម វណ្ណ: បាន​សម្រេច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​លើ hard-disk ដែល​រឹបអូស​បាន​នៅ​ពេល​ដែល​អាជ្ញាធរ​ចុះចាប់​នៅ​បន្ទប់​ផ្ទះ​សំណាក់​របស់​លោក អ៊ួន ឈិន ថា​តើ​មាន​អ្វី​ខ្លះ​នៅក្នុង hard-disk ទាំង​នោះ។ បើ​យោងតាម​​លោក​ចៅក្រម, លោក អ៊ួន ឈិន ក៏​បាន​ប្រគល់ hard disk ឲ្យ​បុគ្គលិក​ខ្មែរ​ម្នាក់​ដែល​ធ្លាប់​ធ្វើការ​នៅ​ស្ថានទូត​អាមេរិក​ផងដែរ។

ការ​ស៊ើបអង្កេត​ក៏​នឹង​ផ្តោត​លើ​អត្ថន័យ​អត្ថបទ​ព័ត៌មាន​ចំនួន​២ ដែល​ជន​ជាប់ចោទ​បាន​សរសេរ​ក្រោយ​ពេល​ដែល​វិទ្យុអាស៊ីសេរី បាន​ប្រកាស​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ។

លោក​ចៅក្រម​ក៏​បង្គាប់​ឲ្យ​មាន​ការសាកសួរ​ឡើង​វិញ​ថា តើ​លោក អ៊ួន ឈិន បាន​អាជ្ញាប័ណ្ណ ឬ​អត់​ ដែល​អះអាង​ថា បន្ទប់​ផ្ទះ​សំណាក់​នោះ​ជា​ស្ទូឌីយ៉ូ​ផលិត​កម្មវិធី​កម្សាន្ត។

ជាមួយ​នោះ​ដែរ លោក​ចៅក្រម​ក៏​បាន​លើកឡើង​ថា ការ​ផលិត​រូប​អាសអាភាស​មិន​អាច​មាន​តែ​លោក អ៊ួន ឈិន ម្នាក់​នោះ​ទេ ដូច្នេះ ត្រូវ​ស៊ើប​ថា តើ​មាន​នរណា​ផ្សេង​ទៀត ឬ​ក៏​មាន​ពាក់ព័ន្ធ​លោក យាង សុធារិន ឬអត់ ឬក៏​ថា តើ​មាន​ការចែកចាយ ឬ​អត់ ហើយ​បើ​មាន​ចែកចាយ តើ​ទៅ​ណា​ខ្លះ។

ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្រៅ​របង​តុលាការ​បន្ទាប់​ពី​ការ​សម្រេច​នេះ លោក អ៊ួន ឈិន និង​លោក យាង សុធារិន បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង។

លោក អ៊ួន ឈិន បាន​និយាយ​ដូច្នេះ​ថា «ខ្ញុំ​យល់​អត់​ដល់ នីតិ​វិធី​ត្រលប់​ត្រឡិន​អ៊ីចឹង​។ នេះ​ជា​ការ​ដើរ​បញ្ច្រាស​ទិស។»

លោក អ៊ួន ឈិន បាន​បន្ត​ដូច្នេះ​ថា «ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​សារព័ត៌មាន ហើយ​ចូលចិត្ត​សិល្បៈ​តន្រ្តី។ កុំ​យក​ពួកខ្ញុំ​ជា​ចំណាប់​ខ្មាំង​អី។»

លោក យាង សុធារិន បាន​និយាយ​ដូច្នេះ​ថា «ខ្ញុំ​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​ឲ្យ​មាន​ការស៊ើប​ឡើង​វិញ។ វា​មាន​រយ:ពេល​២​ឆ្នាំ​ហើយ ហើយ​ការ​ស៊ើប​ឡើង​វិញ​នេះ គឺ​ជា​ការពន្យារ​ពេល​ថែម​ទៀត​នូវ​សិទ្ធិ​ ដែល​ត្រូវ​បាន​​រឹតត្បិត​ និង​សេរីភាព​ត្រូវ​បាន​គាប​សង្កត់។»

លោក Phil Robertson នាយករង​អង្គការ​អ្នក​ឃ្លាំមើល​​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា ការ​​សម្រេច​របស់​តុលាការ​គឺ​គួរ​ឱ្យ​អស់​សំណើច និង​ជា​ការ​ដាក់​ទណ្ឌកម្ម ដោយ​អះអាង​ថា តុលាការ​គួរ​ទម្លាក់​ការ​ចោទ​ប្រកាន់ នៅពេល​មិន​មាន​ភ័ស្តុតាង​គ្រប់គ្រាន់ មិនមែន​បើក​ស៊ើប​អង្កេត​ឡើង​វិញ​នោះទេ។

លោក Phil Robertson បាន​និយាយ​ថា ការ​សម្រេច​បែប​នេះ​ធ្វើ​ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​ពីរ​នាក់​នេះ ធ្លាក់​ចូល​ក្នុង «សុបិន​អាក្រក់​មិន​ចេះ​ចប់។»

លោក Phil Robertson បាន​និយាយ​ដូច្នេះ​ថា «ប្រទេស​កម្ពុជា​បាន​បាត់បង់​ឱកាស​ដ៏​ធំ​មួយ​នៅ​ថ្ងៃ​នេះ ដោយ​ខកខាន​មិន​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ករណី​នេះ ហើយ​អ្នក​ការទូត​និង​មន្ត្រី​អង្គការ​សហប្រជាជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ គួរតែ​បញ្ចេញ​មតិ​ក្នុង​ការ​ប្រាប់​ពួក​គេ​ ហើយ​ជំរុញ​ឲ្យ​ទម្លាក់​ចោល​ករណី​នេះ​ជា​បន្ទាន់ ប្រឆាំង​នឹង​អ្នក​កាសែតទាំង​ពីរ​នេះ ដែល​មាន​ការ​ឈឺ​ចាប់​យ៉ាង​យូរ​ហើយ៕




អត្ថបទបន្ទាប់


GDP វៀតណាម នៅ៩ខែឆ្នាំនេះ សម្រេចបានអត្រាកំណើន ៦,៩៨% ជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ៩ឆ្នាំមកនេះ

ផលិតផលក្នុងស្រុកសរុប(GDP) របស់វៀតណាម នៅចន្លោះខែមករា ដល់ខែកញ្ញាឆ្នាំ២០១៩នេះ បានបង្ហាញពីកំណើនខ្ពស់ក្នុងរយៈពេល ៩ឆ្នាំមកនេះ ដែលមានអត្រា កំ…

កាស៊ីណូវៀតណាម លើកោះភូកុក ឬកោះត្រល់ ចំណេញប្រាក់ជាង ៤លានដុល្លារ ក្រោយបើកដំណើរបាន៦ខែ

កាស៊ីណូ និង រមណីយដ្ឋានCorona របស់វៀតណាម ដែលជាកាស៊ីណូដំបូងគេបង្អស់របស់វៀតណាម ដែលអនុញ្ញាតឲ្យប្រជាជនខ្លួនចូលលេង និងមានទីតាំងនៅលើកោះភូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ