លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានបញ្ជាក់ថា ម្រេចកំពតប្រមាណជា៥១ តោនត្រូវបាននាំចេញទៅកាន់ទីផ្សារបរទេស រួមមាន សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ហុងកុង និងតៃវ៉ាន់ ដែលក្នុងនោះ មានម្រេចខ្មៅ ម្រេចស និងម្រេចក្រហម និងក្រៅពីនោះ គឺម្រេចដែលមានការកែច្នៃប្រលាក់អំបិលរួចមានការនាំចេញប្រមាណ ៨តោនផងដែរ។
លោកបញ្ជាក់ថា ម្រេចកំពតនៅតែអាចនាំចេញបានដដែលបើទោះបីពេលនេះពិភពលោកកំពុងរងឥទ្ធិលពលនៃជំងឺកូវីដ-១៩ ក្តី ប៉ុន្តែសម្រាប់ទីផ្សារទេសចរក្នុងស្រុកកំពុងរងផលប៉ះពាល់ជាខ្លាំង។
ប្រធានសមាគមម្រេចកំពតអះអាងទៀតថា ផលិតផលម្រេចកំពត ដែលបាននាំចេញក្នុងឆ្នាំនេះ គឺមិនមានការថយចុះនោះឡើយ ខណៈតម្រូវការទីផ្សារនាំចេញរាល់ឆ្នាំមានជុំវិញ ៧០ ទៅ៨០តោន ប៉ុន្តែមកដល់ពេលនេះការនាំចេញម្រេចកំពតបានរហូតជិត៦០ តោនរួចហើយ ដោយបូកបញ្ចូលទាំងម្រេចប្រលាក់អំបិលរួច។
លោកបន្តថា «យើងនៅតែមានសង្ឃឹមថា ម្រេចកំពតនៅតែមានទីផ្សារល្អសម្រាប់ឆ្នាំ២០២១ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនវិចខ្ចប់ជាច្រើន ក្នុងចំណោមក្រុមហ៊ុនដែលជាសមាជិកទាំង ៣៨គឺបាននិងកំពុងត្រៀមថវិកាបម្រុងទិញម្រេចពីប្រជាកសិក សម្រាប់ត្រៀមការនាំចេញទៅទីផ្សារថ្មីមានដូចជា កូរ៉េខាងត្បូង ហុងកុង តៃវ៉ាន់ និងជប៉ុនជាដើម។
សូមជម្រាបថា សមាជិកអ្នកដាំម្រេចនៅខេត្តកំពតទាំងអស់ ៤៤៥ គ្រួសារ ប៉ុន្តែមកដល់ពេលនេះ សមាជិកអ្នកដាំម្រេចកំពតមានប្រមាណ ៦៨ គ្រួសារបានសម្រេចបោះបង់ការដាំម្រេចចោល ខណៈដំណាំម្រេចរបស់ពួកគាត់ទាំងនោះ បាននិងកំពុងរងការខូចខាតចន្លោះពី៥០ ទៅ៧០ភាគរយ ដោយសារបញ្ហាអាកាសធាតុ ដែលធ្វើឲ្យម្រេចងាប់ច្រើន។
លោកងួន ឡាយបានឲ្យដឹងទៀតថា តម្លៃម្រេចដែលប្រើឈ្មោះម្រេចកំពតនៅរក្សាតម្លៃដដែល គឺមិនមានការកើនឡើង ឬធ្លាក់ចុះនោះទេពោលគឺម្រេចខ្មៅ ១គីឡូក្រាមថ្លៃ១៥ ដុល្លារ ម្រេចក្រហម ២៥ដុល្លារ និងម្រេចស ថ្លៃ២៨ដុល្លារ ខណៈម្រេចមិនបានប្រើឈ្មោះម្រេចកំពតវិញ គឺមានតម្លៃ ចន្លោះពី ៧ពាន់រៀល ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះមានរយៈពេល៥ឆ្នាំហើយ គិតមកដល់ឆ្នាំ២០២០នេះ៕