ការអះអាងរបស់សមាគមម្រេចកំពតយ៉ាងដូច្នេះ ក៏ព្រោះតែតម្រូវការម្រេចកំពតពីខាងទីផ្សារចិននាពេលកន្លងមកនៅមានចំនួនតិចតួចបំផុត។
ប្រធានសមាគមម្រេចកំពត លោក ងួន ឡាយបានគូសបញ្ជាក់ទៀតថា កម្ពុជាអាចសង្ឃឹមចំពោះផលិតផលផ្សេងដូចជាស្វាយ ចេក អង្ករ ប៉ុន្តែម្រេចកំពតវិញ គឺមិនអាចសង្ឃឹមទីផ្សារចិនបាននោះឡើយ ព្រោះចិនត្រូវការតែម្រេចដែលមានតម្លៃថោកប៉ុណ្ណោះ ដូចជាម្រេចដែលមិនប្រើឈ្មោះម្រេចកំពតទំនងជាអាចចូលទីផ្សារចិនបាន ព្រោះវាមានតម្លៃថោកត្រឹមតែ ២ដុល្លារក្នុង១គីឡូក្រាម។
តាមការអះអាងរបស់ឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការក្រសួង ពាណិជ្ជកម្មបានឲ្យដឹងថា តាមរយៈ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ដែលនឹងត្រូវបានចុះហត្ថលេខា និងចូលជាធរមាន នៅពេលខាងមុខនេះ យ៉ាងហោចណាស់នឹងអនុញ្ញាតឲ្យមុខទំនិញរបស់កម្ពុជាជាង ៣៤០ មុខ នឹងអាចនាំចេញចូលទៅកាន់ទីផ្សារចិន ដោយរួចពន្ធ ក្នុងនោះ ភាគច្រើនជាមុខទំនិញកសិកម្ម និងឧស្សាហកម្មកែច្នៃ។
លោក ងួន ឡាយបានគូសបញ្ជាក់ទៀតថា ក្នុងចំណោមម្រេចកំពតទាំងអស់ ចំនួនប្រហែល ៥០ ភាគរយត្រូវបានដឹកជញ្ជូនទៅកាន់សហគមន៍អឺរ៉ុប ខណៈដែល ២០ ភាគរយផ្សេងទៀតត្រូវបាននាំចេញទៅកាន់ប្រទេសផ្សេងៗ ជាពិសេសសហរដ្ឋអាមេរិក កាណាដា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងរុស្ស៊ី ហើយនៅសល់ ៣០ ភាគរយទៀតត្រូវបានប្រើប្រាស់ក្នុងស្រុក។
លោកងួន ឡាយ បញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចិនចំនួន២ ហើយបានទាក់ទងមកសមាគមម្រេចកំពត ដើម្បីសិក្សា ស្ទាបស្ទង់ពីតម្លៃ ប៉ុន្តែមិនទាន់មានលទ្ធផលនោះទេ។ លោកថា វិនិយោគិនចិនមិនមែនទើបតែវិនិយោគដំណាំម្រេចកំពតនៅពេលនេះទេ គឺកន្លងមកធ្លាប់មានវិនិយោគិនចិនធំមួយបានដាំម្រេចកំពតរួចហើយតែដោយសារកូវីដ-១៩ ត្រូវបានបោះបង់ការដាំម្រេចទៅវិញតាំងពីខែមករាមកម្លេះ ដោយសារខ្វះទីផ្សារនៅចិន។
លោក បានឲ្យដឹងទៀតថា ទិន្នផលម្រេចកំពតឆ្នាំនេះទទួលបានទាបជាងឆ្នាំទៅមិញពី១០០តោន មកនៅត្រឹមតែ៩០តោនប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋប្រមាណ៤០ភាគរយ ដែលដាំម្រេចលើផ្ទៃដីជាង ២០០ហិកតានោះ បានបោះបង់ការដាំម្រេចចោល ដោយសារតែខ្វះទីផ្សារ។
លោកបញ្ជាក់ថា ទីផ្សារម្រេចដែលគិតថាវាតូចជាងមុននេះ ក៏ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលធ្វើឲ្យទីផ្សារទេសចរនៅតាមតំបន់ទេសចរក្នុងស្រុកមួយចំនួនដែលកន្លងមក យ៉ាងហោចណាស់ ១កន្លែងៗគឺអាចលក់បានរហូត៥ ទៅ៨តោនផងដែរ ប៉ុន្តែឆ្នាំនេះគឺត្រូវបាត់បង់ទាំងស្រុង ដែលធ្វើឲ្យម្រេចដែលប្រើឈ្មោះម្រេចកំពតនៅសល់ក្នុងឃ្លាំងប្រមាណជាង ១២៥ តោននៅឆ្នាំនេះ។
លោកបន្ថែមថា ម្រេចដែលមិនប្រើឈ្មោះម្រេចកំពតបានលក់ចេញទៅទីផ្សារវៀតណាម ស្ទើរតែអស់ទៅហើយ ប៉ុន្តែម្រេចដែលប្រើឈ្មោះម្រេចកំពតវិញ ដែលជារួមលក់បានប្រមាណជុំវិញជាង ១០តោនប៉ុណ្ណោះទៅឲ្យក្រុមហ៊ុនតែ ៤បួនទេ ដែលទទួលទិញម្រេចកំពតសម្រាប់ការនាំចេញ។
លោកបានអះអាងទៀតថា តម្លៃម្រេចដែលប្រើឈ្មោះម្រេចកំពតនៅរក្សាតម្លៃដដែលគឺមិនមានការកើនឡើង ឬធ្លាក់ចុះនោះទេពោលគឺម្រេចខ្មៅ ១គីឡូក្រាមថ្លៃ១៥ ដុល្លារ ម្រេចក្រហម ២៥ដុល្លារ និងម្រេចស ថ្លៃ២៨ដុល្លារ ខណៈម្រេចមិនបានប្រើឈ្មោះម្រេចកំពតវិញ គឺមានតម្លៃ ចន្លោះពី ៧ពាន់រៀល ទៅ១ម៉ឺនរៀលក្នុងមួយគីឡូក្រាម៕