បើតាមរបាយការណ៍របស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា សរុបទាំង ៥ រោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជាឃើញថា ក្នុងមួយឆ្នាំៗ កម្ពុជាអាចផលិតស៊ីម៉ងត៍បានដោយខ្លួនឯង ប្រមាណជាង ៨លានតោនហើយ។ ក្នុងនោះ មានរោងចក្រចំនួន ៤ រោងចក្រ គឺសុទ្ធតែមានទីតាំង នៅខេត្តកំពត និង១ រោងចក្រទៀត គឺនៅខេត្តបាត់ដំបង។
រោងចក្រផលិតស៊ីម៉ងត៍ ទាំង ៥ ដែលបាននិងកំពុងដំណើរការនៅកម្ពុជារួមមាន៖
១, រោងចក្រស៊ីម៉ងត៍កំពត ស៊ីមេន ខូអិលធីឌី ឬគេនិយមហៅថា ខេស៊ីមេន (Kampot Cement Co., Ltd) មានទីតាំងនៅ ស្រុកបន្ទាយមាស និងស្រុកដងទង់ ខេត្តកំពត មានសមត្ថភាពផលិតស៊ីម៉ងត៍បាន ប្រមាណ ២លានតោនក្នុងមួយឆ្នាំ។
២, រោងចក្រស៊ីម៉ងត៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) មានទីតាំងនៅស្រុកកំពត ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ១,១លានតោនក្នុងមួយឆ្នាំ។
៣, រោងចក្រស៊ីម៉ងត៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) មានទីតាំងនៅស្រុកបន្ទាយមាស ខេត្តកំពត មានសមត្ថភាពផលិតប្រមាណ ២លានតោនក្នុងមួយឆ្នាំ។
៤, រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត មានទីតាំងស្ថិតនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មានសមត្ថភាពផលិតស៊ីម៉ង់តិ បានជិត ២លានតោនក្នុងមួយឆ្នាំ។
៥, រោងចក្រស៊ីម៉ងត៍ថៃប៊ុនរ៉ុង ស្ថិតនៅស្រុកដងទុង ខេត្តកំពត ជារោងចក្រស៊ីម៉ងត៍ថ្មីចុងក្រោយគេមួយ ដែលទើបតែបើកដំណើរការកាលពីថ្ងៃទី ១៤ វិច្ឆិកា ឆ្នាំ២០១៩នេះ។ រោងចក្រស៊ីម៉ងតិ៍ថៃប៊ុនរ៉ុងនេះ មានតម្លៃវិនិយោគ ១១០ លានដុល្លារអាមេរិក សាងសង់លើផ្ទៃដីទំហំជិត ៧០០ហិកតា ហើយវាមានសមត្ថភាពផលិតស៊ីម៉ងត៍បានប្រមាណ ២.៥០០តោនក្នុងមួយថ្ងៃ ឬស្មើនឹងជិត ១លានតោនក្នុងមួយឆ្នាំ។
បើតាមប្រសាសន៍របស់សម្តេច ហ៊ុន សែន តាមរយៈរោងចក្រផលិតស៊ីម៉ងត៍ របស់កម្ពុជាទាំង ៥ នេះ បានធ្វើឲ្យកម្ពុជាចំណេញប្រាក់ប្រមាណ ៥០០ ដុល្លារអាមេរិក ពីការទិញស៊ីម៉ងត៍ពីក្រៅប្រទេស។
យ៉ាងណាក៏ដោយចុះ សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ដែរថា ដ្បិតតែកម្ពុជាមានថ្មភ្នំច្រើនក៏ពិតមែន តែថ្មសម្រាប់ធ្វើស៊ីម៉ងត៍ និងសម្រាប់ធ្វើផ្លូវ គឺមានមិនច្រើននោះទេ ដោយសារតែថ្មទាំងនោះនៅខ្ចីពេក។ សម្តេច បានបន្ថែមទៀតថា នៅកម្ពុជា មានតែខេត្តចំនួន ៣ ប៉ុណ្ណោះ ដែលមានវត្ថុធាតុដើម សម្រាប់ផលិតស៊ីម៉ងត៍ រួមមាន ខេត្តកំពត បាត់ដំបង និងបន្ទាយមានជ័យ។
រោងចក្រផលិតស៊ីម៉ងត៍ចំនួន៥ខាងលើនេះ ផ្តល់ការងារជូនប្រជាពលរដ្ឋបានចំនួន ២.៧០០ នាក់ តែផ្តល់ការងារដោយប្រយោលរាប់ម៉ឺននាក់បន្ថែមទៀត។ នេះបើតាមការអះអាង របស់សម្តេច ហ៊ុន សែន ៕