ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតបានបញ្ជាក់ថា មកទល់ពេលនេះកម្ពុជាខួងអណ្តូងប្រេងបានចំនួន៥ហើយ ក្រោយកម្ពុជាទទួលបានដំណក់ប្រេងលើកដំបូងពីអណ្តូងទី១កាលពីចុងខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។ បច្ចុប្បន្នអ្នកជំនាញរបស់ក្រុមហ៊ុនរុករកប្រេង និងឧស្ម័ន KrisEnergy របស់សិង្ហបុរីកំពុងបូម និងធ្វើតេស្តលើអណ្តូងប្រេងទាំង៥ ដែលកម្ពុជាសម្រេចបានកាលពីចុងខែកុម្ភៈ។
ទោះយ៉ាងណា អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតរូបនេះ មិនបានបញ្ចាក់ពីចំនួនប្រេងដែលកម្ពុជាបូមបានសរុប និងបូមក្នុងមួយថ្ងៃៗបានប្រេងប៉ុន្មានបារ៉ែលនោះទេ។ ឯកឧត្តម គ្រាន់តែបញ្ជាក់ថា ពាក់ព័ន្ធរឿងបរិមាណប្រេងទុកឲ្យថ្នាក់លើជាអ្នកប្រកាសវិញ។
កម្ពុជា និងក្រុមហ៊ុន KrisEnergy នឹងបន្តរុករកអណ្តូងប្រេងជាបន្តបន្ទាប់ ក្រោយអណ្តូងប្រេងទាំង៥ មានដំណើរការល្អ។ នេះបើតាមការអះអាងរបស់ឯកឧត្តម ជៀប សួរ ដែលចាត់ទុកដំណើរការបូមប្រេងពីអណ្តូងទាំង៥ជាជំហានតូចមួយប៉ុណ្ណោះរបស់កម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងកន្លងមកថា ថវិកាដែលបានមកពីការលក់ប្រេងមិនទាន់អាចមានឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចជាតិជាដុំកំភួននោះទេ ហើយថវិកាទាំងនេះ សម្តេច នឹងយកទៅប្រើប្រាស់ដំបូងក្នុងវិស័យអាទិភាពចំនួនពីររួមមានវិស័យអប់រំ និងវិស័យសុខាភិបាល៕
សូមទស្សនាសេចក្តីរាយការណ៍លំអិតខាងក្រោម៖