បើតាមលោកឧកញ៉ា គួច ម៉េង កន្លងមក មានអ្នកតាំងខ្លួនជាអ្នកជំនួញរកស៊ីអចលនទ្រព្យនៅកម្ពុជា ដោយបានប្រមូលលុយពីពលរដ្ឋដែលធ្វើការនៅលើពិភពលោក ជាពិសេស នៅកូរ៉េខាងត្បូង ក្រោមរូបភាពការចូលហ៊ុន ប៉ុន្ដែ នេះជាសកម្មភាពបោកប្រាស់។
លោកឧកញ៉ាបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅស្រុកណាក៏ដូចស្រុកណាដែរ គេមិនដែលរកស៊ីផ្ញើលុយចូលហ៊ុននោះទេ មានតែមនុស្សល្ងង់ មិនចេះទុកដាក់លុយកាក់ក្នុងហោប៉ៅ អាហ្នឹង គេហៅថា ចាញ់បោកគេ»។ ឧទាហរណ៍ ថា ១០នាក់ហ្នឹង យកទៅចូលហ៊ុនគ្នា ម្នាក់នោះខ្ចីមិត្តភក្តិបួនដប់នាក់ទៀត ហើយក្មួយឯងខ្ចីមិត្តភក្តិ និងហៅគ្នាទៀត វាទាញគ្នាដូចសម្បុកពីងពាងអ៊ីចឹង។... ទីមួយ ដោយសារ លុយហ្នឹងតិចពេក គេមើលស្រាល ទីពីរ ពេលលុយចូលគ្នា បានផលក៏តិចដែរ ហើយបើចូលគ្នា ថ្ងៃក្រោយចៃដន្យចំណេញ ក៏វាស្តាយក្រោយដែរ អ៊ូ បើអញធ្វើតែម្នាក់ឯងចំណេញ១០០ភាគរយហើយ។ ចុះឡើងៗ រកវិធីហុចលុយឲ្យវិញមិនកើត ស៊ីដាច់បាត់»។
កន្លងមក មានអ្នកជំនួញមួយចំនួន បានទៅបើកសិក្ខាសាលា បញ្ចុះបញ្ចូលពលករនៅកូរ៉េខាងត្បូង ដើម្បីប្រមូលលុយពួកគេ ដោយគ្រាន់តែបង្ហាញគម្រោងអចលនទ្រព្យផ្សេងៗ ប៉ុន្ដែ ជាគម្រោងបោកប្រាស់ និងគ្មានច្បាប់ទទួលស្គាល់ជាដើម។ មានពលករខ្មែរនៅកូរ៉េខាងត្បូង មិនតិចទេ ដែលចាញ់បោកគេ។
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានណែនាំយុវជនខ្មែរទាំងអស់ កុំតក់ក្រហល់ និងគួរតែសន្សំលុយជាមុន ហើយបើចង់វិនិយោគ មិនត្រូវផ្ញើលុយនៅហោប៉ៅគេនោះទេ៕