ក្រុមហ៊ុន Hyundai បើករោងចក្រថ្មីនៅវៀតណាម

ក្រុមហ៊ុនយក្សកូរ៉េ Hyundai បើករោងចក្រផលិតរថយន្តថ្មីទី២នៅវៀតណាម ជាមួយសមត្ថភាពផលិតដល់ ១០ម៉ឺនគ្រឿងក្នុង១ឆ្នាំ


ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Hyundai បានបើកសម្ពោធរោងចក្រផលិតរថយន្តទី២ នៅវៀតណាម ដែលមានសមត្ថភាពអាចផលិតបានដល់ ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ខណៈការលក់រថយន្ត Hyundai បាននឹងកំពុងនាំមុខគូប្រជែងនានាទាំងអស់នៅក្នុងប្រទេសអាស៊ានមួយនេះ។ រោងចក្រថ្មីនេះ ស្ថិតក្រោមការចូលរួមសហការវិនិយោគរវាង Hyundai និងក្រុមហ៊ុនក្នុងស្រុកវៀតណាម Thang Cong Group ជាមួយនឹងទុនវិនិយោគ ១២៩លានដុល្លារ ដែលអាចផលិតរថយន្ដបានដល់ ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
Hyundai បើករោងចក្រផលិតរថយន្តថ្មីមួយទៀតនៅវៀតណាម

រោងចក្រថ្មីទី២របស់ Hyundai នៅប្រទេសវៀតណាមនេះ គ្របដណ្តប់លើទំហំផ្ទៃដី ៥០ហិចតា មានទីតាំងស្ថិតនៅក្នុងខេត្ត Ninh Binh ដោយមានសមត្ថភាពផលិតរថយន្តប្រមាណ ១០ម៉ឺនគ្រឿងក្នុង១ឆ្នាំ។ បើរួមបញ្ចូលទាំងរោងចក្រទីមួយដែលមានស្រាប់កំពុងដំណើរការនោះ គឺត្រូវបានរំពឹងថា ការផលិតអាចឈានដល់ ១៨ម៉ឺនគ្រឿងឯណោះក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០២៥។

សម្រាប់រោងចក្រទីពីរថ្មីនេះ គឺនឹងផលិតរថយន្តសម្រាប់នាំចេញទៅកាន់ប្រទេសនានាក្នុងតំបន់ និងសម្រាប់បន្ថែមក្នុងទីផ្សារក្នុងស្រុកផងដែរ។

លោក Nguyen Anh Tuan ប្រធានក្រុមហ៊ុន Thanh Cong បាននិយាយថា រោងចក្រថ្មីនេះ នឹងផលិតរថយន្តដែលប្រើបច្ចេកវិទ្យាចុងក្រោយបំផុតរបស់កូរ៉េខាងត្បូង ដែលមិនប៉ះពាល់បរិស្ថាន និងសន្សំសំចៃសាំង

សូមជម្រាបថា ក្រុមហ៊ុន Hyundai បានចូលទីផ្សារវៀតណាម ក្នុងឆ្នាំ២០០៩ ដោយចូលរួមទុនជាមួយក្រុមហ៊ុន Thanh Cong។ ក្នុងឆ្នាំ២០២១ Hyundai បានលក់រថយន្តក្នុងប្រទេសអាស៊ានមួយនេះ បានប្រហែល ៧ម៉ឺនគ្រឿង ពោលគឺវ៉ាដាច់ក្រុមហ៊ុន Toyota ទៀតផង ដែលគេជឿជាក់ថា វាជាចំនួនច្រើនជាងគេបំផុតក្នុងប្រទេសនេះ។

យោងតាមសមាគមផលិតរថយន្តវៀតណាម បានឱ្យដឹងថា ការលក់រថយន្តនៅក្នុងខែតុលាកន្លងទៅ មានចំនួនជាង ៣ម៉ឺន ៦ពាន់គ្រឿង កើនឡើងជិត២៣% បើប្រៀបធៀបនឹងខែតុលា ឆ្នាំមុន។ បើគិតក្នុងរយៈពេល ១០ខែនៃឆ្នាំ២០២២នេះ ការលក់រថយន្តសរុបក្នុងប្រទេសវៀតណាម មានចំនួនជិត៤០ម៉ឺនគ្រឿង កើនឡើង ៥២% បើប្រៀបធៀបនឹងឆ្នាំ២០២១។ លើសពីនេះ បើបូកបន្ថែមទាំងការលក់របស់ Hyundai និង VinFast ដែលមិនមែនជាសមាជិកសមាគមនេះ គឺអាចឈានដល់ជាង ៤០ម៉ឺនគ្រឿងឯណោះ៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


កត្តាសំខាន់ៗនៅពីក្រោយនៃការនាំចេញទំនិញពីចិនទៅអាមេរិកបន្តដាំក្បាលចុះក្នុងខែតុលា ជាអ្វីខ្លះ?

ការនាំចេញផលិតផលប្រើប្រាស់សំខាន់ៗរបស់ចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់តួលេខ២ខ្ទង់កាលពីខែតុលា កន្លងទៅនេះ នៅចំពេលដែល ស្ថានភាពទំនាក…

ក្នុងនាមប្រធានអាស៊ានកម្ពុជារៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកចុងក្រោយនៅសប្ដាហ៍នេះ

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានឹងដឹកនាំកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២២។ ហើយនេះ គ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ