ធនាគារថៃ ខ្នាតយក្ស Krungsri និងធនាគារយក្សជប៉ុន MUFG បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) កាលពីថ្ងៃទី១៧ ខែកញ្ញា ជាមួយធនាគារឥណ្ឌូនេស៊ីមាន Bank Danamon ធនាគារហ្វីលីពីន Security Bank និងធនាគារវៀតណាម មាន VietinBank។
សូមបញ្ជាក់ផងដែរថា ធនាគារយក្សជប៉ុន MUFG សុទ្ធតែមានទុនវិនិយោគនៅក្នុងធនាគារទាំង៣ខាងលើនេះ។
ធនាគារទាំងអស់នេះនឹងជួយបណ្ដាក្រុមហ៊ុនថៃ ជ្រៀតចូលទៅកាន់ទីផ្សារថ្មីៗក្នុងតំបន់អាស៊ីអាគ្នេយ៍ និងចាប់ផ្តើមអាជីវកម្មថ្មីៗនៅទីនោះ។ លើសពីការផ្តល់ហិរញ្ញប្បទាន ធនាគារទាំងនេះ ក៏នឹងផ្ដល់អនុសាសន៍ ឬបង្ហាញផ្លូវទាក់ទិននឹងបញ្ហានិយ័តកម្ម និងការធានាឱ្យពួកគេទទួលបានទីតាំងសម្រាប់ការផលិតផងដែរ។
កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយនេះអាចបង្កើតឱកាសសម្រាប់ធនាគារថៃ Krungsri ជ្រៀតខ្លួនចូលទៅក្នុងបណ្ដាប្រទេសមានសេដ្ឋកិច្ច កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងដាំក្បាលចុះ។
លោក យ៉ាស៊ូស៊ី អ៊ីតាហ្គាគី (Yasushi Itagaki) អនុប្រធានធនាគារយក្សជប៉ុន MUFG បានថ្លែងក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងបាងកកប្រទេសថៃថា ធនាគារជប៉ុន MUFG នឹងបន្តធ្វើជាដៃគូ ដើម្បីជួយបណ្ដាក្រុមហ៊ុនថៃ ឱ្យធ្វើអាជីវកម្មទទួលបានជោគជ័យនៅក្រៅប្រទេស។
លោក ប៊ុនសី អូគូបូ (Bunsei Okubo) ប្រធានផ្នែករបស់ធនាគារសាជីវកម្មជប៉ុន និងពហុជាតិសាសន៍នៅធនាគារថៃ Krungsri បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ធនាគារ Krungsri មានគោលដៅជួយគាំទ្រក្រុមហ៊ុនថៃ រហូតដល់ទៅប្រមាណ១០០ក្រុមហ៊ុន ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេសនៅត្រឹមឆ្នាំសារពើពន្ធ២០២៦។
លោកបានបន្ថែមថា ធនាគារ Krungsri នឹងរៀនសូត្រតាមចំណេះជំនាញដែលធនាគារយក្សជប៉ុន MUFG ទទួលបានតាមរយៈការជួយគាំទ្រដល់បណ្ដាក្រុមហ៊ុនជប៉ុន ក្នុងការពង្រីកទីផ្សារនៅក្រៅប្រទេស។
សូមបញ្ជាក់ថា ធនាគារថៃ Krungsri ត្រូវបានធនាគារយក្សជប៉ុន MUFG ទិញយកអំឡុងឆ្នាំ២០១៣។ ប្រាក់ចំណេញសុទ្ធរួមបញ្ចូលគ្នារបស់ធនាគារ Krungsri បានកើនឡើង៧%ឈានដល់៩៨៦លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៣។ ធនាគារ Krungsri មានភាពខ្លាំងផ្នែកផ្ដល់កម្ចីរថយន្ត និងសេវាកម្មធនាគារលក់រាយផ្សេងទៀត ហើយកំពុងធ្វើអាជីវកម្មកាន់តែច្រើនជាមួយអតិថិជនជាក្រុមហ៊ុនសាជីវកម្មថៃ ក៏ដូចជាក្រុមហ៊ុនជប៉ុនផងដែរ៕
ដោយ: តែម សុខុម