នៅជិត២ខែមកនេះ បន្ទាប់ពីទីក្រុងហូជីមិញ បានចាប់ផ្ដើមបើកសេដ្ឋកិច្ចឡើងវិញ មានក្រុមហ៊ុន រោងចក្រជាច្រើនចាប់ផ្ដើមមានបញ្ហាកង្វះខាតកម្លាំងពលកម្ម ដែលធ្វើឲ្យការផលិតយឺតមិនអាចឆ្លើយតបបានគ្រប់គ្រាន់តាមតម្រូវការបញ្ជាទិញ។ តួយ៉ាង ក្រុមហ៊ុនផលិតភេសជ្ជៈ Tang Quang Minh Manufacturing & Trading មានបុគ្គលិកចូលធ្វើការត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ បើធៀបនឹងចំនួនដែលធ្លាប់មានកាលពីមិនទាន់មានមេរោគរាតត្បាត។
បុគ្គលិក មិនព្រមត្រឡប់មកធ្វើការវិញ គឺជាអ្នកដែលបានធ្វើដំណើរទៅស្រុកកំណើត ហើយមិនចង់ត្រឡប់មកទីក្រុងវិញ ហើយខ្លះទៀតមានឆ្លងកូវីដ១៩ និងជាប់ពាក់ព័ន្ធផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដ១៩ជាដើម។
អគ្គនាយកក្រុមហ៊ុនផលិតភេសជ្ជៈTang Quang Minh លោក ង្វៀន ដាង ហៀន (Nguyen Dang Hien) បាននិយាយថា ដើម្បីសម្រួលដល់ភាពងាយស្រួលដល់កម្មករ ក្រុមហ៊ុនត្រូវរៀបចំឡានក្រុង ដើម្បីដឹកជញ្ជូនកម្មករពីខេត្តផ្សេងៗ មកធ្វើការនៅរោងចក្រក្នុងទីក្រុងហូជីមិញ ហើយត្រូវដឹកកម្មករត្រឡប់ទៅវិញជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះ ក្រុមហ៊ុន ក៏បានបង្កើនប្រាក់ឈ្នួល និងអត្ថប្រយោជន៍ធានារ៉ាប់រងផ្សេងៗទៀតសម្រាប់ពួកគេផងដែរ។
មិនមែនតែក្រុមហ៊ុនក្នុងស្រុកនៅវៀតណាមទេ ដែលកំពុងខ្វះខាតកម្លាំងពលកម្ម ក្រុមហ៊ុនបរទេសផ្សេងៗទៀតក៏ជួបបញ្ហានេះដែរ។ ក្រុមហ៊ុនទាំងនោះ ក៏បានព្យាយាមផ្សព្វផ្សាយរើសរកបុគ្គលិកតាមមធ្យោបាយនានា រួមទាំងបណ្ដាញទំនាក់ទំនងសង្គមដែរ ប៉ុន្ដែ មិនសូវមានអ្នកដាក់ពាក្យច្រើននោះទេ។ ឥឡូវនេះ ក្រៅតែពីខំរកបុគ្គលិកថ្មីៗ ក្រុមហ៊ុននៅវៀតណាមមួយចំនួន ក៏កំពុងខិតខំរក្សាបុគ្គលិកដែលកំពុងមានស្រាប់ផងដែរ។ ជាក់ស្ដែង មានក្រុមហ៊ុនមួយចំនួន បានផ្ដល់ជូនប្រាក់ឧបត្ថម្ភដល់បុគ្គលិកជាស្ត្រី ដែលមានកូនតូចអាយុក្រោម៦ឆ្នាំ និងស្ត្រីមានផ្ទៃពោះជាដើម។
ទីក្រុងហូជីមិញ ត្រូវការកម្មករនយោជិតប្រមាណ ជាង៤ម៉ឺន ទៅជិត៦ម៉ឺននាក់នៅក្នុងត្រីមាសទី៤នៅឆ្នាំនេះ ខណៈដែលខេត្តជាប់ៗនេះ ក៏មានតម្រូវការបុគ្គលិករាប់ម៉ឺនដែរ។
សម្រាប់ក្រុមហ៊ុននៅក្នុងវិស័យកាត់ដេរវិញ ក៏បាននិងកំពុងសម្រួលគោលនយោបាយបន្ថែមម៉ោងដើម្បីទាក់ទាញកម្មករឲ្យចូលធ្វើការផងដែរ។ នេះបើតាមការអះអាងរបស់ប្រធានសមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម។ បន្ថែមពីនេះ ក៏នៅមានកម្មករនិយោជិត នៅមិនទាន់ទទួលបានហិរញ្ញវត្ថុគាំទ្រពីរដ្ឋាភិបាលនៅឡើយទេ ហើយបច្ចុប្បន្នខាងសមាគមវាយនភណ្ឌ និងកាត់ដេរវៀតណាម កំពុងជំរុញឲ្យរដ្ឋពន្លឿនការផ្ដល់ជូននេះ៕