បើតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ បានគូសបញ្ជាក់ថា ភាគីទាំងពីរ រំពឹងនឹងជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យមានកំណើនចន្លោះ ១០% ទៅ ១៥% ក្នុងឆ្នាំ ២០២០នេះ។
ការនាំចេញទំនិញរបស់ឡាវទៅកាន់វៀតណាម ក្នុងរយៈពេល ៩ខែដើមឆ្នាំ ២០២០ មានកំណើនទាបបំផុត ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ក៏ប៉ុន្តែវាជាកំណើនវិជ្ជមានមួយ សម្រាប់អំឡុងពេលនៃវិបត្តិមេរោគដ៏កាចសាហាវនេះ។
មុខទំនិញនាំចេញសំខាន់ៗ ទៅកាន់ទីផ្សារវៀតណាម រួមមាន ទឹកពិសារ, រ៉ែ, ផលិតផលឈើ និងផលិតផលកសិកម្ម ដូចជា កៅស៊ូ កាហ្វេ ដំឡូង និងអង្ករជាដើម។
ទោះយ៉ាងណា ការនាំទំនិញពីប្រទេសវៀតណាម មកកាន់ប្រទេសឡាវ វិញ ក្នុងរយៈពេល ៣ត្រីមាសនេះ មានការថមថយចុះមកនៅត្រឹម ៤១០លានដុល្លារអាមេរិក ដែលកាលពីពេលដូចគ្នា ឆ្នាំ ២០១៩ មានដល់ទៅ ៤៥៨លានដុល្លារអាមេរិក។
ជារួម វៀតណាម គឺជា ដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី ៣ របស់ប្រទេសឡាវ ហើយក៏ជាអ្នកវិនិយោគធំជាងគេលំដាប់ទី ៣ដូចគ្នា នៅក្នុងប្រទេសឡាវដែរ ដោយឈរនៅពីក្រោយ ប្រទេសថៃ និងប្រទេសចិន។
គួរជម្រាបដែរថា ប្រទេសឡាវ រំពឹងនឹងសម្រេចបាននូវ ទំហំពាណិជ្ជកម្មសរុប ១៣ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០នេះ តែការព្យាករនេះ ត្រូវបានកាត់បន្ថយមកនៅត្រឹម ១២ពាន់លានដុល្លារអាមេរិកវិញ ដោយសារតែវិបត្តិមេរោគកូវីដ-១៩៕