ក្រសួងសុខាភិបាលឡាវកាលពីថ្ងៃពុធទី២១មេសា បានរកឃើញអ្នកវិជ្ជមានកូវីដ១៩សរុបចំនួន ២៨នាក់ ក្នុងនោះ ២ករណីជាពលករមកពីប្រទេសថៃ និង ២៦ករណីទៀតជាការចម្លងក្នុងសហគមន៍នៅវៀងចន្ទន៍រដ្ឋធានីរបស់ប្រទេសឡាវផ្ទាល់តែម្តង។ ការចម្លងក្នុងសហគមន៍លើកនេះ ត្រូវបានគេជឿថា បានចាប់ផ្តើមរីករាលដាលនៅអំឡុងថ្ងៃឈប់សម្រាកនៃបុណ្យចូលឆ្នាំថ្មីរបស់ឡាវកាលពីពាក់កណ្តាលខែមេសាកន្លងមក។
ភ្លាមៗក្នុងថ្ងៃដដែល នាយករដ្ឋមន្ត្រីឡាវ លោក ផាន់ខាំ វីផាវ៉ាន់ បានចេញមកធ្វើសន្និសិទសារព័ត៌មានមួយ ដោយបានប្រកាសសម្រេចបិទខ្ទប់រដ្ឋធានីវៀងចន្ទន៍រយៈពេល១៤ថ្ងៃសិន ដោយឡែកសម្រាប់រដ្ឋបាលតាមបណ្តាខេត្តផ្សេងទៀត ត្រូវបានលោកទទូចឱ្យពិចារណាពីវិធានការដូចគ្នានេះដែរ ដើម្បីទប់ស្កាត់ការរីករាលដាលឆ្លងកូវីដ១៩ឲ្យបានទាន់ពេលវេលា។
វិធានការបិទខ្ទប់របស់ឡាវ ចាប់ផ្តើមអនុវត្តពីថ្ងៃព្រហស្បតិ៍ទី ២២មេសារហូតដល់ថ្ងៃទី៥ខែឧសភា។ ចំនួនបុគ្គលិកនិងមន្ត្រីរាជការទាំងក្នុងស្ថាប័នរដ្ឋនិងឯកជនត្រូវកំណត់មកធ្វើការត្រឹមចំនួនតិចបំផុតតាមដែលអាចធ្វើបាន លើកលែងតែកងកម្លាំងប្រដាប់អាវុធប៉ុណ្ណោះ។ ស្របពេលជាមួយគ្នានេះដែរ ពលរដ្ឋដែលមិនមានភារកិច្ច ពុំត្រូវបានគេអនុញ្ញាតឲ្យចេញពីផ្ទះនោះទេលើកលែងមានតម្រូវការចាំបាច់ណាមួយ។ ការធ្វើដំណើរចេញនិងចូលរដ្ឋធានីវៀងចន្ទន៍ក៏ត្រូវបានហាមឃាត់ដូចគ្នាដែរ។
សូមជម្រាបថា កន្លងមកប្រទេសក្បែរខាងកម្ពុជាមួយនេះ ហាក់មានភាពស្ងប់ស្ងាត់ និងទប់ស្កាត់កូវីដ១៩បានល្អជាងគេ បើធៀបនឹងប្រទេសផ្សេងៗក្នុងតំបន់ ពោលប្រទេសឡាវមានអ្នកឆ្លងកូវីដ១៩សរុប ៨៨នាក់ប៉ុណ្ណោះ រាប់ចាប់តាំងពីមានករណីដំបូងកាលពីខែមីនាឆ្នាំ២០២០។ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៤៩នាក់ និងពុំមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕