មេដឹកនាំអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាម៉េរិក បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការដែនសមុទ្រ ដែលសម្បូរដោយពាណិជ្ជកម្មរបស់អាស៊ី ខណៈដែលប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ចូ បៃដិន កំពុងរៀបចំការចាកចេញពីសេតវិមាន។ លោក បៃដិន ដែលនឹងចាកចេញពីសេតវិមាននៅក្រោយការបោះឆ្នោត នៅថ្ងៃទី៥ ខែវិច្ឆិកា បានដឹកនាំអាម៉េរិក ធ្វើជាម្ចាស់ផ្ទះ ទទួលសមភាគីមកពីក្រុមប្រទេស Quad ដែលត្រូវបានបង្កើតឡើងដោយសារតែការព្រួយបារម្ភរួមគ្នាអំពីប្រទេសចិន។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អេនថូនី អាល់បាណេស នៅស្រុកកំណើតរបស់លោកផ្ទាល់ លោក បៃដិន បានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សា Quad ដែលគាត់មើលឃើញថា ជាសមិទ្ធផលនៃគោលនយោបាយការបរទេសដ៏សំខាន់របស់លោក។
នៅក្រោយពេលបញ្ចប់កិច្ចប្រជុំ មេដឹកនាំទាំង៤ បានប្រកាសពង្រីកប្រតិបត្តិការសន្តិសុខសមុទ្ររួមគ្នានៅឆ្នាំក្រោយ ហើយក៏មានគម្រោងពង្រីកភាពជាដៃគូឥណ្ឌូប៉ាស៊ីហ្វិក សម្រាប់ការយល់ដឹងអំពីដែនសមុទ្រ នៅពេលអនាគតខាងមុខផងដែរ។
នៅក្នុងកិច្ចប្រជុំកំពូលនេះ លោក ចូ បៃដិន បាននិយាយអំពីចិនចំៗ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍រួម គឺមិនមានការបញ្ចេញឈ្មោះរដ្ឋាភិបាលចិនឡើយ ប៉ុន្តែមេដឹកនាំទាំង៤ បានថ្កោលទោសសកម្មគំរាមកំហែង និងការបំភិតបំភ័យនៅក្នុងសមុទ្រចិន ខាងត្បូង។
ក្រុមអ្នកវិភាគបាននិយាយថា គំនិតផ្តួចផ្តើមសន្តិសុខដែនសមុទ្រថ្មី នឹងផ្ញើសារទៅកាន់ទីក្រុងប៉េកាំង និងតំណាងឱ្យការផ្លាស់ប្តូរបន្ថែមទៀត នៃការសង្កត់ធ្ងន់លើសកម្មភាពរបស់ Quad ចំពោះបញ្ហាសន្តិសុខ ដែលឆ្លុះបញ្ចាំងពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីចេតនារបស់ប្រទេសចិន។
ពាក់ព័ន្ធនឹង Quad នេះ ទីក្រុងប៉េកាំង មិនដែលបង្ហាញចេតនាគាំទ្រឡើយ ហើយតែងតែហៅគំនិតផ្តួចផ្តើមនានា ដែលដាក់ចេញកន្លងមកថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីឡោមព័ទ្ធទីក្រុងប៉េកាំង និងបង្កើនជម្លោះ។ ក្រៅពីចិន សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំទាំង៤ ក៏បង្ហាញនូវភាសាមុតស្រួចអំពីប្រទេសកូរ៉េខាងជើង ដោយថ្កោលទោសការបាញ់មីស៊ីលផ្លោងរបស់ប្រទេសនេះ ផងដែរ៕
ដោយៈ សរ សុជាតិ