ទីក្រុងវៃឆ្លាតសំដៅដល់ទីក្រុងមួយដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងប្រព័ន្ធឌីជីថល ដែលអាចបង្កលក្ខណៈងាយស្រួលក្នុងការដោះស្រាយបញ្ហានានារបស់ទីក្រុង ក្នុងន័យជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងបង្កើតឱកាសថ្មីៗ។ ថ្នាកដឹកនាំខេត្តសៀមរាបរំពឹងថា តាមរយៈទីក្រុងវៃឆ្លាតនេះ វានឹងជួយលើកសម្រស់ក្រុងសៀមរាបមួយកម្រិតទៀតក្នុងការទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ។
ក្រុងសៀមរាប បានឈានទៅមួយកម្រិតទៀតហើយ បន្ទាប់ពីរដ្ឋបាលខេត្ត ក៏ដូចជាក្រុងសៀមរាប ដាក់ចេញនូវផែនការរៀបចំក្រុងសៀមរាប ដែលបណ្តុំដោយតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ ឲ្យក្លាយជាទីក្រុងវៃឆ្លាតក្នុងពេលឆាប់ៗខាងមុខនេះ។ តាមរយៈគម្រោងនេះ វានឹងជួយរួមចំណែកលើកមុខមាត់ក្រុងសៀមរាបនិយាយដោយឡែក និងខេត្តសៀមរាបនិយាយជារួម ឲ្យកាន់តែមានភាពល្អប្រសើរមួយកម្រិតទៀតក្នុងការទាក់ទាញអ្នកវិនិយោគ ក៏ដូចជាភ្ញៀវទេសចរ។
ទោះបីបច្ចុប្បន្នកម្ពុជា ក៏ដូចជាខេត្តសៀមរាបកំពុងទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ តែលោក សុខ ថុល នាយករដ្ឋបាលខេត្តសៀមរាបបានបញ្ជាប់ប្រាប់ខេមបូណូមីសថា បញ្ហានេះមិនបានរំខានដល់ដំណើរការអភិវឌ្ឍន៍ក្រុងសៀមរាបឲ្យក្លាយជាទីក្រុងវៃឆ្លាតនោះទេ ខណៈបច្ចុប្បន្នក្រុមអ្នកជំនាញ រួមជាមួយរដ្ឋបាលខេត្ត និងក្រុងសៀមរាបកំពុងធ្វើការងារលើបញ្ហានេះយ៉ាងសម្រាក់សស្រាំ។
ជាមួយគ្នានេះឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ដើម្បីរៀបចំក្រុងសៀមរាបឲ្យស្របតាមផែនការទីក្រុងឆ្លាតវៃរបស់សមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តសៀមរាបបានដាក់សំណើរសុំជំនួយបច្ចេកទេសពីអង្គការ JICA តាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ ពោលគឺក្រោយក្រុងសៀមរាបត្រូវបានដាក់បញ្ចូលទៅក្នុងសមាជិកនៃបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន-ជប៉ុននៅឆ្នាំ២០១៨។
ឯកឧត្តម បានបន្ថែមថា ក្រោយក្រុងសៀមរាបក្លាយជាសមាជិកសមាគមបណ្តាញទីក្រុងឆ្លាតវៃអាស៊ាន រដ្ឋបាលខេត្តបានរៀបចំផែនការក្នុងការបង្កើនការចំណាយសាធារណៈវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដើម្បីបង្កលក្ខណងាយស្រួលក្នុងការរៀបចំទីក្រុងឆ្លាតវៃនេះ។ ជាក់ស្តែងរាជរដ្ឋាភិបាលកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវចំនួន៣៨ខ្សែក្នុងខេត្តសៀមរាប ដែលមកទល់ពេលនេះសម្រេចបានប្រមាណ៦០%ហើយ។
បើតាមឯកឧត្តម ទៀ សីហា ការអភិវឌ្ឍទីក្រុងឆ្លាតវៃនេះ គឺដើម្បីឆ្លើយតបនឹងតម្រូវការ និងការអភិវឌ្ឍន៍ជាសកល ដែលប្រទេសជាច្រើននៅលើពិភពលោកបានអនុវត្តរួចទៅហើយ។
សម្រាប់ការរៀបចំទីក្រុងសៀមរាបឲ្យក្លាយជាទីក្រុងឆ្លាតវៃនេះ ដោយមានការសហការពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។ បើតាមលោក សុខ ថុល ក្រោយសិក្សាអស់រយៈពេលជាង១ឆ្នាំ ភាគីជំនាញទាំងពីរនេះ នឹងផ្តោតលើការរៀបចំគម្រោងប្រមូល និងវិភាគទិន្នន័យអំពីទីក្រុងឆ្លាតវៃ និងគម្រោងរៀបចំបណ្តាញកាំមេរ៉ាសុវត្ថិភាពក្នុងទីក្រុង។ តែយ៉ាងណានាយករដ្ឋបាលរូបនេះមិនដឹងពីចំនួនថវិកា ដែលគ្រោងចំណាយលើការរៀបចំទីក្រុងឆ្លាតវៃនេះនោះទេ។
បើតាមក្របខណ្ឌទីក្រុងឆ្លាតវៃអាស៊ាន ទីក្រុងឆ្លាតវៃជាទីក្រុងមួយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងប្រព័ន្ធឌីជីថលបួករួមនឹងមធ្យោបាយមិនមែនបច្ចេកវិទ្យា ដែលអាចជួយដោះស្រាយបញ្ហាប្រឈមនានារបស់ទីក្រុង ពោលគឺធ្វើយ៉ាងណាដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងការបង្កើតឱកាសថ្មីៗ៕