កម្មវិធីទ្រទ្រង់មួយនេះ គឺជាគម្រោងអនាម័យទីពីររបស់ក្រុមហ៊ុនលីប្រេស្ស ដែលមានគោលបំណងផ្ដល់លទ្ធភាពដល់ការទទួលបានអនាម័យកាន់តែប្រសើរនៅតាមសាលារដ្ឋមួយចំនួននៅក្នុងប្រទេស។ គម្រោងទីមួយ ត្រូវបានផ្ដល់ជូនដល់យុវសិស្សនារីនៅវិទ្យាល័យ នរោត្តម រណឫទ្ធិ គន្ធបុប្ផា ក្នុងខេត្តកំពង់ចាម កាលពីខែមិថុនា ឆ្នាំ២០២១។
ខណៈដែលកម្ពុជាស្ថិតក្នុងដំណើរក្លាយទៅជាប្រទេសអភិវឌ្ឍមួយនៅអាស៊ីអាគ្នេយ៍ អត្រាប្រជានជន ៧៧% នៃប្រជាជនកម្ពុជាសរុបប្រមាណជា ១៦លាននាក់ កំពុងរស់នៅតំបន់ជនបទ នេះបើយោងតាមទិន្នន័យរបស់ World Bank Open Data។ ប្រជាជនកម្ពុជាជាច្រើននៅទីជនបទ ជាពិសេសនារីៗបន្តប្រឈមនឹងបញ្ហាលំបាកក្នុងការរស់នៅប្រចាំថ្ងៃ ដោយសារកង្វះខាតការទទួលបានអនាម័យគ្រប់គ្រាន់ កង្វះខាតបន្ទប់ទឹកស្អាត និងកង្វះខាតផលិតផលអនាម័យផ្ទាល់ខ្លួន។
សិស្សានុសិស្សវិទ្យាល័យសាមគ្គី ២៧៧នាក់ ដែល ៥០% ជាសិស្សនារីក៏ស្ថិតក្នុងស្ថានភាពកង្វះខាតនេះដែរ ដោយត្រូវប្រើរួមគ្នានូវបន្ទប់ទឹកដែលមានលក្ខណៈមិនសមស្រប។ យុវសិស្សនារីដែលស្ថិតក្នុងដំណាក់កាលពេញវ័យរបស់ពួកគេចាំបាច់ត្រូវមានបង្គន់ដែលសាងសង់បានត្រឹមត្រូវ និងអនាម័យល្អដើម្បីថែរក្សាអនាម័យផ្ទាល់ខ្លួន ជាពិសេសអំឡុងពេលដែលមានរដូវ។ ក្រុមហ៊ុនលីប្រេស្ស Libresse® ជឿជាក់ថា តាមរយៈការផ្ដល់បន្ទប់ទឹកអនាម័យគ្រប់គ្រាន់ នៅតាមសាលា យុវសិស្សនារីនឹងទទួលបានផាសុកភាព និងទំនុកចិត្តបន្ថែមដែលធ្វើឲ្យពួកគេអាចផ្ដោតលើការសិក្សាបានពេញលេញ។
សម្រាប់យុវសិស្សនារី ការណ៍ដែលមានបន្ទប់ទឹកអនាម័យពិតជាចាំបាច់ណាស់ ព្រោះពួកគេផ្ដោតខ្លាំងលើសុខភាព និងអនាម័យរបស់ពួកគេ។ ក្រុមហ៊ុនលីប្រេស្ស Libresse® ប្ដេជ្ញាចិត្តក្នុង ការផ្ដល់គុណភាពនៃជីវិតរស់នៅរបស់យុវតី និងស្ត្រីទូទាំងប្រទេសកម្ពុជា និងប្រឹងប្រែងពុះពារ ដើម្បីផ្ដល់ភាពជឿជាក់ដល់ជីវិតសង្គម និងជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។ តាមរយៈការអប់រំ ការកសាងសមត្ថភាព និងការផ្ដល់ធនធាន ក្រុមហ៊ុនលីប្រេស្ស Libresse® មានទំនុកចិត្តថា ការឧបត្ថម្ភនេះ នឹងអាចជួយឲ្យយុវតីយល់បានកាន់តែប្រសើរអំពីសុខភាពរាងកាយ និងមានភាពជឿជាក់ថាពួកគេជានរណា។
ក្នុងការរក្សាចក្ខុវិស័យរបស់ពួកគេ ដើម្បីពង្រឹងសុខុមាលភាពតាមរយៈដំណោះស្រាយសុខភាពនិងអនាម័យឈានមុខនោះ ការឧបត្ថម្ភរបស់លីប្រេស្ស Libresse® ដល់សិស្សានុសិស្សនៅតាមសាលា នឹងនាំមកនូវផលវិជ្ជមានដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ធ្វើឲ្យពួកគេសម្រេចបានការសិស្សាពេញលេញ និងឈានដល់គោលដៅជីវិតផ្ទាល់ខ្លួនរបស់ពួកគេ។
ជាមួយកម្មវិធីអនាម័យដែលកំពុងអនុវត្តនេះ ក្រុមហ៊ុនលីប្រេស្ស Libresse® នឹងបន្តផ្ដល់បង្គន់ និងបន្ទប់ទឹកអនាម័យនៅតាមសាលាមួយចំនួនទៀត ដើម្បីយុវសិស្សនារីរស់នៅបានកាន់តែមានសុវត្ថិភាពនិងសុខភាព ដែលធ្វើឲ្យពួកគេអាចផ្ដោតការយកចិត្តទុកដាក់ពេញលេញលើអ្វីដែលមានសារៈសំខាន់សម្រាប់ពួកគេ គឺការសិក្សា។
នៅក្នុងសុន្ទរកថា អំឡុងពិធីប្រគល់បន្ទប់ទឹកអនាម័យនោះ លោក ហៀង សុខ នាយកវិទ្យាល័យ សាមគ្គី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនលីប្រេស្ស Libresse® ក្នុងខ្លឹមសារដូច្នេះថា៖ «យើងខ្ញុំសូមអរគុណចំពោះ ក្រុមហ៊ុនលីប្រេស្ស Libresse® សម្រាប់ការបរិច្ចាគបន្ទប់ទឹកអនាម័យទាំងនេះដល់វិទ្យាល័យយើងខ្ញុំ។ ការដែលមានបន្ទប់ទឹកអនាម័យរួចរាល់ ពិតជាមានសារៈ សំខាន់ណាស់ សម្រាប់ដំណើរការអប់រំប្រចាំថ្ងៃប្រកបដោយភាពរលូននៅសាលារបស់យើង ពីព្រោះសាលាមានសិស្សានុសិស្សយ៉ាងច្រើនដែលយើងត្រូវបំពាក់បំប៉នចំណេះដឹងជាមួយការរក្សាអនាម័យគ្រប់គ្រាន់ និងត្រឹមត្រូវ។ បន្ទប់ទឹកអនាម័យទាំងនេះ ប្រាកដជា នឹងផ្ដល់ផាសុកភាព និងភាពងាយស្រួលដល់សិស្សានុសិស្សរបស់យើង។” លោកនាយក ក៏បានបញ្ជាក់ផងដែរថា “ គំនិតផ្ដួចផ្ដើមដ៏ល្អ ពីសម្ព័ន្ធក្រុមហ៊ុនវីនដា(Libresse®) ជាសកម្មភាពសប្បុរសគួរឲ្យកត់សម្គាល់ សម្រាប់ជាគំរូដល់សិស្សានុសិស្សរបស់យើងឲ្យបានដឹងពីរបៀបដែលអាជីវកម្មអាចផ្តល់ជូននូវផលប្រយោជន៍មកកាន់សហគមន៍វិញ»។
ជាមួយការប្រគល់បន្ទប់ទឹកអនាម័យសប្បុរសធម៌ជាផ្លូវការនេះ ក្រុមហ៊ុនលីប្រេស្ស Libresse®) ក៏បានផ្ដល់កញ្ចប់អំណោយ និងកូនសៀវភៅអប់រំ អំពីរដូវស្ត្រី ដល់សិស្សានុសិស្ស និង គ្រូបង្រៀនចំនួន ៣០០នាក់ផងដែរ ដើម្បីជួយសម្រួលដល់ពួកគាត់ក្នុងការស្វែងយល់បន្ថែមអំពីការថែទាំសុខភាពអំឡុងពេលមករដូវ។
ការប្ដេជ្ញាចិត្តរបស់ម៉ាកសញ្ញា ចំពោះការរស់នៅរបស់នារី និងស្ត្រីកាន់តែប្រសើរឡើង លោក Sreang Enghor តំណាងក្រុមហ៊ុនលីប្រេស្ស (Libresse®) បានមានប្រសាសន៍ក្នុងសុន្ទរកថារបស់លោកថា “លីប្រេស្ស ជឿជាក់ថា ការអប់រំពិតជាមានសារៈសំខាន់ណាស់ ក្នុងការពង្រឹងគុណភាពជីវិតរស់នៅរបស់ស្ត្រីកម្ពុជា។ ជាមួយបន្ទប់ទឹកអនាម័យគ្រប់គ្រាន់ និងការយល់ដឹងអំពីការរក្សាអនាម័យ យើងសង្ឃឹមថា យើងអាចចូលរួមកាត់បន្ថយអត្រាបោះបង់ការសិក្សាក្នុងចំណោមយុវសិស្សនារី។ ” សម្ព័ន្ធក្រុមហ៊ុនវីនដា(Libresse®) អាស៊ីអាគ្នេយ៍ (ម៉ាឡេស៊ី) តាមរយៈម៉ាកសញ្ញាលីប្រេស្ស (Libresse®) ជាបុត្រសម្ព័ន្ធរបស់ខ្លួន គឺជាក្រុមហ៊ុនទទួលបានពានរង្វាន់ “Gender-responsive Marketplace Award” ដោយសារការគាំទ្រពេញលេញរបស់ខ្លួនក្នុងការសម្រួលដល់ការពង្រឹងអំណាចស្ត្រី តាមរយៈការចូលរួមក្នុងសង្គម និងដោយមានរបៀបធុរកិច្ចប្រកបដោយប្រព័ន្ធច្បាស់លាស់ ដើម្បីពង្រឹងគុណភាពជីវិតរស់នៅរបស់ស្ត្រី។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ហ្វេសប៊ុកផេក Libresse Cambodia ៕