ADB

ADB ព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ខ្ពស់ជាង IMF ដោយប្រហាក់ប្រហែល​តួ​លេខរបស់ក្រសួងសេដ្ឋកិច្ចកម្ពុជា


ក្រោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកនៅត្រឹម ៣% សម្រាប់ឆ្នាំនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញទស្សនវិស័យវិជ្ជមានជាងនេះ ដោយអះអាងនៅក្នុងរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចប្រចាំខែកក្កដា របស់ខ្លួនថា កម្ពុជា នៅតែអាចរក្សាបានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់៤,១%។
វិស័យសេដ្ឋកិច្ច
ដោយ

តែយ៉ាងណា ADB បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិករួមទាំងកម្ពុជា នៅតែជួបបញ្ហាប្រឈមមួយចំនួន ជាពិសេសបញ្ហាបង្កឡើងដោយសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាតែម្តង។ យ៉ាងណាមិញការព្យាកររបស់ ADB នេះវាប្រហាក់ប្រហែលនឹងការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាដែរ ដោយរំពឹងសម្រេចបានកំណើនក្នុងរង្វង់៤,២% នៅឆ្នាំនេះ។
ធនាគារអភិវឌ្ឍន៍អាស៊ីបានសម្រេចទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចសម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក មកនៅត្រឹម៤,៩% សម្រាប់ឆ្នាំ២០២៦ បើប្រៀបធៀបទៅនឹងកំណើន៥,៥% កាលពីឆ្នាំ២០២៥ ខណៈដែលទស្សនវិស័យកំណើនរបស់កម្ពុជា ក៏ត្រូវបានកែសម្រួលក្នុងនិន្នាការថយចុះនេះដូចគ្នា។ កាលពីឆ្នាំ២០២៥ កន្លងទៅ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា សម្រេចបានក្នុងកម្រិត៥,៣% ប៉ុន្តែសម្រាប់ឆ្នាំ២០២៦ នេះ កម្ពុជា ត្រូវបានព្យាករថា នឹងអាចសម្រេចបានកំណើនត្រឹមតែ៤,១% ប៉ុណ្ណោះ។ ប៉ុន្តែនៅឆ្នាំ២០២៧ សេដ្ឋកិច្ចកម្ពុជាត្រូវបាន ADB ដំឡើងការព្យាករកំណើនដល់៤,៧%។
ផ្អែកតាមរបាយការណ៍របស់ធនាគារ ADB មូលហេតុចម្បងដែលនាំឱ្យមានការថយល្បឿន នៃកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក គឺបណ្តាលមកពីការរំខានយ៉ាងខ្លាំងនៅក្នុងទីផ្សារថាមពលសកល ដែលបង្កឡើងដោយវិបត្តិជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ា។ ផលប៉ះពាល់នេះ បានជះឥទ្ធិពលអវិជ្ជមានទៅលើទស្សនវិស័យរួមរបស់តំបន់ធ្ងន់ធ្ងរជាងការរំពឹងទុកនាពេលកន្លងមក។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការព្យាករកំណើនសម្រាប់ឆ្នាំ២០២៧ សម្រាប់តំបន់ទាំងមូល នៅតែត្រូវបានរក្សាក្នុងកម្រិត៥,១% ដែលវាបានឆ្លុះបញ្ចាំងពីសកម្មភាពងើបឡើងវិញ នៃសេដ្ឋកិច្ច នៅពេលដែលរលកសម្ពាធទាំងនេះចាប់ផ្តើមថយថមចុះ។
ទោះជាយ៉ាងណាធនាគារ ADB រំពឹងថា ការរំខានដល់ទីផ្សារថាមពលសកលនឹងធូរស្រាលបន្តិចម្តងៗ បើទោះបីជាផលប៉ះពាល់ជារួមបានរីករាលដាលហួសពីវិស័យថាមពលទៅយាយីលើតម្លៃជីកសិកម្ម តម្លៃទំនិញប្រើប្រាស់ផ្សេងៗ ខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងសម្ពាធ នៃអតិផរណាក៏ដោយ។ ក្នុងនោះអតិផរណាជារួមនៅក្នុងតំបន់សម្រាប់ឆ្នាំនេះ ត្រូវបានព្យាករថា នឹងហក់ឡើងដល់រង្វង់៤,៣% បើប្រៀបធៀបនឹងកម្រិតត្រឹមតែ៣%កាលពីឆ្នាំ២០២៥។
លោក អាល់បឺត ផាក (Albert Park) ប្រធានក្រុមអ្នកសេដ្ឋកិច្ចរបស់ ADB បានអះអាងថា ការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌប្រកបដោយចីរភាព នឹងដើរតួជាចំណែកមួយជួយធ្វើឱ្យទីផ្សារថាមពលសកលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ប៉ុន្តែទោះជាយ៉ាងណា ល្បឿននៃការកែតម្រូវនេះនៅតែមានភាពមិនប្រាកដប្រជាខ្ពស់ រួមជាមួយហានិភ័យធ្លាក់ចុះគួរឱ្យកត់សម្គាល់។
ប្រធានក្រុមអ្នកសេដ្ឋកិច្ចរូបនេះបានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលកំពុងអភិវឌ្ឍន៍នាពេលនេះ នៅតែបង្ហាញពីភាពធន់ខ្ពស់ ប៉ុន្តែឧបសគ្គ និងបញ្ហាប្រឈមបណ្តាលមកពីជម្លោះភូមិសាស្ត្រនយោបាយបានបង្ខំឱ្យរដ្ឋាភិបាលនៃប្រទេសនីមួយៗ ត្រូវតែធ្វើតុល្យភាពគោលនយោបាយដោយប្រុងប្រយ័ត្នបំផុតរវាងការជំរុញការគាំទ្រកំណើនសេដ្ឋកិច្ច និងការទប់ស្កាត់ការហក់ឡើងនៃអតិផរណា។
តួលេខព្យាកររបស់ធនាគារ ADB ខាងលើ វាប្រហាក់ប្រហែលនឹងការព្យាកររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជាដែរ ដោយក្រសួងសេដ្ឋកិច្ចព្យាករថា នៅក្នុងឆ្នាំ២០២៦ នេះ សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងរង្វង់៤,២% ដោយផ្អែកលើវឌ្ឍនភាពនៃសូចនាករសេដ្ឋកិច្ចសំខាន់ៗក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៦ គួបផ្សំនឹងការពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន ក្នុងនោះវិស័យបម្រើការនាំចេញ ពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរមានកំណើនល្អប្រសើរជាងរំពឹងទុក។ លើសពីនេះ សកម្មភាពចាយវាយក្នុងស្រុកនៅបន្តរក្សាបាននូវនិន្នាការវិជ្ជមាន ដែលឆ្លុះបញ្ចាំងតាមរយៈនិន្នាការវិជ្ជមាននៃអាករលើតម្លៃបន្ថែមក្នុងស្រុក និងការនាំចូលទំនិញប្រើប្រាស់។

ដោយឡែកមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងថមថយកំណើនមកនៅត្រឹម៣%នៅឆ្នាំ២០២៦ មុនងើបឡើងវិញនៅក្នុងឆ្នាំ២០២៧។ ការបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចនេះ ផ្អែកលើតម្លៃថាមពលនៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់, តម្រូវការពីទីផ្សារខាងក្រៅទន់ខ្សោយ ជាពិសេសផលប៉ះពាល់ផ្នែកកេរ្តិ៍ឈ្មោះ ដែលផ្សារភ្ជាប់ទៅនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអនឡាញ ដែលបានយាយីដល់សកម្មភាពសេដ្ឋកិច្ច ធ្វើឱ្យការងើបឡើងវិញ នៃវិស័យទេសចរណ៍មានភាពយឺតយ៉ាវជាងការរំពឹងទុក ព្រមទាំងបង្កជាហានិភ័យដល់ស្ថិរភាព នៃវិស័យហិរញ្ញវត្ថុផងដែរ។ បន្ថែមលើនេះ វិស័យអចលនទ្រព្យ និងសំណង់ក្នុងស្រុក ក៏នៅតែបន្តស្ថិតក្នុងភាពទន់ជ្រាយនៅឡើយ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ ទទួលបានអាជ្ញាបណ្ណពីនិយ័តករបរធនបាលកិច្ច សម្រាប់ការផ្តល់សេវារក្សាសុវត្ថិភាព ឬ សេវារក្សាទុក

ធនាគារ ខេប៊ីប្រាសាក់ ម.ក ដែលជាធនាគារពាណិជ្ជឈានមុខ ដែលប្ដេជ្ញាផ្តល់ដំណោះស្រាយហិរញ្ញវត្ថុប្រចាំថ្ងៃប្រកបដោយភាពងាយស្រួលនិងរលូន បានទទួលជាផ្លូ…

លោក អានុទីន ឆ្លងផុតសំណាញ់ច្បាប់រឿងខ្ចីលុយជិត១២ពាន់លានដុល្លារ តែវិបត្តិសេដ្ឋកិច្ចនៅតែតាមលងបន្លាច

រដ្ឋាភិបាលចម្រុះរបស់លោក អានុទីន ឆានវីរៈគុល បានធូរស្បើយមួយគ្រាក្រោយតុលាការធម្មនុញ្ញថៃ បានកាត់សេចក្ដីជួយលាងជម្រះភាពមន្ទិលសង្ស័យជុំវិញក្រឹត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ