ពាក់ព័ន្ធនឹងបញ្ហាចាក់ស្រេះក្នុងការផ្គត់ផ្គង់ត្រីនេះ ត្រូវបានអ្នកចិញ្ចឹមត្រីក្នុងស្រុកអះអាងថា ដោយសារកម្ពុជាបើកឲ្យមានការនាំចូលត្រីពីក្រៅប្រទេសច្រើនពេក ខណៈក្រសួងកសិកម្ម វិញអះអាងថា បញ្ហានេះអាចបណ្តាលមកពីតម្លៃត្រីក្នុងស្រុកថ្លៃជាងត្រីនាំចូល។ សំណួរថា តើតម្លៃត្រីក្នុងស្រុកពិតជាថ្លៃជាងតម្លៃត្រីនាំចូលដែរឬយ៉ាងណា? ហើយបើថ្លៃជាង មកពីមូលហេតុអ្វី?
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអះអាងថា ពលរដ្ឋខ្មែរពិតជាមានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ក្នុងការចិញ្ចឹមត្រីប្រកបដោយគុណភាពនិងបរិមាណ ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារក្នុងស្រុក។ ប៉ុន្ដែ ក្រសួងកសិកម្មលើកឡើងថា តម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជា នៅតែជួបបញ្ហាប្រឈមមិនទាន់អាចដោះស្រាយបាននៅឡើយទេ។
កត្តាមួយក្នុងចំណោមកត្តាជាច្រើនដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការដោះសា្រយបញ្ហារបស់ក្រសួងកសិកម្ម គឺបញ្ហាប្រកួតប្រជែងទីផ្សារត្រីក្នុងស្រុក។ ពាក់ព័ន្ធបញ្ហានេះ ក្រសួងកសិកម្មកត់សម្គាល់ឃើញថា ត្រីចិញ្ចឹមនៅក្នុងស្រុក នៅតែមានថ្លៃដើមខ្ពស់ជាងត្រីនាំចូលពីក្រៅប្រទេស ដែលជាហេតុធ្វើឲ្យត្រីក្នុងស្រុកមានការពិបាកក្នុងការប្រជែងដណ្តើមទីផ្សារជាមួយត្រីនាំចូល ដ្បិតវាមានតម្លៃថ្លៃជាងត្រីនាំចូល។
ពាក់ព័ន្ធបញ្ហានេះ ក្រុមអ្នកចិញ្ចឹមត្រីនៅកម្ពុជាទទួលស្គាល់ថា ត្រីចិញ្ចឹមដោយពលរដ្ឋក្នុងស្រុកមានតម្លៃថ្លៃជាងត្រីនាំចូលពីក្រៅប្រទេសតិចតួចប៉ុណ្ណោះ។ ពលរដ្ឋអះអាងទៀតថា កត្តាដែលធ្វើឲ្យត្រីចិញ្ចឹមក្នុងស្រុកមានតម្លៃត្រីនាំចូលដោយសារការចិញ្ចឹមត្រីក្នុងស្រុកចំណាយដើមទុនច្រើនជាងត្រីនាំចូល ព្រោះរាល់វត្ថុធាតុដើមដូចជាកូនត្រី និងចំណីជាដើមភាគច្រើននាំចូលពីបរទេស។
បើតាមរបាយការរបស់សមាគមវារីវប្បករកម្ពុជាបច្ចុប្បន្នកម្ពុជានៅសល់ត្រីល្មមចាប់ជាង១ម៉ឺនតោនកំពុងចាល់តាមអាងចិញ្ចឹមត្រីដោយសារខ្វះឈ្មួយចុះទៅទិញ។
បញ្ហាត្រីចាល់នេះ ត្រូវបានក្រុមអ្នកចិញ្ចឹមត្រីនៅកម្ពុជាកត់សម្គាល់ឃើញថា
ដោយសារតម្រូវការត្រីក្នុងស្រុកមានថយចុះ
គួបផ្សំការនាំចូលត្រីពីក្រៅប្រទេសនៅមានបរិមាណច្រើន។
ឆ្លើយតបនឹងការលើកឡើងរបស់ពលរដ្ឋ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ក្រសួងកសិកម្ម មាននាយកដ្ឋានរដ្ឋបាលជនផលជាសេនាធិការ មិនបានចេញលិខិតអនុញ្ញាតឲ្យនាំចូលប្រភេទត្រីមាននៅក្នុងស្រុកពីក្រៅប្រទេសនោះទេ បើមានក៏មានក្នុងបរិមាណតិចតួចបំផុត។ ឯកឧត្តមទទួលស្គាល់ថាការចិញ្ចឹមត្រីរបស់ពលរដ្ឋក្នុងស្រុកមានការចំណាយដើមទុនច្រើនជាងត្រីនាំចូល ហើយតម្លៃលក់ចេញទៀតសោតក៏មានតម្លៃខ្ពស់ជាងផងដែរ។ ប៉ុន្តែឯកឧត្តមជឿជាក់ថា ប្រសិនបើមានការរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់ និងបង់ពន្ធនាំចូលត្រឹមត្រូវ នោះតម្លៃត្រីនាំចូល នឹងមានប្រហាក់ប្រហែលនឹងតម្លៃត្រីចិញ្ចឹមក្នុងស្រុក ដែលអាចប្រកួតប្រជែងគ្នាបាន។
ក្រុមអ្នកចិញ្ចឹមនៅកម្ពុជា បានលើកឡើងដែរ ចំពោះការចិញ្ចឹមត្រីក្នុងស្រុក គឺអនុវត្តតាមបច្ចេកទេស និងក្បួនខ្នាតត្រឹមត្រូវគ្មានការប្រើសារធាតុជំរុញឲ្យឆាប់ធំ ដែលធ្វើប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋអ្នកបរិភោគ ខុសពីត្រីនាំចូលពីក្រៅប្រទេសមួយចំនួន ដែលប្រើអ័រម៉ូនជំរុញឲ្យឆាប់ធំ។ បើតាមអ្នកជំនាញចិញ្ចឹមត្រីនៅកម្ពុជា ការចិញ្ចឹមត្រីបែបធម្មជាតិអាចចំណាយពេលរហូតជាង៣ខែទើបល្មមចាប់លក់បាន ខណៈការចិញ្ចឹមដោយប្រើអ័រម៉ូនជំរុញ គឺប្រើពេលវេលាតែជាង១ខែ ឬពីរប៉ុណ្ណោះ។
ជាមួយគ្នានេះ ក្រុមវារីវប្បករកម្ពុជាស្នើឲ្យឈ្មួញ និងប្រជាពលរដ្ឋកម្ពុជាជួយគាំទ្រត្រីចិញ្ចឹមក្នុងស្រុក ដ្បិតវាមានគុណភាព រស់ជាតិឆ្ងាញ់ជាងត្រីនាំចូលពីក្រៅប្រទេស ដែលភាគច្រើនចិញ្ចឹមដោយមិនគិតពីសុខភាពរបស់អ្នកបរិភោគ។ ការបរិភោគត្រីចិញ្ចឹមក្នុងស្រុកមិនត្រឹមតែជួយលើកកម្ពស់សុខភាពពលរដ្ឋ និងវិស័យវារីវប្បកម្មនៅកម្ពុជានោះទេ តែជាការរួមចំណែកជួយដល់សេដ្ឋកិច្ចជាតិ។
របាយការណ៍របស់ក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ដោយសារតែមានគោលនយោបាយជំរុញពីរាជរដ្ឋាភិបាល
បានធ្វើឲ្យផលិតកម្មវារីវប្បកម្មនៅកម្ពុជានៅឆ្នាំ២០២០ បានកើនឡើងដល់ទៅ៣០%
ធៀបនឹងឆ្នាំ២០១៩៕