លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានចាត់ទុកការហក់ឡើងការនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា នៅក្នុងរយៈពេល៤ខែដំបូង នៃឆ្នាំ២០២៦ នេះថា ជាសញ្ញាវិជ្ជមានមួយសម្រាប់ប្រជាកសិករ ដោយសារតែឆ្នាំនេះតម្លៃស្វាយចន្ទីមានស្ថិរភាពល្អ ព្រោះតែបណ្ដាប្រទេសនៅតំបន់អាហ្វ្រិក បានផ្អាកការនាំចេញ។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះបានកត់សម្គាល់ថា លទ្ធផលនេះមិនមែនជាចំណុចវិជ្ជមានសម្រាប់ខ្សែច្រវាក់កែច្នៃក្នុងស្រុកនោះទេ ព្រោះសមត្ថភាពកែច្នៃរបស់កម្ពុជា នាពេលបច្ចុប្បន្ននៅមានកម្រិតទាបនៅឡើយ ខណៈលទ្ធភាពក្នុងការប្រមូលទិញដើម្បីស្តុកទុកនៅតែជាបញ្ហាប្រឈមធំ ស្របពេលដែលពាណិជ្ជករវៀតណាម កំពុងមានតម្រូវការខ្ពស់ក្នុងការប្រមូលទិញយកទៅកែច្នៃ។
យោងតាមទិន្នន័យក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល៤ខែឆ្នាំ២០២៦ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅបានចំនួន៨៣ម៉ឺន១ពាន់តោនទៅកាន់ប្រទេសវៀតណាម ជាមួយចំណូលជាង១,៤ពាន់លានដុល្លារ មានការកើនឡើងជាង២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លទ្ធផលនេះវាហាក់ផ្ទុយស្រឡះពីការព្រួយបារម្ភកាលពីដើមឆ្នាំអំពីផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុមកលើទិន្នផលចន្ទី។ ការកើនឡើងនៃការនាំចេញនេះ ត្រូវបានសមាគមស្វាយចន្ទីកម្ពុជា វាយតម្លៃថា ភាគច្រើនដោយសារវិធានការសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីជួយកសិករដោយផ្ទាល់។
បើតាមការបញ្ជាក់របស់ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កម្ពុជាមានរោងចក្រ សហគ្រាស និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីចំនួន៥២ ដែលមានសមត្ថភាពកែច្នៃបានជាង២ម៉ឺន១ពាន់តោនក្នុង១ឆ្នាំ។ គ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃប្រមាណ៩៥% ត្រូវបាននាំចេញទៅប្រទេសវៀតណាម ឥណ្ឌា និងចិន ខណៈគ្រាប់កែច្នៃរួចត្រូវបាននាំចេញទៅទីផ្សារជប៉ុន រុស្ស៊ី និងប្រទេសបារាំងជាដើម។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២៥ កន្លងទៅ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានជាង១,២ លានតោន និងបាននាំចេញទៅទីផ្សារអន្តរជាតិសម្រេចបានប្រមាណ១,៥០០លានដុល្លារកើនឡើង២៧% បើធៀបនឹងឆ្នាំ២០២៤។ បច្ចុប្បន្នកម្ពុជាមានផ្ទៃដីដាំដុះស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
អត្ថបទ៖ បូ ដូឡា