ករណីនេះកំពុងក្លាយជាសញ្ញាព្រមានមួយសម្រាប់បណ្ដាប្រទេសផលិតទុរេនផ្សេងៗរួមទាំងកម្ពុជា ផងដែរ ខណៈដែលកសិករជាច្រើនកំពុងនាំគ្នាពង្រីកការដាំទុរេនដោយរំពឹងថា ទីផ្សារចិននឹងបន្តមានតម្លៃខ្ពស់ និងអាចស្រូបទិញទិន្នផលរបស់ពួកគេបានច្រើន។ ប៉ុន្តែការពិត គឺទីផ្សារណាមួយក៏មានដែនកំណត់របស់វាដែរ ប្រសិនបើការផលិតកើនលឿនជាងតម្រូវការ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។
នៅឆ្នាំ២០២៦ នេះ ម៉ាឡេស៊ី កំពុងជួបរដូវកាលទុរេនដ៏លំបាកដោយសារចម្ការទុរេនជាច្រើនដែលបានដាំកាលពីប៉ុន្មានឆ្នាំមុនចាប់ផ្តើមឱ្យផលព្រមៗគ្នាក្នុងពេលតែមួយ ដែលធ្វើឱ្យទិន្នផលទុរេនកើនឡើងលើសសមត្ថភាពទីផ្សារក្នុងស្រុក និងការនាំចេញ។ បច្ចុប្បន្ន ម៉ាឡេស៊ីអាចដឹកជញ្ជូនទុរេនស្រស់ទៅកាន់ប្រទេសចិន តាមផ្លូវអាកាសបានត្រឹមប្រមាណ៤០តោនប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលមិនអាចបញ្ចេញទិន្នផលដ៏ច្រើនបានទាន់ពេល។ ដូចនេះហើយរដ្ឋាភិបាលម៉ាឡេស៊ី កំពុងចរចាជាមួយអាជ្ញាធរចិន ដើម្បីបើកផ្លូវដឹកជញ្ជូនតាមផ្លូវគោកឆ្លងកាត់ប្រទេសថៃ ឡាវ និងវៀតណាម ក្នុងគោលបំណងកាត់បន្ថយថ្លៃដឹកជញ្ជូន និងបង្កើនបរិមាណនាំចេញ។ ជាមួយគ្នានេះ អាជ្ញាធរម៉ាឡេស៊ី ក៏គ្រោងទិញទុរេនប្រមាណ១,០០០តោនពីកសិករ ដើម្បីជួយសម្រាលបញ្ហាផលិតផលលើសទីផ្សារផងដែរ។
ទិន្នន័យបង្ហាញថា ម៉ាឡេស៊ី ផលិតទុរេនបានរហូតដល់ទៅជាង៥៥ម៉ឺនតោនក្នុងមួយឆ្នាំ។ ការពង្រីកផ្ទៃដីដាំ និងបច្ចេកវិទ្យាដាំដុះដែលធ្វើឱ្យដើមទុរេនឆាប់ផ្តល់ផលបានជំរុញឱ្យទិន្នផលកើនឡើងយ៉ាងលឿន។ ជាលទ្ធផលទុរេននៅឆ្នាំនេះបានធ្លាក់ថ្លៃខ្លាំងរហូតដល់ទៅប្រមាណ៥០% បើធៀបនឹងឆ្នាំ២០២៥។ ទោះបីជាប្រទេសចិន នៅតែជាទីផ្សារដ៏ធំសម្រាប់ទុរេនអាស៊ីអាគ្នេយ៍យ៉ាងណាក៏ដោយ ក៏ការប្រកួតប្រជែងក៏កាន់តែខ្លាំងក្លា ព្រោះប្រទេសថៃ និងវៀតណាម ក៏កំពុងបង្កើនការនាំចេញទៅកាន់ទីផ្សារយក្សមួយនេះដូចគ្នាដែរ។
សម្រាប់កម្ពុជា ករណីនេះអាចជាមេរៀនដ៏សំខាន់ដោយសារបច្ចុប្បន្នមានកសិករមួយចំនួនកំពុងងាកទៅដាំទុរេនកាន់តែច្រើន ដោយសារមើលឃើញពីតម្លៃខ្ពស់ និងតម្រូវការនៅទីផ្សារចិន។ នៅតំបន់ខ្លះក៏មានការប្តូរពីដំណាំផ្សេងៗដូចជា កៅស៊ូ ឬស្វាយចន្ទីមកដាំទុរេនផងដែរ។ ប៉ុន្តែប្រសិនបើការពង្រីកផ្ទៃដីដាំកើនឡើងលឿន ដោយមិនសិក្សាពីតម្រូវការទីផ្សារ គុណភាពផលិតផល និងផែនការនាំចេញឱ្យបានច្បាស់ទេ នោះកម្ពុជា ក៏អាចប្រឈមបញ្ហាផលិតលើសទីផ្សារ និងតម្លៃធ្លាក់ចុះដូចដែលម៉ាឡេស៊ី កំពុងជួបប្រទះនៅពេលនេះដែរ។
ក្រុមអ្នកជំនាញបានលើកឡើងថា ការអភិវឌ្ឍវិស័យទុរេនឱ្យមាននិរន្តរភាពមិនគួរផ្អែកតែលើការពង្រីកការដាំដុះនោះទេ ប៉ុន្តែត្រូវផ្តោតលើគុណភាព ស្តង់ដាអនាម័យ ការកែច្នៃ ការបង្កើនតម្លៃបន្ថែម និងការពង្រីកទីផ្សារនាំចេញឱ្យបានចម្រុះ ដើម្បីកាត់បន្ថយហានិភ័យ ប្រសិនបើទីផ្សារធំណាមួយប្រែប្រួលនៅពេលអនាគត៕
ដោយ: តែម សុខុម