បច្ចុប្បន្ន មានក្រុមហ៊ុនរកស៊ីក្នុងវិស័យនេះមួយចំនួន បានផ្អាកដំណើរការជាបណ្តោះអាសន្ន និងជាច្រើនទៀតកំពុងប្រឈមហានិភ័យ។ តាមការវាយតម្លៃ ពីអ្នកជំនាញក្នុងវិស័យនេះ នឹងមានក្រុមហ៊ុនជាច្រើនប្រឈមនឹងការបិទទ្វារ ឬ ក្ស័យធនប្រសិនបើជំងឺកូវីដ-១៩ បន្តអុកឡុកកាន់តែយូរបន្តទៀតនៅកម្ពុជា។ ទោះជាបែបនេះក្ដី ក្រុមអ្នករកស៊ីក្នុងវិស័យជញ្ជូន នៅតែរំពឹងថា ការសម្រេចបាននូវផែនការចាក់វ៉ាក់សាំង និង ការចាក់ដូសជំរុញ នឹងក្លាយជាកម្លាំងជំរុញឲ្យវិស័យដឹកជញ្ជូនអាចនឹងស្ទុះងើបចេញពីបញ្ហាប្រឈមទាំងនេះបាន។
ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជាបានអះអាងប្រាប់ខេមបូណូមីសថា វិស័យដឹកជញ្ជូនរបស់កម្ពុជានៅតែរងការគំរាមកំហែងពីមេរោគរាតត្បាតកូវីដ-១៩ ដែលធ្វើឲ្យអ្នករកស៊ីក្នុងវិស័យនេះ មានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងការបន្តប្រតិបត្តិការរបស់ខ្លួន។ អ្នកជំនាញរូបនេះមើលឃើញថា ក្រុមហ៊ុនដែលជាសមាជិករបស់សមាគមជាច្រើននៅតែបន្តជួបបញ្ហាហិរញ្ញវត្ថុដែលអាចធ្វើឲ្យពួកគេប្រឈមនឹងបិទទ្វារ ឬក្ស័យធននាពេលខាងមុខ ប្រសិនបើជំងឺរាតត្បាតសកលមួយនេះនៅបន្តអូសបន្លាយយូរទៀតនៅកម្ពុជា។
អ្នកជំនាញរូបនេះ បានគូសបញ្ជាក់បន្ថែមថា តាមការសិក្សាស្រាវជ្រាវរបស់សមាគម បច្ចុប្បន្នមានក្នុងចំណោមសមាជិកសមាគមជាង១២០ក្រុមហ៊ុន មានក្រុមហ៊ុនតិចតួចប៉ុណ្ណោះ ដែលកំពុងដំណើរការ ហើយអាចរកចំណូល ដើម្បីទ្រទ្រង់ដំណើរការ និងប្រតិបត្តិការរបស់ខ្លួន ខណៈមួយចំនួនធំកំពុងបន្តដង្ហើមរស់ទាំងលំបាកលំប៉ិននិងមួយចំនួនបានបិទទ្វារផ្អាកដំណើរទៅហើយ។
ពាក់ព័ន្ធបញ្ហានេះដែរលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញបានកត់សម្គាល់ថា តាំងពីកម្ពុជាទទួលរងនូវការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មកដល់បច្ចុប្បន្នវិស័យដឹកជញ្ជូននៅកម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយទេ។ ហើយ ក៏មិនមានអ្នកណាម្នាក់ដឹងប្រាកដថា វិស័យនេះអាចនឹងវិលមករកភាពល្អប្រសើរឡើងវិញនៅពេលណានោះដែរ។
ប្រធានសមាគមរូបនេះ បានវាយតម្លៃថា មកទល់បច្ចុប្បន្នក្នុងចំណោមសមាជិកជាង៥០ ក្រុមហ៊ុន ប្រមាណ២០% ហើយ បានផ្អាកដំណើរការបណ្ដោះអាសន្នដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ នេះ។ ប៉ុន្តែ លោក កត់សម្គាល់ឃើញថា ក្រុមហ៊ុនដែលបានបិទទ្វារទាំងនោះ ភាគច្រើនជាក្រុមហ៊ុនដឹកជញ្ជូនខ្នាតតូច ខណៈក្រុមហ៊ុនធំៗនៅតែអាចបន្តដំណើរការក្នុងវិបត្តិជាសកលមួយនេះ។
សូមបញ្ជាក់ថា កន្លងមកដើម្បីជួយដល់អាជីវកម្ម និងពលរដ្ឋរងគ្រោះដោយសារតែកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការ៩ជុំរួចមកហើយ ដោយវិធានការជុំទី៩នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ចេញនៅចុងខែមិថុនាឆ្នាំ២០២១។
ក្រៅតែពីជួយដល់វិស័យទេសចរណ៍ និងកាត់ដេរ វិធានការជុំចុងក្រោយនេះ ក៏បានជួយដល់វិស័យដឹកជញ្ជូន និងឡូជីស្ទិកដែរ ដោយអនុញ្ញាតលើកលែងកម្រៃអាជ្ញាបណ្ណជើងសារគយសម្រាប់ឆ្នាំ២០២១ និងឆ្នាំ២០២២ ដោយការលើកលែងនេះ ផ្អែកលើការវាយតម្លៃជាក់ស្ដែង៕