ការវិនិយោគលើតំបន់ដែលជាទីតាំងសម្រាប់បម្រើដល់សង្វាក់ផលិតកម្មរបស់សហគ្រាសធុនតូចនិងមធ្យមនេះ គឺដោយសារតែលោកឧកញ៉ា សៀ ឫទ្ធី បានមើលឃើញថា វិស័យឧស្សាហកម្មសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងមានការរីកចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ ហើយក៏កំពុងមានតម្រូវការទីតាំងសម្រាប់គាំទ្រដល់សង្វាក់ផលិតកម្មកាន់តែច្រើនផងដែរ។
លោកឧកញ៉ាបន្ថែមទៀតថា ការវិនិយោគលើតំបន់សម្រាប់វិស័យសហគ្រាសធុនតូចនិងមធ្យមនេះ ក៏ជាការកាត់បន្ថយការចំណាយទៅក្រៅប្រទេសនៃវិស័យនេះផងដែរ។
លោកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងយ៉ាងដូច្នេះថា «ជាទិសដៅរបស់យើង! យើងមិនចង់ឲ្យមានលំហូរសាច់ប្រាក់ចេញពីស្រុកខ្មែរយើង ទៅកាន់ប្រទេសជិតខាង ឬប្រទេសក្នុងតំបន់នោះទេ។ ឧទាហរណ៍ យើងនាំចេញតែផលិតផលមួយ តែយើងត្រូវទិញពីគេមកវិញ១០ ដែលនេះជាអ្វីដែលយើងមិនចង់ឲ្យមានលំហូរសាច់ប្រាក់ទាំងនេះទៅក្រៅប្រទេស។ ដូច្នេះ ដើម្បីឲ្យសាច់ប្រាក់របស់យើងមានចរន្ដវិលចុះឡើងនៅក្នុងស្រុកបាន យើងចាំបាច់ត្រូវបង្កើតឲ្យមានជាសង្វាក់ផលិតកម្មឲ្យកាន់តែច្រើនឡើង ហើយយើងត្រូវជួយជ្រោមជ្រែងឲ្យមានការផលិតក្នុងស្រុក ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ធនធាន និងកម្លាំងពលកម្មក្នុងស្រុក។ ហើយជាទិសដៅ ខ្ញុំចង់ឲ្យមានការវិនិយោគបង្កើតតំបន់សម្រាប់ SME នេះឲ្យមានចេញជារូបរាងឡើងនៅក្នុងឆ្នាំនេះ»។
លោកឧកញ៉ា សៀ ឫទ្ធី បានគូសបញ្ជាក់ទៀតថា ការបង្កើតនូវទីតាំងសម្រាប់សហគ្រាសធុនតូចនិងមធ្យមនេះ នឹងផ្ដល់អត្ថប្រយោជន៍និងឱកាសជាច្រើនសម្រាប់ពួកគេ តួយ៉ាង សង្វាក់ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធ គួបផ្សំជាមួយនឹងហិរញ្ញប្បទានដែលផ្ដល់ដោយធនាគារជាដើម ព្រោះថា នៅពេលដែលសហគ្រាសធុនតូចនិងមធ្យមទាំងនោះ មកធ្វើការផលិតនៅក្នុងទីតាំងនៃឆ័ត្រតែមួយនោះ ពួកគេនឹងងាយទទួលបានការផ្ដល់ជូនហិរញ្ញប្បទានពីធនាគារ និងការគាំទ្រមួយចំនួនពីរាជរដ្ឋាភិបាលផងដែរ។
សូមជម្រាបថា តាមរបាយការណ៍ពីក្រសួងឧស្សាហកម្មនិងសិប្បកម្ម បានបង្ហាញថា ត្រឹមដំណាច់ឆ្នាំ២០១៧កន្លងទៅ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម ដែលបានចុះបញ្ជីផ្លូវការ មានចំនួនសរុប ជាង ១៥ម៉ឺន ៥ពាន់ មូលដ្ឋាន និងបានផ្ដល់ការងារដល់ពលរដ្ឋជាង ១លាននាក់ ខណៈដែលរោងចក្រធុនធំ ដែលបានចុះបញ្ជី មានចំនួនសរុបជាង១ពាន់៥០០រោងចក្រ ដែលភាគច្រើនស្ថិតនៅក្នុងផ្នែកឧស្សាហកម្មតម្បាញ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ព្រមជាមួយនឹងការផ្ដល់ការងារជាង ៨៤ម៉ឺននាក់ ដល់ប្រជាពលរដ្ឋកម្ពុជាផងដែរ៕