បើតាមការគូសបញ្ជាក់ពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការទទួលស្វាគមន៍ទេសចរមូស្លីម ឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារជាក់ស្តែង ព្រមទាំងប្តេជ្ញាជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហាឡាលជូនដល់ភ្ញៀវទេសចរមូស្លីមទាំងជាតិ និងអន្តរជាតិឱ្យកាន់តែមានភាពសម្បូរបែប និងទូលំទូលាយបន្ថែមទៀត។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានចាត់ទុកវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាឆ្នាំ២០២៦ គឺបានបង្ហាញពីការវិវត្តមួយកម្រិតបន្ថែមទៀតក្នុងការអភិវឌ្ឍទេសចរណ៍មូស្លីមនៅកម្ពុជា តាមរយៈការបើកចំហទ្វារស្វាគមន៍ទេសចរគ្រប់ជាតិសាសន៍មកកាន់កម្ពុជា ដែលជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ និងមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប ព្រមទាំងការផ្តល់សេវាកម្ម ប្រកបដោយគុណភាព និងស្តង់ដា។ បើតាមឯកឧត្តមរដ្ឋមន្រ្តី កម្ពុជាបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការទទួលបដិសណ្ឋារកិច្ចទេសចរមូស្លីមឱ្យស្របតាមនិន្នាការ និងតម្រូវការទីផ្សារទេសចរណ៍មូស្លីមជាតិ និងអន្តរជាតិ។ ឯកឧត្តម ជឿជាក់ថា តាមរយៈវេទិកាដ៏មានសារៈសំខាន់នេះវានឹងផ្តល់នូវលទ្ធផលវិជ្ជមានក្នុងការជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ដើម្បីប្រែក្លាយកម្ពុជាជាគោលដៅប្រកបដោយភាពទាក់ទាញ ទំនុកចិត្ត និងភាពកក់ក្ដៅជូនដល់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ រួមទាំងភ្ញៀវទេសចរមូស្លីមផងដែរ។
ជាមួយគ្នានេះលោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាបានចាត់ទុកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជាជាវេទិការដ៏សំខាន់មួយក្នុងការបង្ហាញពិភពលោកថា កម្ពុជាមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលស្វាគមន៍ទេសចរមូស្លីម។ ជាងនេះទៅទៀត កម្ពុជាមានការយល់ដឹងខ្ពស់ពីរបៀបរបប នៃការទទួលភ្ញៀវ ក៏ដូចជាការគោរពចំពោះវប្បធម៌ប្រពៃណីរបស់សាសនាមូស្លីមផងដែរ។ បើតាមអ្នកជំនាញរូបនេះ ទេសចរមូស្លីម គឺជាទីផ្សារដ៏ធំមួយនៅលើពិភពលោក ខណៈដែលស្ទើរតែគ្រប់ប្រទេសក្នុងតំបន់អាស៊ានសុទ្ធតែមានប្រជាជនមូស្លីមរស់នៅ ជាពិសេសនៅប្រទេសឥណ្ឌូនេស៊ី ម៉ាទ្បេស៊ី ហ្វីលីពីន និងសិង្ហបុរីជាដើម។
ជាមួយគ្នានេះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាមានសក្តានុពលខ្ពស់ក្នុងការទាក់ទាញភ្ញៀវទេសចរមូស្លីមពីគ្រប់ទិសទី ដ្បិតថា ប្រជាជនកម្ពុជារស់នៅជាមួយគ្នាដោយសុខដុមរមនា គ្មានការរើសអើង និងមានសិទ្ធិសេរីភាពខាងសាសនាយ៉ាងពេញលេញ ដែលនេះជាចំណុចទាក់ទាញ និងផ្តល់ភាពកក់ក្តៅបំផុត។ បន្ថែមលើនេះកម្ពុជាមានផលិតផលទេសចរណ៍យ៉ាងសម្បូរបែបទាំងបែបវប្បធម៌ ធម្មជាតិ និងអេកូទេសចរណ៍។ សម្រាប់អ្នកជំនាញរូបនេះ ការយល់ដឹងកាន់តែស៊ីជម្រៅពីតម្រូវការទូទៅនៃសេវាកម្ម ជាពិសេសអាហារហាឡាល គឺជាកត្តាគន្លឹះដ៏សំខាន់ ដែលអាចឱ្យកម្ពុជាទាក់ទាញភ្ញៀវទេសចរមូស្លីមបានកាន់តែមានប្រសិទ្ធភាពខ្ពស់។
គួរជម្រាបថា នេះគឺជាឆ្នាំទី៣ហើយ ដែលកម្ពុជាបានរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ដោយនៅឆ្នាំ២០២៦ នេះធ្វើឡើងក្រោមមូលបទ«ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្ដល់ទំនុកចិត្តក្នុងការធ្វើដំណើរ»។ បើតាមក្រសួងទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មហាឡាល កម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅស្តង់ដា Muslim-friendly កម្ពុជា ដែលជាឯកសារគោលកំណត់ពីគោលដៅទេសចរណ៍មូស្លីម មូលដ្ឋានអាជីវកម្មទេសចរណ៍មូស្លីម និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ជាមួយនឹងការផ្តល់ទំនុកចិត្តខ្ពស់ជូនទេសចរមូស្លីមផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន