អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា តាមរយៈវិធានការនេះមិនត្រឹមតែជួយជំរុញការវិនិយោគក្នុងខេត្តនេះនោះទេ តែវាក៏ជាផ្នែកមួយក្នុងការជួយចូលស្តារវិស័យអចលនទ្រព្យនៅកម្ពុជា ដែលកំពុងមានការធ្លាក់ចុះឱ្យងើបឡើងវិញផងដែរ។ ធនាគារជាតិនៃកម្ពុជា ព្យាករថា វិស័យអចលនទ្រព្យរបស់កម្ពុជានៅឆ្នាំ២០២៤នេះ នឹងនៅតែមានកំណើនក្នុងកម្រិតទាប។
ក្នុងពិធីដាក់ឱ្យអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤»សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រេចផ្តល់ទិដ្ឋាការពិសេសរយៈពេល៣ឆ្នាំ សម្រាប់វិនិយោគិន ដែលទិញ ឬជួលអចលនទ្រព្យរយៈពេលវែងក្នុងខេត្តព្រះសីហនុ ដែលមានតម្លៃលើសពី១០ម៉ឺនដុល្លារ ដោយប្រភេទនៃទិដ្ឋាការពិសេសនេះត្រូវកំណត់ដោយអនុក្រឹត្យដោយឡែក។ លើសពីនេះ ប្រមុខរាជ រដ្ឋាភិបាល ក៏នឹងជួយសម្រួល និងពន្លឿនការត្រួតពិនិត្យឯកសារ និងបែបបទផ្សេងៗពាក់ព័ន្ធគោលនយោបាយ ច្បាប់ និងនីតិវិធីគយផងដែរ។ ការផ្តល់ភាពអនុគ្រោះទាំងនេះ គឺដើម្បីទាក់ទាញការវិនិយោគ និងដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ពិសេសបញ្ហាសំណង់អគារដែលកំពុងជាប់គាំងតែម្តង។ ទន្ទឹមនឹងការអនុគ្រោះទាំងនេះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញវិធានការ និងគោលនយោបាយសំខាន់ៗមួយចំនួនទៀតផងដែរ សំដៅប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាប៉ូសសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកយន្តការផ្តល់ទិដ្ឋាការពិសេសដល់វិនិយោគិនបរទេសខាងលើ មិនត្រឹមតែជួយលើកទឹកចិត្តដល់វិនិយោគិនដែលមានការវិនិយោគនៅក្នុងខេត្តព្រះសីហនុប៉ុណ្ណោះទេ ថែមទាំង ជួយទាក់ទាញវិនិយោគិនឲ្យមកសម្លឹងឱកាសវិនិយោគ និងជួយស្ដារវិស័យអចលនទ្រព្យកម្ពុជា ដែលកំពុងជួបបញ្ហាឱ្យមានភាពល្អប្រសើរឡើងវិញផងដែរ។ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា បានព្យាករថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា នៅឆ្នាំនេះនឹងបន្តមានកំណើនទាប ហើយនឹងបន្តទទួលបានការគាំទ្រពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ គួបផ្សំនឹងការងើបឡើងវិញសន្សឹមៗនៃតម្រូវការក្នុងស្រុក ដែលផ្ដោតលើលំនៅឋាន ដែលមានតម្លៃសមរម្យ ក្នុងពេលដែលតម្រូវការសំណង់ប្រណីតដែលបម្រើដល់អនិវាសនជនត្រូវបានរំពឹងថានឹងបន្តមានភាពទន់ខ្សោយ។
សូមបញ្ជាក់ថា តាមរយៈកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលទើបដាក់ឱ្យអនុវត្ត វិនិយោគិននឹងទទួលបានការលើកលែងពន្ធលើប្រាក់ចំណូល ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមារយៈពេល៣ឆ្នាំបន្ថែម ការលើកលែងអាករលើតម្លៃបន្ថែម តាមអត្រាសូន្យភាគរយចំពោះការសាងសង់បញ្ចប់ និងការជួសជុលកែលម្អលើអគារដែលជាប់គាំង។ ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យរយៈពេល៥ឆ្នាំ, ការលើកលែងពន្ធអចលនទ្រព្យ និងការលើកលែងទណ្ឌកម្មរដ្ឋបាល។ ការលើកលែងការបង់ថ្លៃសេវាសាធារណៈ និងថ្លៃលើសសន្ទស្សន៍ប្រើប្រាស់ដី ចំពោះការស្នើសុំលិខិតអនុញ្ញាតពាក់ព័ន្ធនឹងការសាងសង់។ ការសម្រួលនីតិវិធី និងបែបបទ នៃការស្នើសុំលិខិតអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនឹងការងារសំណង់៕