ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សេវាកម្មផ្ទេរប្រាក់ជាប្រាក់រៀលដោយផ្ទាល់ពីប្រទេសកូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជានេះ ត្រូវបានចូលរួមក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោក អ៊ុក សារ៉ាត ប្រធាននាយកដ្ឋានប្រព័ន្ធទូទាត់សងប្រាក់នៃធនាគារជាតិនៃកម្ពុជា ឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន លី ហួរ ផេប្រូ ភីអិលស៊ី លោក Subash Poudel សហស្ថាបនិក និងជានាយកប្រតិបត្តិ ប្រតិបត្តិការនៃក្រុមហ៊ុន GME ព្រមទាំងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន លី ហួរ គ្រុប និងក្រុមហ៊ុនបុត្រសម្ព័ន្ធផងដែរ។
ថ្លែងនៅក្នុងកម្មវិធី ឧកញ៉ា លី សុភាព ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ ភីអិលស៊ី បានមានប្រសាសន៍ថា “ការសម្ពោធដាក់ឲ្យប្រើប្រាស់សេវាកម្មថ្មីនេះ នឹងជួយសម្រួលផលលំបាករបស់ប្រជាពលរដ្ឋខ្មែរទាំងអ្នកដែលកំពុងរស់នៅប្រទេសកូរ៉េខាងត្បូង និងនៅប្រទេសកម្ពុជា ដោយមិនបាច់ធ្វើការដោះដូររូបិយប័ណ្ណទៀតនោះឡើយ ដូចនេះពួកគាត់កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុតក្នុងការផ្ញើរលុយតាមរយៈគណនីធនាគារ ឬតាមរយៈលេខកូដ ដោយធ្វើការដកលុយតាមរយៈភ្នាក់ងាររបស់ លី ហួរ វេរលុយ ទូទាំង២៥ រាជធានី ខេត្ត/ក្រុង”
លោក Subash Poudel ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិ ប្រតិបត្តិការ ក្រុមហ៊ុន GME ក៏បានមានប្រសាសន៍ផងដែរថា “ប្រទេសកម្ពុជា និងប្រទេសកូរ៉េខាងត្បូង គឺជាដៃគូរពាណិជ្ជកម្ម និងដៃគូសហការដ៏ល្អនិងគ្នា។ លើសពីនេះ ប្រទេសកូរ៉េខាងត្បូង មានពលករខ្មែរជាច្រើនដែលកំពុងបម្រើការនៅទីនោះ។ ដូច្នេះលោកពិតមានសេចក្តីសោមនស្សរីករាយរំភើបក្រៃលែងដែលបានសហការជាមួយក្រុមហ៊ុន លី ហួរ ផេប្រូ ភីអិលស៊ី ក្នុងការផ្តល់សេវាកម្មប្រកបដោយភាព ងាយស្រួលដល់ពលករខ្មែរ ដែលកំពុងធ្វើការនៅក្នុងប្រទេសកូរ៉េ ក្នុងការផ្ញើប្រាក់ជូនសាច់ញាតិ បងប្អូន មិត្តភ័ក្រ ជាប្រាក់រៀលដោយផ្ទាល់ ជាមួយសុវត្តិភាពខ្ពស់ និងរហ័សទាន់ចិត្ត” ។
ក្រុមហ៊ុន លី ហួរ ផេប្រូ ភីអិលស៊ី និងក្រុមហ៊ុន GME បានសហការគ្នាលើសេវាកម្មផ្ទេរប្រាក់ចាប់តាំងពីឆ្នាំ២០១៩មកម្លេះ ហើយការផ្ទេរប្រាក់នេះទៀតសោតគឺផ្ទេរបានត្រឹមតែរូបិយប័ណ្ណដុល្លារប៉ុណ្ណោះ។ ដើម្បីបំពេញតម្រូវការអតិថិជន សម្រាប់សេវាកម្មថ្មីនេះ អតិថិជនអាចធ្វើការផ្ទេរប្រាក់ជាប្រាក់រៀល ពីប្រទេសកូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជាដោយផ្ទាល់ ហើយងាយស្រួលបំផុត។ អតិថិជនអាចធ្វើការផ្ទេរប្រាក់ជាប្រាក់រៀល ដោយគ្រាន់តែធ្វើការតំឡើងកម្មវិធីរបស់ GME នៅលើទូរស័ព្ទ រួចធ្វើតាមការណែនាំក្នុងការចុះឈ្មោះប្រើប្រាស់។ សូមបញ្ជាក់ផងដែរថា ការផ្ទេរប្រាក់ជាប្រាក់រៀល គឺអាចធ្វើទៅបានតាមរយៈក្រុមហ៊ុន GME និង ក្រុមហ៊ុន លី ហួរ វេរលុយ តែប៉ុណ្ណោះ។
ក្រុមហ៊ុន លី ហួរ ផេប្រ៉ូ (លី ហួរ វេរលុយ) គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ស្របច្បាប់ដែលទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា បង្កើតឡើងនៅចន្លោះឆ្នាំ២០១៦។ គិតមកត្រឹមដំណាច់ខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន លី ហួរ វេរលុយ បានប្រតិបត្តិការទូទាំង២៥ រាជធានី ខេត្ត/ក្រុង ជាមួយភ្នាក់ងារប្រតិបត្តិការអាជីវកម្មប្រមាណជិត៥០០០ ភ្នាក់ងារ។ ក្រុមហ៊ុន លី ហួរ វេរលុយ ផ្តល់សេវាកម្មទូទាត់មួយចំនួនដូចជា៖ វេរលុយ បង់ប្រាក់កម្ចី ស្កេនទូទាត់ប្រាក់/ដាក់/ដកតាមរយៈប្រព័ន្ធបាគង បង់វិក្កយបត្រ ទឹក ភ្លើង សម្រាម បញ្ចូលលុយទូរស័ព្ទ និងទូទាត់សេវាផ្លូវល្បឿនលឿន ៕