ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកមួយនៅភាគខាងត្បូងប្រទេសចិន កំពុងជួបការលំបាកក្នុងការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសរុស្ស៊ី ហើយនោះមិនមែនដោយសារមានបញ្ហាណាមួយជាមួយផលិតផលទាំងនោះទេ គឺដោយសារតែធនាគារធំៗរបស់ប្រទេសចិន កំពុងដកខ្លួនចេញឈប់ពាក់ព័ន្ធនឹងប្រតិបត្តិការទូទាត់បែបនេះដោយសារការព្រួយបារម្ភខ្លាចរងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។
បុរសម្នាក់មានត្រកូល វ៉ាង (Wang) ដែលជាស្ថាបនិកក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក មានមូលដ្ឋាននៅខេត្តគ័ងតុង (Guangdong) ប្រទេសចិន ខាងលើនេះបាននិយាយថា ដើម្បីទូទាត់ថ្លៃទំនិញគ្រឿងអេឡិចត្រូនិករបស់ខ្លួន ក្រុមហ៊ុនរបស់លោកកំពុងពិចារណាប្រើប្រាស់ភ្នាក់ងារប្ដូរប្រាក់ដែលសកម្មនៅតាមព្រំដែនប្រទេសចិន ជាមួយប្រទេសរុស្ស៊ី។
សូមបញ្ជាក់ថា សហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មជាច្រើនលើប្រទេសរុស្ស៊ី និងអង្គភាពនានារបស់រុស្ស៊ីចាប់តាំងពីប្រទេសនេះ បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ពេលនេះ ការគំរាមកំហែងនេះអាចរាលដាលទៅដល់ធនាគារនានា នៅក្នុងប្រទេសចិន ដែលក្រុងវ៉ាស៊ីនតោនចោទប្រកាន់ថា ជាអ្នកជួយជ្រោមជ្រែងធ្វើឱ្យទីក្រុងមូស្គូ មានដង្ហើមសេដ្ឋកិច្ចរឹងមាំដើម្បីបន្តធ្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។
ប្រភពជាច្រើនក្នុងវិស័យពាណិជ្ជកម្ម និងធនាគារដែលស្និទ្ធនឹងស្ថានការណ៍នេះបានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ស្ថានការណ៍នេះកំពុងបង្កបញ្ហាកាន់តែច្រើនឡើងសម្រាប់ក្រុមហ៊ុននាំចេញតូចៗរបស់ប្រទេសចិន។
ប្រភពទាំងនេះនិយាយទៀតថា ខណៈពេលដែលធនាគារធំៗរបស់ប្រទេសចិន ដកខ្លួនឈប់ពាក់ព័ន្ធប្រតិបត្តិការទូទាត់ទាក់ទងនឹងប្រទេសរុស្ស៊ី ក្រុមហ៊ុនចិន មួយចំនួនកំពុងងាកទៅរកធនាគារតូចៗនៅតាមព្រំដែន និងបណ្តាញផ្តល់ហិរញ្ញប្បទានខុសច្បាប់តូចៗដូចជាភ្នាក់ងារប្ដូរប្រាក់ជាដើម និងសូម្បីរូបិយប័ណ្ណឌីជីថលដែលត្រូវបានហាមឃាត់។ ប្រភពដដែលនិយាយថា ធនាគារផ្សេងៗទៀតបានដកខ្លួនចេញពីទីផ្សាររុស្ស៊ី ទាំងស្រុងតែម្ដងដោយសារខ្លាចរងទណ្ឌកម្ម៕
ដោយ: តែម សុខុម