នាយករដ្ឋមន្ត្រីអង់គ្លេស លោកបូរីស ចនសុន បានប្រាប់ទៅកាន់សភាជាតិអង់គ្លេសថា លោកសម្រេចឲ្យមានការស៊ើបអង្កេតលើក្រុមហ៊ុនចិននេះ គឺដោយសារតែ ទីប្រឹក្សាសន្តិសុខជាតិអង់គ្លេសបានរកឃើញថា វាអាចជាការគំរាមកំហែង ដល់អនាគតនៃវិស័យបច្ចេកវិទ្យាបន្ទះឈីបរបស់អង់គ្លេស។
លោក បូរីស ចនសុន បានគូបញ្ជាក់ទៀតថា អង់គ្លេសនិងវិនិច្ឆយឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាថា ការទិញយកក្រុមហ៊ុនអង់គ្លេសពីសំណាក់ក្រុមហ៊ុនចិននេះ និងមិនបានរំលោភលើកម្មសិទ្ធិបញ្ញា មិនគំរាមកំហែងដល់សន្តិសុខជាតិ ហើយក៏ដើម្បីធានាថា ផលប្រយោជន៍របស់ក្រុមហ៊ុននឹងមិនបានធ្លាក់ទៅលើរដ្ឋាភិបាលក្រុងប៉េកាំងនោះទេ។
គួររំឭកថា រដ្ឋាភិបាលលោកបូរីស ចនសុនកន្លងមកក៏ធ្លាប់បានហាមប្រាមក្រុមហ៊ុនចិន ហួវ័យ (Huawei) មិនឲ្យចូលរួមអភិវឌ្ឍបណ្តាញ 5G នៅអង់គ្លេសផងដែរ ក្រោមហេតុផលដូចគ្នា គឺបារម្ភពីការគម្រាមកំហែងដល់សន្តិសុខជាតិអង់គ្លេស ពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំង។ស្របពេលដែលបច្ចុប្បន្ន រដ្ឋាភិបាលអង់គ្លេសទំនងជាមានទំនោរ ក្នុងការប្រើវិធីសាស្ដ្រដដែលដើម្បីរារាំងចិន ទាក់ទងនឹងឧស្សាហកម្មបន្ទះឈីបផងដែរ។
គួរជម្រាបថា ក្រុមហ៊ុនបន្ទះឈីបអង់គ្លេសឈ្មោះ Newport Wafer Fab ដែលក្រុមហ៊ុនចិនចង់ទិញយកនេះ ជាក្រុមហ៊ុនផលិតបន្ទះឈីបនឹងគ្រឿងបង្គុំអេឡិចត្រូនិកដ៏ធំរបស់អង់គ្លេស ភាគច្រើនផ្គត់ផ្គង់ដល់ការផលិតរថយន្តទំនើបៗ និងក្រៅពីនោះក្រុមហ៊ុនក៏ផ្តោតសំខាន់លើឧបករណ៍អេឡិចត្រូនិកសំខាន់ៗដែលបម្រើឲ្យវិស័យប្រព័ន្ធបច្ចេកវិទ្យា5G ផងដែរ។
សូមបញ្ជាក់ថា ទោះបី Newport Wafer Fab ជាសហគ្រាសផលិតឈីប និងគ្រឿងបង្គុំអេឡិចត្រូនិចធំជាងគេនៅអង់គ្លេសក្តី ប៉ុន្តែវានៅតែមានទំហំតូច បើធៀបនឹងស្តង់ដាររបស់សហគ្រាស នៅសហរដ្ឋអាមេរិក និងនៅប្រទេសក្នុងតំបន់អាស៊ីមួយចំនួន៕