ផែនការវិនិយោគសម្រាប់ឆ្នាំសារពើពន្ធ២០២៤ របស់ក្រុមហ៊ុនបន្ទះឈីបទាំង១០ ដូចជា ក្រុមហ៊ុន Intel និងក្រុមហ៊ុន Samsung ជាដើម បានបង្ហាញពីការធ្លាក់ចុះជាង៩ពាន់លានដុល្លារមកនៅត្រឹមជាង១២៣ពាន់លានដុល្លារ ដោយបានធ្លាក់ចុះ២% បើបៀបនឹងឆ្នាំសារពើពន្ធ២០២៣ ដោយសារតែការធ្លាក់ចុះតម្រូវការទូរសព្ទស្មាតហ្វូន និងរថយន្តអគ្គិសនី។
ក្រុមហ៊ុនផលិតបន្ទះឈីបបានកាត់បន្ថយការវិនិយោគនៅក្នុងសារពើពន្ធឆ្នាំ២០២៣ ខណៈតម្រូវការសម្រាប់ទូរសព្ទស្មាតហ្វូន និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗទៀតបានធ្លាក់ចុះពីកម្រិតខ្ពស់នៅក្នុងសម័យកាលជំងឺកូវីដ-១៩ គួបផ្សំនឹងការធ្លាក់ចុះសេដ្ឋកិច្ចរបស់ចិន ធ្វើឱ្យប៉ះពាល់ដល់ទីផ្សារឧបករណ៍បន្ទះឈីបឧស្សាហកម្ម។
ក្រុមហ៊ុន Intel បានកាត់បន្ថយការវិនិយោគរបស់ខ្លួនពី៣០ពាន់លានដុល្លារមកនៅត្រឹម២៥ ពាន់លានដុល្លារក្នុងសារពើពន្ធឆ្នាំ២០២៤ ក្រោយខាតបង់អស់ជាង១៦ពាន់លានដុល្លារក្នុងត្រីមាសទី៣ឆ្នាំមុន។ ចំណែការវិនិយោគរបស់ក្រុមហ៊ុន Samsung Electronics បានធ្លាក់ចុះ១% មកនៅត្រឹម៣៥ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៥ឆ្នាំ។
ពាក់ព័ន្ធនឹងបន្ទះឈីបនេះដែរ ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានបង្ហាញពីវិធាននៃការពង្រីកការត្រួតពិនិត្យថែមទៀត ចំពោះការនាំចេញបច្ចេកវិទ្យាថ្មីៗ ក្នុងបំណងរារាំងប្រទេសចិន មិនឱ្យទទួលបានបន្ទះឈីបកម្រិតខ្ពស់ និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមួយចំនួនតាមរយៈប្រទេសទីបី៕
អត្ថបទ៖ សុខ មង្គល