ក្រុមហ៊ុន Novavax បានចាប់ផ្ដើមធ្វើការលើកំណែទម្រង់វ៉ាក់សាំង តាំងពីថ្ងៃទី ២៦ វិច្ឆិកា មកម្ល៉េះដើម្បី បង្កើនប្រព័ន្ធការពាររាងកាយបន្ថែមទៀត ប្រឆាំងនឹងមេរោគកូវីដ១៩បំប្លែងថ្មី។ អ្នកនាំពាក្យក្រុមហ៊ុននេះ បានឱ្យដឹងថា ការងារដំបូងនៃកំណែទម្រង់វ៉ាក់សាំងនេះ នឹងចំណាយពេលពី ២ ទៅ ៣សប្តាហ៍។
ដោយឡែក សម្រាប់ក្រុមហ៊ុន Pfizer បាននិយាយថា ខ្លួនអាចធ្វើការអភិវឌ្ឍវ៉ាក់សាំង ប្រសិនបើមេរោគបំប្លែងថ្មី អូមីក្រុង ត្រូវបានរកឃើញថា មានភាពធន់នឹងវ៉ាក់សាំងដែលកំពុងប្រើរបស់ខ្លួននាសព្វថ្ងៃនេះ។ ទន្ទឹមនេះ ក្រុមហ៊ុនមិនទាន់ច្បាស់ ថាតើវ៉ាក់សាំងដែលមានស្រាប់ អាចការពារប្រឆាំងនឹងមេរោគបំប្លែងថ្មីនេះបាន ឬអត់នោះទេ។ ទោះយ៉ាងណា ក្រុមហ៊ុន Pfizer នឹងអាចផលិត ធ្វើកំណែទម្រង់នៃការផលិតវ៉ាក់សាំងកូវីដ១៩របស់ខ្លួនឡើងវិញក្នុងរយៈពេល ១០០ ថ្ងៃខាងមុខនេះ។សូមជម្រាបថា ក្រៅពីក្រុមហ៊ុន ២ ធំៗខាងលើ ក៏មានក្រុមហ៊ុន Moderna និង Johnson & Johnson ផងដែរ ដែលកំពុងរៀបចំ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង ដែលអាចកើតមានដោយមេរោគ អូមីក្រុង។ Moderna បាននិយាយថា ខ្លួនគ្រោងនឹងសាកល្បងវ៉ាក់សាំងដូសជំរុញជាក់លាក់មួយ ក្នុងករណីដែលវ៉ាក់សាំងបច្ចុប្បន្នរបស់វាត្រូវបានរកឃើញថា គ្មានប្រសិទ្ធភាពប្រឆាំងនឹងមេរោគថ្មីនេះ។ ខណៈ ក្រុមហ៊ុន Jonhson & Jonhson ក៏កំពុងធ្វើតេស្តប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងជំងឺបំប្លែងថ្មីនេះផងដែរ។
សូមបញ្ជាក់ថា ពេលនេះ ប្រទេសធំៗបីនៅអឺរ៉ុបរួមមាន អង់គ្លេស អាឡឺម៉ង់ និងអ៊ីតាលី បានប្រកាសរកឃើញកូវីដ១៩បំប្លែងខ្លួនថ្មី ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុនមក ហើយ ប្រទេសអង់គ្លេស បានដាក់ចេញជំហានថ្មីដើម្បីឆ្លើយតប និងទប់ស្កាត់ពីការរាលដាលកាន់តែខ្លាំង ខណៈពេលដែលប្រទេសជាច្រើនទៀត មិនថាតែនៅអឺរ៉ុបនោះទេ បានចាប់ផ្តើមដាក់បម្រាមលើជើងហោះហើរចេញចូលអាហ្វ្រិច ជាបន្តបន្ទាប់ផងដែរ៕