តាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន VN Express រដ្ឋសភាជាតិនៃប្រទេសវៀតណាមកាលពីខែមុនបានអនុម័តលើការសាងសង់ផ្លូវល្បឿនលឿនចំនួន ១២ ខ្សែ ពីភាគខាងជើងទៅភាគខាងត្បូងដែលមានប្រវែងសរុបប្រមាណ ៧៣០ គីឡូម៉ែត្រ។ ការសាងសង់ផ្លូវល្បឿនលឿនទាំង ១២ ខ្សែនេះ នឹងត្រូវចំណាយថវិការសរុបប្រមាណ ៦ពាន់៥រយលានដុល្លារ ដែលត្រូវបានផ្តល់មូលនិធិដោយរដ្ឋាភិបាល។
ការសាងសង់ផ្លូវល្បឿនលឿន Dong Dang – Tra Linh ប្រវែង ៩៣ គីឡូម៉ែត្រ រវាងខេត្ត Lang Son និង Cao Bang គ្រោងនឹងចាប់ផ្តើមនៅចុងឆ្នាំនេះ ដែលនឹងមានផ្លូវចំនួន ៤គន្លង និងកំណត់ល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។
បន្ថែមពីនេះ វៀតណាមក៏នឹងពង្រីកផ្លូវល្បឿនលឿនមួយខែទៀតប្រវែង ២២គីឡូម៉ែត្រ ទៅកាន់ព្រំដែនខេត្ត Tra Linh បន្ទាប់ពីឆ្នាំ ២០២៥ផងដែរ។ ផ្លូវល្បឿនលឿនទាំងនេះ ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយពេលវេលាធ្វើដំណើរដល់ទៅពាក់កណ្តាល ពោលគឺក្នុងធ្វើដំណើររវាងទីក្រុងហាណូយ និងខៅបាង Cao Bang ចំណាយពេលវេលាត្រឹមបីម៉ោងប៉ុណ្ណោះ។
គួរបញ្ចាក់ថា គោលបំណងដែលប្រទេសវៀតណាមសាងសង់គម្រោងផ្លូវល្បឿនលឿនធំៗទាំងនេះឡើងគឺដើម្បីកាត់បន្ថយចរាចរណ៍នៅតាមដងផ្លូវ និងសម្រួលដល់ការងារដឹកជញ្ជូនឲ្យកាន់តែប្រសើរឡើង ខណៈដែលប្រទេសនេះ កំពុងជួបបញ្ហាកកស្ទះចរចាកាន់តែខ្លាំងពិសេសនៅតាមតំបន់ប្រជុំជន និងទីក្រុងសំខាន់ៗ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន