លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ក្រុមការងារខេមបូណូមីសថា រមណីយដ្ឋានទេសចរណ៍ ក៏ជាសហគមន៍ទេសចរណ៍ក្នុងខេត្តកំពត ទើបតែបើកដំណើរការឡើងវិញបានប្រហែល ៥០%ទៅ៦០% ប៉ុណ្ណោះ ខណៈដែលរមណីយដ្ឋានដទៃទៀតកំពុងតែរៀបចំឡើងវិញ ដោយមានការអនុវត្តវិធានការសុខាភិបាលឲ្យបានហ្មត់ចត់ នៅតាមតំបន់ទាំងនោះផងដែរ។ ប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ បានបន្ថែមថា ថ្វីត្បិតរមណីយដ្ឋានបានបើកដំណើរការច្រើនគួរសមក៏ពិតមែន តែមិនសូវមានភ្ញៀវទេសចរច្រើនទៅទេ កន្លែងខ្លះគ្មានភ្ញៀវសោះតែម្តង។
មិនខុសពីខេត្តកំពតប៉ុន្មានទេ នៅឯខេត្តមណ្ឌលគិរីឯណេះវិញ រមណីយដ្ឋាននានាបានបើកស្វាគមន៍ភ្ញៀវទេសចរឡើងវិញហើយដែរ នៅឡើយតែអ្នកទេសចរ មិនសូវមាននោះទេ ដោយសារក្នុងរយៈពេល២សប្តាហ៍មកនេះ មានភ្ញៀវទេសចរតែជាង ៤០នាក់ប៉ុណ្ណោះ ដែលបានទៅលេងខេត្តនេះ។ នេះបើតាមការបញ្ជាក់ ពីលោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ។ លោកបានគូសបញ្ជាក់ថា បើសិនជាបញ្ហានេះ នៅតែបន្តអូសបន្លាយ នោះនៅឆមាសទី១ឆ្នាំនេះចំនួនភ្ញៀវទេសចរខេត្តមណ្ឌលគិរីនឹងមានការថយចុះមិនខាន។
ចំណែកនៅខេត្តសៀមរាបឯណេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រាប់ក្រុមការងារខេមបូណូមីសដែរថា ព្រោះតែការផ្ទុះឡើងនៃព្រឹត្តការណ៍សហគមន៍២០កុម្ភៈ វិស័យទេសចរណ៍ខេត្តសៀមរាប បានរងទុក្ខកាន់តែខ្លាំងថែមមួយកម្រិតទៀត ដោយសារបច្ចុប្បន្ន មានភូមិ និងទីតាំងមួយចំនួនបានបិទខ្ទប់ជាបន្តបន្ទាប់។ ចំពោះការបើកដំណើរការឡើងវិញ នូវរមណីយដ្ឋានទេសចរណ៍ក្នុ្ងងខេត្តសៀមរាបវិញ ត្រូវបានលោក ងូវ សេងកាក់ អះអាងថា មានរមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍ មួយចំនួនបានបើកវិញហើយ ខណៈដែលមួយចំនួនទៀតកំពុងរៀបចំនៅឡើយ ដើម្បីឲ្យប្រាកដថា នឹងមិនមានការឆ្លងរីករាលដាល នៅពេលដែលភ្ញៀវទេសចរណ៍ទៅកម្សាន្ដ។
បើតាមឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា រយៈពេលមួយសប្តាហ៍នេះ កម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួនត្រឹមតែជិត៩ពាន់នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិជិត៨ពាន់នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងជាង ២០០ នាក់។
ឯកឧត្តម រដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា ចំនួនភ្ញៀវទេសចរផ្ទៃក្នុង គឺនៅមានចំនួនតិចតួចនៅឡើយ បើប្រៀបធៀបជាមួយស្ថានភាពមុនព្រឹត្តិការណ៍២០ កុម្ភៈ ខណៈគោលដៅទេសចរណ៍ទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល អាជ្ញាធរមិនទាន់អនុញ្ញាតឲ្យបើកឡើងវិញទេ។ដោយឡែក តាមបណ្តាខេត្តផ្សេងៗ រដ្ឋបាលខេត្តមានការប្រយ័ត្នប្រយែងខ្លាំងក្នុងការបើករមណីយដ្ឋាន និងគោលដៅទេសចរណ៍ឡើងវិញ ដោយពុំទាន់អនុញ្ញាតឲ្យបើកឡើងវិញទាំងស្រុង និងនៅបន្តអនុវត្តវិធានការរឹតត្បិតការធ្វើដំណើរ និងការចេញចូលតំបន់សំខាន់ៗ ពិសេសគោលដៅទេសចរណ៍៕