ផ្សារម៉ាក្រូសាខាទី២ សៀមរាបនេះ ត្រូវបានថ្នាក់ដឹកនាំផ្សារម៉ាក្រូប្រចាំនៅកម្ពុជាអះអាងថា មានការវិនិយោគទឹកប្រាក់ប្រមាណ ២០លានដុល្លារ ដែលទំហំផ្ទៃដីសាងសង់ទំហំ ៥,៥ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគង ក្រុងសៀមរាប ខេត្តសៀមរាប។
សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងនៅក្នុងពិធីបើកសម្ពោធ ផ្សារម៉ាក្រូសាខាទី២ ខេត្តសៀមរាប ឲ្យដឹងថា ការបង្កើតមជ្ឈមណ្ឌលចែកចាយទំនិញ ដែលមានគុណភាព និងសុវត្ថិភាព ជាមួយតម្លៃសមរម្យនេះ នឹងជំរុញ សក្តានុពលតំបន់សក្តានុពលទេសចរណ៍ ឲ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំប្រចាំតំបន់ ជាពិសេស គឺទាក់ទាញការវិនិយោគដោយផ្ទាល់មកពីបរទេស ដែលអាចប្រែក្លាយទៅជា តំបន់សេដ្ឋកិច្ចពិសេស ថែមទៀតផង។
សម្តេច ពិជ័យសេនា ទៀ បាញ់ បន្តថា វត្តមានផ្សារ ម៉ាក្រូ នៅខេត្តសៀមរាប នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា របស់វិស័យឯកជន ហើយក៏ជាសារមួយបង្ហាញពិភពលោកថា កម្ពុជាកំពុងតែមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលពោរពេញដោយឱកាសក្នុងការវិនិយោគ និងទទួលបានការទុកចិត្តពី សំណាក់វិនិយោគិនថៃ មកលើប្រទេសកម្ពុជា។
លោកជំទាវ ស៊ូឆាដា អ៊ិធិចារឹគុល នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្យ៉ាម ម៉ាក្រូ បានឲ្យដឹងដែរថា វត្តមានរបស់ ផ្សារម៉ាក្រូ នៅក្នុងខេត្តសៀមរាប នឹងចូលរួមចំណែកដល់ភាពរីកចម្រើននៃ សេដ្ឋកិច្ចកម្ពុជា តាមរយៈ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ដោយនាំមកនូវ ការគ្រប់គ្រងចំណីអាហារ ប្រកបដោយសុវត្ថិភាព ជាមួយនឹងតម្លៃប្រកួតប្រជែង និងផ្តល់នូវជម្រើសគ្រប់បែបយ៉ាង សម្រាប់ម្ចាស់អាជីវកម្ម និងដៃគូពាណិជ្ជកម្ម។
ផ្សារម៉ាក្រូ គឺជាផ្សារលក់បោះដុំទំនិញថៃ ដ៏ធំមួយនេះ ជាការបោះទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប (LYP Group) ដែលគ្រប់គ្រងដោយមហាសេដ្ឋីស្រុកខ្មែរ គឺអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលកាន់កាប់ភាគហ៊ុនចំនួន ៣០ភាគរយ និង ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែលគ្រប់គ្រងកាន់កាប់ដោយមហាសេដ្ឋីលេខ១ របស់ប្រទេសថៃ គឺលោក ថានីន ជារ៉ាវ៉ានុន (Dhanin Chearavanont) ដែលកាន់កាប់ភាគហ៊ុនចំនួន ៧០ភាគរយ។
ផ្សារ ម៉ាក្រូ ដែលបើកក្រោមស្លាកក្រុមហ៊ុន ម៉ាក្រូ (ខេមបូឌា) ជាសម្ព័ន្ធសហគ្រាសចម្រុះរវាង ក្រុមហ៊ុន Siam Makro Public Company Limited របស់ថៃ។ ផ្សារនេះ ស្តុកលក់ទំនិញបោះដុំរហូតដល់ជាង ១ម៉ឺនមុខ ហើយផ្សារនេះ ត្រូវគេមើលឃើញថា នឹងដើរតួជាអ្នកផ្គត់ផ្គង់ផលិតផលម្ហូបអាហារដ៏ធំ និងសំខាន់ជាងគេមួយ សម្រាប់វិស័យលក់រាយនៅកម្ពុជា។
លោក យ៉ុត្តាផម ចារឺនសុខ (Yuttapoom Jarernsuk) អគ្គនាយកគ្រប់គ្រងក្រុមហ៊ុនផ្សារ ម៉ាក្រូ ប្រចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ដែរថា ខេត្តសៀមរាប គឺជាខេត្តគោលដៅរបស់យើង ព្រោះសម្បូរទៅដោយ ភ្ញៀវទេសចរណ៍ ដូច្នេះហើយ យើងជាអ្នកលក់ដុំ និងផ្គត់ផ្គង់បន្តទៅឲ្យ សណ្ឋាគារ ភោជនីយដ្ឋាន និងអាជីវកម្មលក់រាយ ដែលបម្រើដល់ ភ្ញៀវទេសចរណ៍ទាំងអស់នោះ។
លោកបន្តថា លើសពីនេះទៅទៀត ផ្សារម៉ាក្រូ សៀមរាប មានទំនិញស្រស់ៗជាច្រើនមុខ ដោយសារភ្ញៀវទេសចរណ៍ ចូលចិត្តផលិតផលថ្មីៗ ហើយក៏មានបណ្តុំអាជីវកម្មចម្រុះ នៅក្នុងផ្សារនេះផងដែរ ដែលរួមមាន ហាងកាហ្វេ អាហារដ្ឋាន ហាងលក់គ្រឿងអលង្ការ ហាងលក់ឧបករណ៍អេឡិចត្រូនិក និងហាងយីហោល្បីៗជាច្រើន។
របាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឲ្យដឹងថា ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ២០១១ វិនិយោគិនថៃ បានបោះទុនវិនិយោគនៅកម្ពុជាប្រមាណតែ ៣៨លានដុល្លារ ក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែទំហំពាណិជ្ជកម្ម បានបន្តកើនឡើងពី ៥,៦ ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៦ រហូតដល់ជាង ៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧ ហើយប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ រំពឹងនឹងអាចបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រហូតដល់ ១៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០ខាងមុខនេះ។
តាមការបញ្ជាក់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា ការវិនិយោគក្នុង វិស័យលក់រាយ និងសេវាកម្ម ក៏ដូចជា វិស័យសណ្ឋាគារ និងបដិសណ្ឋាកិច្ចនៅកម្ពុជា គឺជាកម្លាំងចលកររុញច្រានកំណើនសេដ្ឋកិច្ច ក្នុងឆ្នាំ ២០១៨កន្លងទៅ ឲ្យកើនដល់ ៧,៣ភាគរយ និងនៅតែដើរតួនាទីស្នូល ក្នុងការរក្សាកំណើនសេដ្ឋកិច្ចកម្ពុជា ឲ្យនៅថេររង្វង់ ៧,១ភាគរយ ក្នុងឆ្នាំ ២០១៩នេះផងដែរ៕