Makro គឺជាផ្សារទំនើបស្តុកលក់ទំនិញបោះដុំរាប់ពាន់មុខធំជាងគេបង្អស់របស់ថៃ គ្រោងនឹងបើកដំណើរការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាចុងឆ្នាំ២០១៧ខាងមុខនេះហើយ។
នេះបើយោងតាមការអះអាងពីបុគ្គលិកក្រុមហ៊ុន Makro Cambodia ដែលបានបង្ហើបប្រាប់សារព័ត៌មាន អេឡិចត្រូនិក ខេមបូណូមិស។ ផ្សារទំនើបលក់បោះដុំទំនិញដ៏ធំមួយនេះ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន អិលវ៉ាយភី គ្រុប ដែលគ្រប់គ្រងដោយមហាសេដ្ឋីស្រុកខ្មែរ គឺអ្នកឧកញ៉ា លី យ៉ុងផាត់ ដែលកាន់កាប់ភាគហ៊ុនចំនួន ៣០ភាគរយ និងក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែលគ្រប់គ្រងដោយមហាសេដ្ឋីលេខ១ របស់ប្រទេសថៃ គឺលោក ដានីន ជារ៉ាវ៉ានុន (Dhanin Chearavanont) កាន់កាប់ភាគហ៊ុនចំនួន៧០ភាគរយ។
Makro គឺជាក្រុមហ៊ុនមួយដែលស្ថិតក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ស៊ី.ភី. គ្រុប ដែលជាក្រុមហ៊ុនកសិពាណិជ្ជកម្មធំជាងគេរបស់ថៃ ដូចគ្នាទៅនឹងក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ដែលជាក្រុមហ៊ុនផលិតចំណីសត្វធំជាងគេនៅក្នុងប្រទេសកម្ពុជា។
ផ្សារទំនើប Makro នេះ សាងសង់នៅលើផ្ទៃដីប្រមាណជាង ៥ហិកតា ដែលមានកម្ពស់២ជាន់ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប ពោងពាយ របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅក្បែរគ្នានឹងផ្សារទំនើប អ៊ីអន (AEON) ទី២ របស់ជប៉ុនដែលកំពុងសាងសង់ផងដែរ។
បច្ចុប្បន្ន ក្រុមហ៊ុនកំពុងតែជ្រើសរើសបុគ្គលិកចំនួនជាង ២០០នាក់ សម្រាប់បម្រើការងារនៅក្នុងផ្សារទំនើបលក់ទំនិញបោះដុំដ៏ធំមួយនេះ។
សូមបញ្ជាក់ថា បើតាមគម្រោងនៅក្នុងឆ្នាំនេះ មានក្រុមហ៊ុនផ្សារទំនើបធំៗចំនួនពីរដែលមកពីប្រទេសថៃ ដែលនឹងបោះទីតាំងប្រតិបត្តិការអាជីវកម្មនៅកម្ពុជា។ ជាក់ស្តែងថ្មីៗនេះ សារព័ត៌មានអេឡិចត្រូនិក ខេមបូណូមិស បានចុះផ្សាយថា ក្រុមហ៊ុនសិនត្រាល់ គ្រុប គឺជាក្រុមហ៊ុនលក់រាយដ៏ធំជាងគេបំផុតនៅប្រទេសថៃ គ្រោងនឹងបោះទីតាំងវិនិយោគរបស់ខ្លួនជាលើកដំបូងនៅប្រទេសកម្ពុជា។
👉 ដឹងទីតាំងដែលគេគ្រោងសាងសង់ផ្សារទំនើបធំបំផុតរបស់ថៃ នៅភ្នំពេញហើយ!
រៀងរាល់ឆ្នាំ ប្រទេសថៃបានធ្វើការជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយកម្ពុជា តាមរយៈការនាំចូលទំនិញជាច្រើនប្រភេទមកដាក់តាំងលក់នៅក្នុងពិព័រណ៍ពាណិជ្ជកម្មថៃនៅកម្ពុជា។ 👉 ផលិតផលថៃបន្តវាយលុកក្នុងទីផ្សារកម្ពុជាជាមួយនឹងការចំណេញប្រាក់រាប់ពាន់លានដុល្លារ !
តាមការសង្កេតមើល ពលរដ្ឋខ្មែរមួយចំនួនតែងតែនិយមចូលចិត្តប្រើប្រាស់ផលិតផលថៃ ដោយបានអះអាងថា ផលិតផលថៃមានគុណភាពល្អ និងមានតម្លៃសមរម្យ។ កម្ពុជាគឺជាទីផ្សារសំខាន់សម្រាប់ការនាំចេញរបស់ថៃ។ ហើយកម្ពុជាមានតម្រូវការខ្ពស់លើទំនិញឧស្សាហកម្ម និងទំនិញមូលដ្ឋានផ្សេងទៀត៕